ព្រះសីហនុ៖ ប្រជាពលរដ្ឋជិត៣០នាក់ តំណាងឲ្យប្រជាពលរដ្ឋ៩០គ្រួសារ រស់នៅចំណុចអតីតមហាស្រពភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ បាននាំគ្នាផ្ទុះការតវ៉ា ដល់ផ្ទះអភិបាល ខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន តែម្តងដើម្បីសុំឲ្យផ្អាកការសង់បង្គន់អាចម៌ នៅចំកណ្តាលសួនច្បារ ដែលនាំឲ្យជះក្លិន និងប៉ះពាល់ សោភ័ណភាព នៅទីរួមខេត្តតែម្តង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានប្រតិកម្ម ចំពោះអាជ្ញាធរខេត្ត ដែលបានយកទីតាំងអតីតមហាស្រព ធ្វើជាកន្លែងចំណតរថយន្ត របស់ក្រុមហ៊ុន ដឹកជញ្ជូន តែប្រជាពលរដ្ឋទុកពេលឲ្យអាជ្ញាធរ ដោះស្រាយជូនបន្តទៀត ពីព្រោះយល់ថា ជាការទុកបណ្តាះអាសន្នទំរាំយកទៅកន្លែងថ្មី។
យោងតាមពាក្យបណ្តឹងរបស់ ប្រជាពលរដ្ឋ៩០គ្រួសារ ដែលដាក់ជូនអភិបាលខេត្តព្រះសីហនុ ហើយ ទទួលបាននៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ពួកគាត់សុំឲ្យ ជួយទប់ស្កាត់ក្រោយពីបានឃើញលិខិតចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ របស់លោក សំ សំអាត អភិបាលរងខេត្ត និងលិខិតរបស់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានសម្រេចឲ្យក្រុមហ៊ុនទទួលសិទ្ធិប្រមូលភាស៊ី លើចំណតរថយន្តក្រុមហ៊ុន ដឹកជញ្ជូនជាច្រើន ក្រុមហ៊ុនមកដាក់ចំណតរថយន្ត និងសង់បង្គន់បន្ទប់ទឹក នៅខាងមុខលំនៅដ្ឋាន និងនៅលើផ្លូវសាធារណៈ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថានដែលពួកគាត់រស់នៅទីនោះ។
តំណាងប្រជាពលរដ្ឋម្នាក់ សូមមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់ថា៖ នៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះថា ដោយសារតែមិនពេញចិត្តចំពោះបញ្ហានេះ ទើបប្រជាពលរដ្ឋជិត៣០នាក់ បានទៅជួបជាមួយអភិបាលខេត្ត ដើម្បីសុំឲ្យគាត់ទប់ស្កាត់ ការសាងសង់បង្គន់អាចម៌ នៅកណ្តាលសួនច្បារ ជាទីកន្លែងហាត់ប្រាណរាល់ថ្ងៃ និងមានផ្ទះសម្បែងលក់ដូរនៅទីនោះ។
ក្រោយជួបពិភាក្សាជាមួយ អភិបាលខេត្ត ជាង១ម៉ោងរួចមក ជាការឆ្លើយតប ឯកឧត្តមយន្ត មីន បានប្រាប់ថា៖ វាមិនអីទេ ដោយទុកឲ្យគេសង់មួយខែសិនទៅ ពីព្រោះជិតរួចហើយ ហើយបើសង់រួច ជះផលប៉ះពាល់លោកនឹងបញ្ជាឲ្យវាយកម្ទេចចោលវិញ។
ចំពោះការឆ្លើយតបបែបនេះ ប្រជាពលរដ្ឋមិនសុខចិត្តនោះទេ ដោយសុំឲ្យលោកទប់ស្កាត់ជាបន្ទាន់ ពីព្រោះទើបនឹងចាប់ផ្តើមដាក់លូ និងដឹកឥដ្ឋមកតែប៉ុណ្ណោះ។ តំណាងប្រជាពលរដ្ឋរូបនេះ ក៏បានរិះគន់ចំពោះអាជ្ញាធរខេត្ត ដែលបានយកអតីតមហាស្រព ធ្វើជាកន្លែង ចំណតរថយន្ត ដែលពីមុន គឺស្ថិតនៅចំណុចរ៉ារថភ្លើង។ ចំពោះបញ្ហានេះ ប្រជាពលរដ្ឋ ក៏បានសុំឲ្យលោកអភិបាលខេត្ត បញ្ឈប់ចំណតរថយន្តនេះផងដែរ តែលោកថា ជាការដាក់បណ្តោះអាសន្នទេ។
សម្រាប់ចំណតរថយន្ត ប្រជាពលរដ្ឋបានលើកឡើងថា មានផលប៉ះពាល់យ៉ាងខ្លាំង ដូចជាសោភ័ណទីក្រុង កកស្ទះចរាចរណ៍ និងពេលរថយន្ត ក្រុងមកចតម្តងៗ ចំហាយផ្សែង បំពង់ស៊ីម៉ាំជះកម្តៅចូលដល់ផ្ទះប្រជាពលរដ្ឋតែម្តង។ ប្រជាពលរដ្ឋក៏បានព្រមានការតវ៉ាទៀត បើសិនអភិបាលខេត្តមិនដោះស្រាយជូន៕