ភ្នំពេញ៖ រដ្ឋាភិបាលប្រកាសជ្រើសរើសមន្ត្រីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកបណ្តែតរហូតដល់ជិត ៣ ម៉ឺននាក់សម្រាប់ឆ្នាំ ២០១៦ ដើម្បីបំពេញការងារនៅតាមក្រសួងដែលខ្វះបុគ្គលិកនៅទូទាំងប្រទេស ខណៈដែលអង្គការសង្គមស៊ីវិលមើលឃើញថាក្រសួងមន្ទីរនានារបស់ រដ្ឋាភិបាលនៅតែមិនទាន់ប្រើឲ្យអស់សក្តានុពលចំពោះមន្ត្រីរាជការ ដែលមានស្រាប់នៅឡើយ។
នៅក្នុងលិខិតចុះហត្ថលេខាដោយរដ្ឋមន្ត្រីមុខងារសាធារណៈឯកឧត្តមកពេជ្រ ប៊ុនធិន ចុះផ្សាយកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ដែល ទើបតែទទួលបានកាលពីម្សិលមិញបានឱ្យដឹងថា រដ្ឋាភិបាលបានអនុញ្ញាតផ្តល់គោលការណ៍ជ្រើសរើសមន្ត្រីក្របខ័ណ្ឌ និងបុគ្គលិកបណ្តែតផ្សេងទៀតសរុបចំនួន ២៧៤៩៤ នាក់សម្រាប់ឆ្នាំ ២០១៦ នេះ។
លិខិតបន្តថាក្នុងនោះ «ជ្រើសរើសមន្ត្រីរាជការស៊ីវិលក្នុងក្របខ័ណ្ឌចំនួន ៧៦២១ កន្លែងមន្ត្រីជាប់កិច្ចសន្យាចំនួន ១០៩២១ នាក់បុគ្គលិកអណ្តែតចំនួន ៦៥៣០ នាក់ (សម្រាប់ការងារសម្អាតសួន និងបោសសម្អាត )និងឧទ្យានុរក្សចំនួន ៩៦០ នាក់ (សម្រាប់ក្រសួងបរិស្ថាន) និងគ្រូបង្រៀនពុទ្ធិកៈជាប់កិច្ចសន្យាចំនួន ១៤៦២ នាក់»។
នៅក្នុងលិខិតឱ្យដឹងដែរថាក្រសួងអប់រំត្រូវការជ្រើសរើសមន្ត្រី ក្របខណ្ឌច្រើនជាងគេរហូតទៅដល់ ៣៤៨៨ នាក់ក្នុងនោះមានមន្ត្រីជាប់កិច្ចសន្យាចំនួន ១៣៥ នាក់ និងបុគ្គលិកបណ្តែតចំនួន ២៩៦ នាក់។ បន្ទាប់មកគឺក្រសួងសុខាភិបាលត្រូវការជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌ ចំនួន ៧៧៥ នាក់ជាប់កិច្ចសន្យាចំនួន ៤១៩១ នាក់។ ក្រសួងមហាផ្ទៃត្រូវជ្រើសរើសមន្ត្រីរាជការក្របខណ្ឌចំនួន ៤៥១ នាក់ជាប់កិច្ចសន្យាចំនួន ៤៥៨ នាក់ និងបណ្តែតចំនួន ៩១០ នាក់។ ចំណែកក្រសួងកសិកម្មជ្រើសរើសមន្ត្រីក្របខ័ណ្ឌចំនួន ៣៣៣ នាក់ជាប់កិច្ចសន្យាចំនួន ១៨២ នាក់ និងបណ្តែតចំនួន ៨៤២ នាក់។ ទីស្តីការគណៈរដ្ឋមន្ត្រីត្រូវការជ្រើសរើសមន្ត្រីក្របខ័ណ្ឌចំនួន ៧៣ នាក់ កិច្ចសន្យាចំនួន ១៣០ នាក់។
ក្រសួងមុខងារសាធារណៈក៏បានណែនាំ និងជំរុញឱ្យជ្រើសរើសបេក្ខជនដែលមានសមត្ថភាពគ្រប់គ្រាន់ជាពិសេសយក ចិត្តទុកដាក់លើបេក្ខភាពជនពិការឱ្យបាន ២ ភាគរយនៃចំនួនក្របខ័ណ្ឌសរុបរបស់សមីក្រសួង ស្ថាប័ន និងបេក្ខភាពនារីឱ្យបានពី ២០ ទៅ ៥០ ភាគរយដើម្បីបំពេញតំណែងដែលទំនេរ និងសេចក្តីត្រូវការរបស់ក្រសួងនានាដែលស្នើសុំ។
