ព្រះសីហនុ ៖ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុនឹងត្រូវដកចេញពីតំណែងដោយសារគេសង្ស័យថាប្រធាន មន្ទីររូបនេះជាអ្នកស៊ីញ៉េលក់ដីជុំវិញ និងលក់បឹងព្រែកទប់ដែលជាបឹងស្តុកទឹកសាបដ៏ធំសម្រាប់បម្រើ ប្រជាពលរដ្ឋក្នុងទីក្រុងនេះ។
លោក ហ៊ុន ភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុនឹងត្រូវបានក្រសួងដាក់ឲ្យចូលនិវត្តន៍ និងជំនួសវិញដោយលោក នួន ប៉ុក ដែលបច្ចុប្បន្នលោកកាន់តំណែងជាអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះស្រាប់។ ពិធីផ្ទេរតំណែងនេះគ្រោងធ្វើនៅពាក់កណ្តាលខែមីនានេះប្រសិនជា គ្មានអ្វីប្រែប្រួលទេនោះ។
យោងតាមប្រភពពីមន្ត្រីរាជការប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលបានឲ្យដឹងថាលោក ហ៊ុន ភី បានចូលកាន់តំណែងជំនួសលោក សូ សុខ កាលពីចុងខែមីនាឆ្នាំ ២០១៤ ដោយសារលោក សូ សុខ ត្រូវបានលោក ស្បោង សារ៉ាត អតីតអភិបាលខេត្តព្រះសីហនុសុំស្នើទៅសាមីក្រសួងផ្លាស់ប្តូរព្រោះតែ គាត់ (សូ សុខ) មិនព្រមចុះហត្ថលេខាផ្តល់កម្មសិទ្ធិដីនៅជុំវិញតំបន់បឹងព្រែកទប់ ដែលជាបឹងស្តុកទឹកសាបទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ទូទាំងក្រុង ព្រះសីហនុទៅឲ្យបុគ្គលជាឯកជន។
ប្រភពដដែលបានបន្តថាមន្ត្រីមានអំណាចរំលោភយកដីជុំវិញបឹង ព្រែកទប់ និងការចាក់ដីលុបបឹងនោះក៏មានលោក ស្បោង សារ៉ាត ដែលបានកាន់កាប់ដីទំហំជាង ៦ ហិតតាព្រមទាំងឈ្មួញទុច្ចរិតលោភលន់ចង់បានដីរដ្ឋជាច្រើននាក់ ផ្សេងទៀតត្រូវបានលោក ហ៊ុន ភី ចុះហត្ថលេខាផ្តល់កម្មសិទ្ធិឲ្យរហូតដល់ជាង ៣០ ប័ណ្ណរួចទៅហើយ។ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងក្រុមអង្គការសង្គមស៊ីវិលបានស្នើឲ្យមានការស៊ើបអង្កេតឡើងវិញ ចំពោះការចេញប័ណ្ណកម្មសិទ្ធិមិនប្រក្រតីអស់ទាំងនេះដើម្បីមោឃភាព ប័ណ្ណអស់ទាំងនេះវិញព្រមទាំងដាក់វិន័យឲ្យបានធ្ងន់ធ្ងរចំពោះ មន្ត្រីណាដែលពាក់ព័ន្ធឲ្យសមនឹងអំពើដែលពួកគេបានប្រព្រឹត្ត។
ចំពោះការតែងតាំងលោក នួន ប៉ុក ជាប្រធានមន្ទីរនេះក៏មានការរិះគន់ខ្លះៗពីសំណាក់មន្ត្រីក្នុង អង្គភាពដោយសារតែការតែងតាំងនេះពុំមានមន្ត្រីក្នុងអង្គភាពបានដឹង ឮ ឬក៏ធ្វើការគាំទ្រទាល់តែសោះ។
