ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​៖ សូម​ឲ្យ​គណៈកម្មាធិការ​បុរី​កម្ពុជា ពិចារណា​អញ្ជើញ​ថ្នាក់ដឹកនាំ CNRP ចូលរួម​ជាមួយគ្នា​ក្នុងឱកាស​ចូលឆ្នាំថ្មី នៅ​សហរដ្ឋអាមេរិក

13-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ ទី​១៣ ខែមីនា ឆ្នាំ​២០១៦​នេះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានស្នើ​ឲ្យ​គណៈកម្មាធិការ​បុរី​កម្ពុជា ពិចារណា​ក្នុងការ​អញ្ជើញ​ថ្នាក់ដឹកនាំ​របស់ គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ជាមួយគ្នា​ក្នុងឱកាស​ចូលឆ្នាំថ្មី នៅ​សហរដ្ឋអាមេរិក​នាពេល​ខាងមុខ នេះ​បើ​យោងតាម Facebook ផ្លូវការ​របស់លោក ចេញ​នៅ​ព្រឹក​ថ្ងៃនេះ​។​

​ការអំពាវនាវ​ស្នើ​ឲ្យ​មានការ​អញ្ជើញ​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យចូលឆ្នាំ​ខ្មែរ នៅ​សហរដ្ឋអាមេរិក ពី​សំណាក់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត នៅពេលនេះ ធ្វើឡើង​បន្ទាប់ពី​ប៉ុន្មាន​ថ្ងៃនេះ​មានការ​ជជែក តស៊ូ​មតិ​គ្នា​រវាង​បងប្អូន​អ្នកគាំទ្រ និង​បងប្អូន​អ្នក​មិន​គាំទ្រ ចំពោះ​ការចូលរួម​របស់លោក ហ៊ុន ម៉ា​ណែ​ត នៅក្នុង​កម្មវិធី​ព្យុហយាត្រា​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី នៅ​ទីក្រុង​ឡុង​ប៊ិច សហរដ្ឋអាមេរិក តប​ទៅនឹង​ការអញ្ជើញ​របស់​គណៈកម្មាធិកា​រ​បុរី​កម្ពុជា​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ឲ្យ​ដឹង​តាមរយៈ Facebook យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សង្ឃឹមថា ការខ្វែងគំនិត​រវាង​បងប្អូន​ជនរួមជាតិ​ទាំងអស់​ទាក់ទង ប្រធានបទ​នេះ​នឹង​អាច​ត្រូវ​បញ្ចប់​។ ខ្ញុំ​សូម​ឲ្យ​គណៈកម្មាធិការ​បុរី​កម្ពុជា មេត្តា​ពិចារណា​ក្នុង​ការអញ្ជើញ​ថ្នាក់ដឹកនាំ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម ជាមួយគ្នា​ក្នុងឱកាស​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ដ៍​ថ្លៃថ្លា​របស់​យើង​នេះ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​រវាង​គ្នា និង​គ្នា​ក្នុងនាម​មហា​គ្រួសារ​ខ្មែរ​តែមួយ​»​។​
​ខាងក្រោម​នេះ​ជា​ខឹ្ល​ម​សារ​ទាំងស្រុង​របស់ ​ឯក​ឧ​ត្ត​ម ហ៊ុន ម៉ា​ណែ​ត ផ្ញើជូន​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​នៅ​សហរដ្ឋអាមេរិក​៖​សួស្តី​មិត្ត​ទាំងអស់គ្នា​! ប៉ុន្មាន​ថ្ងៃនេះ​មានការ​ជជែក តស៊ូ​មតិ​គ្នា​រវាង​បងប្អូន​អ្នកគាំទ្រ និង​បងប្អូន​អ្នក​មិន​គាំទ្រ ការចូលរួម​របស់ខ្ញុំ​នៅក្នុង​កម្មវិធី​ព្យុហយាត្រា អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​នៅ​ទីក្រុង​ឡុង​ប៊ិច សហរដ្ឋអាមេរិក តប​ទៅនឹង​ការអញ្ជើញ​របស់​គណៈកម្មាធិកា​រ​បុរី​កម្ពុជា​។