ឯកឧត្តមពេជ្រ ប៊ុនធិន បានប្រាប់ បន្ថែមកាលពីម្សិលមិញថា៖ការជ្រើសរើស មន្ត្រីរាជការ និងបុគ្គលិកបណ្តែតបន្ថែមសម្រាប់ឆ្នាំ ២០១៦ នេះគឺដើម្បីបំពេញមុខតំណែងចាស់របស់មន្ត្រីដែលត្រូវចូលនិវត្តន៍ និងបំពេញតម្រូវការរបស់ក្រសួង។
ឯកឧត្តមបន្តទៀតថា៖ «ជ្រើសរើសដើម្បីបំពេញកន្លែងខ្លះដែលជាការដ្ឋានថ្មីត្រូវបន្ថែម ឱ្យគេ និងបំពេញលើអ្នកលុបឈ្មោះ និងមន្ត្រីដែលចូលនិវត្តន៍»។
ជារៀងរាល់ឆ្នាំក្នុងខែមិថុនា និងខែកក្កដាគ្រប់ក្រសួងទាំងអស់ត្រូវធ្វើផែនការបញ្ជូនទៅមុខងារ សាធារណៈដើម្បីកំណត់ពីចំនួនដែលនឹងត្រូវជ្រើសរើសមន្ត្រីក្របខ័ណ្ឌ និងបុគ្គលិកបណ្តែត។ យ៉ាងណាក៏ដោយលោកមិនទាន់អាចបញ្ជាក់ថាការជ្រើសរើសមន្ត្រីឆ្នាំនេះ ច្រើនជាងឆ្នាំមុន ឬយ៉ាងណានោះទេ។
បើតាមឯកឧត្តម ពេជ្រ ប៊ុនធិន ចំពោះការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌរដ្ឋវិញគឺចាប់ផ្តើមពីការ ជូនដំណឹងនេះតទៅតែផ្អែកលើក្រសួងសមីដែលមានពេលទំនេរក្នុងការ រៀបចំ។ បច្ចុប្បន្នមានមន្ត្រីរាជការស៊ីវិលនៅគ្រប់ស្ថាប័នក្រសួងរដ្ឋ ទាំងអស់ក្នុងរង្វង់ ២០ ម៉ឺននាក់។
ទាក់ទងនឹងការជ្រើសរើសមន្ត្រីក្របខ័ណ្ឌបន្ថែមទៀតនេះ អគ្គលេខាធិការនៃសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជាលោក ហៀក ទ្រី ថ្លែងថាការជ្រើសរើសមន្ត្រីបន្ថែមសម្រាប់កិច្ចការសាធារណៈជារឿង ធម្មតាតែលោកដាក់ចម្ងល់ថាតើអ្វីដែលរដ្ឋាភិបាលជ្រើសរើសនេះអាច ដោះស្រាយបញ្ហា ឬការឆ្លើយតបសេវាសាធារណៈបានល្អជាងមុនឬនៅដដែល? រដ្ឋាភិបាលគួរប្រើមន្ត្រីដែលមានស្រាប់ឱ្យអស់លទ្ធភាពមុននឹង ចាប់ផ្តើមជ្រើសរើសមន្ត្រីថ្មីដើម្បីរក្សាកញ្ចប់ថវិការដ្ឋកុំឱ្យ ខ្ជះខ្ជាយ។ តែជា«ធម្មតាមន្ត្រីរាជការពីមួយថ្ងៃទៅមួយថ្ងៃវិវត្តទៅរកភាពចាស់ ហើយត្រូវការមន្ត្រីក្មេងប៉ុន្តែសំខាន់តើមន្ត្រីរាជការដែលមានហើយ ប្រើអស់លទ្ធភាពហើយឬនៅ? ទី ២ តើមន្ត្រីរាជការដែលជ្រើសរើសបន្ថែមធ្វើឡើងទៅតាមលក្ខណៈបច្ចេកទេស តាមអភិបាលកិច្ចល្អ ឬតាមបក្សពួកនិយម?»។
យ៉ាងណាក៏ដោយលោកសង្កេតឃើញថាស្ថាប័នរដ្ឋមួយចំនួនបានដាក់ កូនចៅ និងបក្ខពួកខ្លួនចូលធ្វើការខណៈមន្ត្រីជាប់កិច្ចសន្យាមួយចំនួន ធ្វើការជិត ២០ ឆ្នាំមិនទាន់បានក្លាយជាមន្ត្រីក្របខ័ណ្ឌរដ្ឋផងដែលនេះវាជា រឿងអយុត្តិធម៌។
ឯកឧត្តមបញ្ជាក់ថា៖ «សំខាន់ស្ថាប័នរដ្ឋាភិបាលមួយចំនួនគេចោទថាដាក់កូនក្មួយរបស់ ខ្លួនជាមន្ត្រីជាប់កិច្ចសន្យាដូចគ្រួសារខ្ញុំធ្វើជាមន្ត្រី កិច្ចសន្យា ២០ ឆ្នាំហើយមិនទាន់បានចូលក្របខ័ណ្ឌរដ្ឋផងហើយមន្ត្រីកិច្ចសន្យាខ្លះ ចូលទៅបានតួនាទីខ្ពស់លឿន៕