តាមប្រភពពីអ្នកសារព័ត៌មានប្រចាំខេត្តព្រះសីហនុមួយរូបបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាលោក ហ៊ុន ភី ពិតជាពាក់ព័ន្ធនឹងការស៊ីញ៉េលក់ដីជុំវិញ និងដីបឹងព្រែកទប់ពិតប្រាកដមែនគឺក្នុងអំទ្បុងពេលលោក ស្បោង សារ៉ាត ធ្វើជាអភិបាលខេត្តព្រះសីហនុដែលបានឃុបឃិតគ្នាក្នុងការកាន់កាប់ដី បឹងនេះ។
លោកបាននិយាយទាំងអស់សំណើចថា៖ «ដោយសារបឹងព្រែកទប់ស្ថិតនៅកណ្តាលក្រុងព្រះសីហនុទើបមន្ត្រីមាន អំណាច និងអ្នកមានធនធានជាច្រើនបានហែកជាចំរៀកៗចែកគ្នាដោយមិនខ្វល់ពី សុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងក្រុងបែបនេះ»។
អ្នកសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តព្រះសីហនុអ្នកស្រី ជាប សុធារី បានថ្លែងថាបន្ទាប់ពីមានបញ្ហាចម្រូងចម្រាសកន្លងមកទាក់ទងនឹងការ ចាក់ដីលុបបឹងនេះបច្ចុប្បន្នសកម្មភាពទន្ទ្រានយកបឹងនេះហាក់នៅ ក្នុងសភាពទ្រឹងហើយក៏មិនមានមន្ត្រីណាសុំប្តឹងមោឃភាពចំពោះ ប័ណ្ណកម្មសិទ្ធិមិនប្រក្រតីដែលក្រសួងបានចេញឲ្យប្រជាជន និងអ្នកមានអំណាចទៅតុលាការនោះទេ។
អ្នកស្រីបន្តថា មានប្រជាជនចំនួន ៥១ គ្រួសារបានទទួលប្លង់កាន់កាប់បឹងនេះជាយូរមកហើយប៉ុន្តែក្រោយមក មានប្រជាជនផ្សេងៗទៀត និងអ្នកមានអំណាចសរុបជាង ២០០ គ្រួសារទៀតបានស្នើសុំប័ណ្ណទទួលស្គាល់ដើម្បីកាន់កាប់បឹងនេះដោយ ខុសច្បាប់បន្ថែមទៀតប៉ុន្តែការស្នើសុំប័ណ្ណនេះមិនទាន់បានចេញនៅ ទ្បើយទេ។
លោក ឯក វិធាន ជាតំណាងរបស់សហគមន៍ស្ពានឆេះនៅក្នុងក្រុងព្រះសីហនុបានថ្លែងឯកភាព ទៅនឹងអ្វីដែលអ្នកស្រី សុធារី បានអះអាង។ លោកបានបន្ថែមថា៖ «ក្រុមមន្ត្រីមានអំណាចដែលរំលោភយកដីបឹងព្រែកទប់នោះគឺគេ ត្រូវរ៉ូវគ្នាដោយបែងចែកផលចំណេញ និងដីធ្លីទាំងនោះទៅជាបីចំណែកគឺរបស់អតីតអភិបាលក្រុងព្រះសីហនុ (ស្បោង សារ៉ាត) មន្ត្រី (ប្រធានមន្ទីរ) នោះផ្ទាល់ និងអធិការប៉ូលិសផងដែរ»។
លោកបន្តថាដោយឡែកសម្រាប់ពួកយើងជាប្រជាជនរស់នៅលើដីរបស់ខ្លួន តាំងតែពីជាងដប់ម្លៃឆ្នាំមកហើយនោះគេពុំងាយធ្វើប័ណ្ណ កម្មសិទ្ធិឲ្យទេ។ «ពួកយើងម្នាក់ៗមានដីត្រឹមតែអាចសង់ផ្ទះសម្បែងស្ទើរតែពុំបាន។ រស់នៅទាំងការភ័យខ្លាចដោយសារធ្លាប់ទទួលរងការគំរាមកំហែងពីមន្ត្រី មានអំណាចចង់រំលោភបំពានយកដីភូមិរបស់ពួកយើង»។ នេះបើតាមសម្តីរបស់លោក វិធាន។ «ផ្ទុយទៅវិញពួកមន្ត្រីមានអំណាចទាំងនោះបែរជាហ៊ានធ្វើប្លង់ដី រំលោភយកដីរដ្ឋនៃបឹងព្រែកទប់ដែលជាប្រភពទឹកសាបដ៏សំខាន់បំផុត សម្រាប់ជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងក្រុងនេះអត់មានមន្ត្រី ថ្នាក់លើណាធ្វើដឹង ឬថាខុសច្បាប់សោះ»។