​​មិន​សំខាន់​ថា​បងប្អូន​ម្ខាងៗ​មាន​ហេតុផល​យ៉ាងណា​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​វា​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការបែកបាក់​សាមគ្គី​រវាង​ខ្មែរ​និង​ខ្មែរ ក្នុងពេល​មួយ​ដែល​យើង​គួរ​រួបរួមគ្នា មិន​ប្រកាន់​គ្នា​ដើម្បី​ធ្វើការ​រួមគ្នា​លើកស្ទួយ​ជាតិ​របស់​យើង តាមរយៈ​ការរួម​គ្នា​បង្ហាញ​អំពី​វប្បធម៌ និង​អរិយធម៌​ដ៍​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​ខ្មែរ​យើង ឲ្យ​ប្រជាជន​អាមេរិកាំង និង​ជាតិ​សាសន៍​ដ៍ទៃទៀត​បានឃើញ​។​

​ខ្ញុំ​សម្រេចចិត្ត​ទទួល​យល់ព្រម​ចូលរួម​ក្នុង​ពិធី​នេះ តាម​ការអញ្ជើញ​របស់​គណៈកម្មាធិការ​បុរី​កម្ពុជា គឺ​ដើម្បី​បង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់ខ្ញុំ ចំពោះ​គោល​គំនិត​ដ៍​ល្អ​របស់​គណៈកម្មាធិការ ដែល​ចង់ឃើញ​ខ្មែរ​រួបរួមគ្នា ដោយ​មិន​ប្រកាន់​ទីកន្លែង​រស់នៅ (​នៅ​អាមេរិក នៅ​ស្រុក​ខ្មែរ ឬ​ប្រទេស​ណា​ទេ​) និន្នាការ​នយោបាយ សាសនា ដើម្បី​លើកស្ទួយ​កិត្តិយស​ជាតិខ្មែរ​នៅលើ​ឆាក​អន្តរជាតិ​ក្នុងឱកាស​ដ៍​ពិសេស​នេះ​។​

(​សូមបញ្ជាក់ថា​៖ ចាប់តាំងពី​កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៥ គណៈកម្មាធិការ​បុរី​កម្ពុជា ធ្លាប់បាន​អញ្ជើញ​មន្ត្រី​តំណាង​រាជរដ្ឋាភិបាល សង្គម​ស៊ីវិល វិស័យ​ឯកជន ហើយ​ឯកឧត្តម កឹម សុខា ក៍​ធ្លាប់បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​នៅ​ឆ្នាំ​២០១០​ផងដែរ​)​។​

​ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ការខ្វែងគំនិត​រវាង​បងប្អូន​ជនរួមជាតិ​ទាំងអស់ ទាក់ទង​ប្រធានបទ​នេះ​នឹង​អាច​ត្រូវ​បញ្ចប់ ហើយ​ជំនួស​វិញ​ដោយ​ការចូលរួម មតិយោបល់​ថា តើ​ធ្វើយ៉ាងណា​ឲ្យ​យើង​អាច​ទាញយក​ផលចំណេញ​ពី​កម្មវិធី​នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​ការរីកចំរើន​របស់​ប្រទេស​របស់​យើង ពី​វប្បធម៌​និង​អរិយធម៌​ខ្មែរ​យើង​ឲ្យ​ជនជាតិ​បរទេស​បានដឹង និង​បាន​យល់​។​

​ខ្ញុំ​ក៍​សូម​ឲ្យ​គណៈកម្មាធិការ​បុរី​កម្ពុជា មេត្តា​ពិចារណា​ក្នុងការ​អញ្ជើញ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ជាមួយគ្នា​ក្នុងឱកាស​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ដ៍​ថ្លៃថ្លា​របស់​យើង​នេះ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​រវាង​គ្នា និង​គ្នា​ក្នុងនាម​មហា​គ្រួសារ​ខ្មែរ​តែមួយ​៕

ចំនួនអ្នកទស្សនា

    20634367

  • ថ្ងៃនេះ10241
  • ម្សិលមិញ10851
  • សប្តាហ៍នេះ76761
  • ខែនេះ191911
  • ឆ្នាំនេះ191911
  • សរុប20634367