កាកបាទក្រហមកម្ពុជា​យក​អំណោយ​ចូល​បុណ្យសព លោក​យ៉ាវ បូរ៉ា​មន្ត្រី នគរបាល​ស្លាប់​ដោយ​ខ្យល់គរ​

14-March-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ នេះ​បាន​ចាត់តាំង​អោយ​មន្ត្រី​កាកបាទក្រហមកម្ពុជា ទៅ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​លោក យ៉ាវ បូរ៉ា ជា​មន្ត្រីនគរបាល​ចរាច​រណ៍ ខណ្ឌ​៧​មករា ដែល​បានទទួល​មរណភាព​ដោយសារ​ខ្យល់គរ កាលពី​រសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ ខណ​:​លោក​កំពុង​ចុះ​បំពេញបេសកកម្ម​សម្រួល​ចរ​រាច​រណ៍ តាម​ដង​វី​ថី​សហព័ន្ធរុស្ស៊ី ។​
​ក្រុមការងារ​បាន​នាំយក​អំណោយ​ជា​បច្ច័យ​មានដូចជា​សម្ភារ​:​ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់​ក្រុមគ្រួសារ​សព ដែល​រស់នៅ​ភូមិ​១៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​ក្រុមគ្រួសារ​សព បាន​ថ្លែងអំណរគុណ ចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ចាត់​មន្ត្រី​មក​ចូលរួម​រំលែក​ទុក្ខ និង​បាន​នាំយក​បច្ច័យ​មក​ចូល​បុណ្យ​ដើម្បី​សម្រាលទុក្ខ​លំបាក​នៃ​គ្រួសារ​សព​។

​ព្រម​ជាមួយគ្នា​សាលាខណ្ឌ​៧​មករា នាំ​ថវិកា​ចូលរួម​បុណ្យសព​លោក យ៉ាវ បូរ៉ា​, ឯកឧត្តម  ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ចូល​ថវិកា​៣​លាន​រៀល លោក លីម សុភា អភិបាលខណ្ឌ​៧​មករា ដឹកនាំ​គណៈប្រតិភូ​ខណ្ឌ​៧​មករា រួមមាន​អភិបាលរង អធិការ​ខណ្ឌ មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ ប្រធាន​ផ្សារ​អូរឫស្សី អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព លោក យ៉ាវ បូរ៉ា (​ហៅ កែ តឿ​) មន្ត្រីនគរបាល​សណ្ដាប់​ធ្នាប់​ខណ្ឌ ៧​មករា ដែល​បាន​ស្លាប់​ដោយ​ដួល​ផ្ងា​ក្រោយ​ក្នុងពេល​បំពេញភារកិច្ច កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​។​

​គណ​:​ប្រតិភូ​សាលាខណ្ឌ​៧​មករា បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ សោកស្ដាយ​ជាទីបំផុត​ជាមួយ ក្រុមគ្រួសារ​សព ដោយបាន​រៀបចំ​ផ្កា និង​បច្ច័យ​ចំនួន ៣,៣០០,០០០​រៀល និង ១១០​ដុល្លារ​អាមេរិក នៅ​គេហដ្ឋាន​សព ស្ថិតនៅ​ផ្ទះ​លេខ​៣៤៩ ផ្លូវ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ បាន​ចាត់​ឲ្យ​ក្រុមការងារ​នាំយក​ថវិកា ចំនួន​៣​លាន​រៀល តាមរយៈ​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ ត្រូវបាន​នាំយកមក​ជូន​ដល់ដៃ​ភរិយា​សព លោក​វរសេនីយ៍ត្រី យ៉ាវ បូរ៉ា ផងដែរ​។​

​សព​លោក យ៉ាវ បូរ៉ា នឹងត្រូវ​ដង្ហែ សព​ទៅកាន់​ឈាបនដ្ឋាន វត្ត​នួន​មុនី​រាម (​ហៅ វត្ត​ថា​ន់​) ដើម្បី​ធ្វើ​ឈាបនកិច្ច និមន្ត​ព្រះសង្ឃ​បង្សុកូល គោរព​វិញ្ញាណ​ខន្ធ​ជា​លើកចុងក្រោយ វេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី ១៦ ខែមីនា ឆ្នាំ​២០១៦៕

ចំនួនអ្នកទស្សនា

    20634537

  • ថ្ងៃនេះ10411
  • ម្សិលមិញ10851
  • សប្តាហ៍នេះ76931
  • ខែនេះ192081
  • ឆ្នាំនេះ192081
  • សរុប20634537