អ្នកស្រី សុធារី បន្តថា៖ «បឹងព្រែកទប់ពីមុនមានទំហំជាង ១០០ ហិកតាប៉ុន្តែពេលនេះទំហំបឹងនេះបានរួមតូចមកនៅត្រឹមប្រមាណ ១៥ ហិកតាប៉ុណ្ណោះដោយសារមានការឃុបឃិតជាប្រព័ន្ធពីមន្ត្រីអ្នកមាន ប្រាក់ និងអ្នកមានអំណាចដើម្បីកាន់កាប់ដីបឹងនេះ»។ អ្នកស្រីបន្តថា៖ «បឹងនេះមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុង ខេត្តព្រះសីហនុព្រោះយើងប្រើប្រាស់ទឹកភ្លៀង និងការបុកអណ្តូងមិនអាចផ្គត់ផ្គង់គ្រប់នោះទេ»។
អ្នកស្រី សុធារី បានបន្តថាខេត្តព្រះសីហនុត្រូវយកប្រភពទឹកស្អាតពីទឹកក្បាលឆាយ និងបឹងព្រែកទប់នេះហើយរដ្ឋាករទឹកបានយកទឹកពីបឹងនេះផ្គត់ផ្គង់ ការប្រើប្រាស់ទឹកក្នុងខេត្តដោយសារបឹងនេះស្ថិតនៅកណ្តាលទីក្រុង ព្រះសីហនុដែលជាគោលដៅភ្ញៀវទេសចរជាតិ-អន្តរជាតិមកកម្សាន្តមានការ កើនទ្បើងជាប្រចាំជារហូតមកទើបទីបឹងនោះក៏ក្លាយជាគោលដៅរបស់អ្នក លោភលន់ផងដែរ។
អ្នកស្រីបន្តថាដូច្នេះអាជ្ញាធរត្រូវតែទប់ស្កាត់ការចាក់ដីលុប បឹងនេះ និងកាយដីដែលបានចាក់រួចទ្បើងវិញព្រោះប្រសិនជាបឹងនេះត្រូវលុប ប្រជាជននឹងគ្មានទឹកសម្រាប់ប្រើប្រាស់នោះទេហើយប្រសិនជាធ្វើការ ស្រាវជ្រាវ និងអនុវត្តតាមច្បាប់ភូមិបាលអ្នកចេញប័ណ្ណកម្មសិទ្ធិគ្រប់គ្រងបឹង នេះត្រូវមានទោសព្រោះបឹងនេះជាដីសាធារណៈរបស់រដ្ឋ។
លោក សេង ទ្បូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថាលោកមិនបានដឹងពីការផ្លាស់ប្តូរតំណែងលោក ហ៊ុន ភី ទេ។ ប៉ុន្តែតាមលោកដឹងគឺប្រធានមន្ទីររូបនេះពិតជាជិតដល់អាយុត្រូវ ចូលនិវត្តន៍។ លោកបន្តថា ចំណែកព័ត៌មានពីបុគ្គលិកលក្ខណៈរបស់លោក ហ៊ុន ភី តាមលោកដឹងគឺលោក ហ៊ុន ភី ជាមនុស្សមានអត្តចរិតល្អ ស្លូតបូត និងគោរពច្បាប់តែក្នុងកិច្ចការងារជាក់ស្តែងរបស់គាត់លោកមិនស៊ី ជម្រៅនោះទេ។
លោក ហ៊ុន ភី មិនអាចទាក់ទងសុំការបំភ្លឺបានទេដោយសារទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន៕