សម្តេច​តេ​ជោ ហ៊ុន សែន ដាក់ចេញ​ផែនការ ៧​ចំណុច ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ត្រី​កម្ពុជា

08-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួម​និង​អង្គការ​សង្គម​ស៊ីវិល ជា​ដៃគូ​ផងដែរ​ឲ្យ​រួមគ្នា​លើកកម្ពស់​សិទ្ធិ​ស្ត្រី​កម្ពុជា និង​បាន​ដាក់ចេញ​នូវ​ផែនការ​ចំនួន ៧​ចំណុច ឲ្យ​ក្រសួង​ស្ថាប័ន និង អង្គការ​សង្គម ស៊ីវិល​ជា​ដៃគូ​អនុវត្តន៍ ដើម្បី​ជួយ​ឲ្យ​ស្ថានភាព​រស់នៅ​របស់​ស្ត្រី​កម្ពុជា បាន​កាន់តែ​ល្អប្រសើរ​។​

​ការ​ថ្លែង​អំពាវនាវ​របស់​សម្តេច​តេ​ជោ បាន​ធ្វើឡើង​ក្នុងឱកាស ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨ មីនា ខួប​លើក​ទី​១០៥ នៅ​វិមាន​សន្តិភាព​នា​ព្រឹក​មិញ​នេះ​។ សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​រំពឹងថា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​កិច្ចការនារី នឹង​ប្រឹងប្រែង​រួមគ្នា​ធ្វើការ​លើកកម្ពស់​សិទ្ធិ និង​ការងារ​របស់​ស្ត្រី​កម្ពុជា ឲ្យ​មាន​ប្រសិទ្ធភាព​។​

​ផែនការ ៧​ចំណុច ដែល​សម្តេច​តេ​ជោ បានដាក់​ចេញ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ស្ត្រី​កម្ពុជា​នេះ រួមមាន​៖

១. ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បញ្ចូល​សកម្មភាព ដែល​បាន​ឯកភាពគ្នា​ក្នុង​ផែនការ​នារីរតនៈ​ទី​៤ និង ផែនការ​ជាតិ​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន ហើយ​ត្រូវ​បែងចែក​ថវិកា​សម្រាប់​អនុវត្តន៍ និង ពិនិត្យ​តាមដាន​ការងារ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​។
២. នៅពេល​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា និង ផែនការ​ប្រចាំឆ្នាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ណែនាំ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់ ឲ្យ​បញ្ជាក់​ពី​លទ្ធផល​ក្នុង​ឆ្នាំ និង​លទ្ធផល​ចុងក្រោយ​នីមួយៗ​អំពី​អត្ថប្រយោជន៍ ដែល​ស្ត្រី និង​ក្រុម​ជន​ងាយ​រងគ្រោះ​បានទទួល​។​
៣. អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍ សូម​បន្ត​រៀបចំ​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​ឲ្យ​ស្រប​ទៅ​និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ផែនការ​នារីរតនៈ​ទី​៤ និង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ជាពិសេស​អភិក្រម​គ្រប់គ្រង​ទូទាំង​កម្មវិធី​សម្រាប់​សមភាព​យេនឌ័រ ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​រួមគ្នា​។​
៤. គណ​នយោបាយ​គួរ​ដាក់​បេក្ខភាព​ស្ត្រី​នៅ​លំដាប់​លេខ​រៀង ដែល​អាច​ជាប់​ក្នុងការ​បោះឆ្នោត ជាពិសេស​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅពេល​ខាងមុខ​។​
៥. ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​ត្រូវ​បន្ត​អប់រំ បណ្តុះបណ្តាល និង​កសាង​សមត្ថភាព​ធនធាន​ស្ត្រី ដែល​ត្រូវ​បន្ត​ពង្រឹងគុណភាព នៃ​ការអប់រំ ពិសេស​ការអប់រំ​ស្ត្រី​វ័យក្មេង និង​ក្មេងស្រី ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ភាព​អង់អាច​ក្លាហាន​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ត្រី ឲ្យ​កាន់តែ​ប្រសើរឡើង និង​ពង្រឹង​សម្ព័ន្ធភាព​រវាង​មាតា បិតា និង​គ្រឹះស្ថានសិក្សា ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​
៦. យុវជន យុវនារី ត្រូវខិតខំ​រៀនសូត្រ​ប្រកាន់ខ្ជាប់​នូវ​សិ​ល​ធម៌  និង​ត្រូវ​ប្រែក្លាយ​ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ទាំងឡាយ​ឲ្យ​ផលិតភាព​ខ្ពស់ ទទួលបាន​នូវ​ការងារ​មានតម្លៃ​បន្ថែម ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​នៅក្នុង​តំបន់​ស្របទៅនឹង​បរិ​ការ និង​បច្ចុប្បន្នភាព នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ខ្លួនឯង គ្រួសារ សហគមន៍ និង​សង្គមជាតិ​។​
៧. វិស័យ​ឯកជន​សូម​បន្ត​ចូលរួមចំណែក​ជួយ​លើកកម្ពស់​សមភាព​យេនឌ័រ និង​មាន​ភាពបត់បែន​ឲ្យ​មាន​តុល្យភាព​រវាង​ការងារ និង​គ្រួ សារ ព្រមទាំង​សហការ​ជាមួយ​ស្ថាប័ន​ចាត់វិធានការ​ក្នុង​ការបង្ក​បរិយាកាស​ការងារ និង​បង្កើត​លក្ខខណ្ឌ​ការងារ​សមរម្យ​សម្រាប់​ស្ត្រី​៕

ចំនួនអ្នកទស្សនា

    20630887

  • ថ្ងៃនេះ6761
  • ម្សិលមិញ10851
  • សប្តាហ៍នេះ73281
  • ខែនេះ188431
  • ឆ្នាំនេះ188431
  • សរុប20630887