រដ្ឋាភិបាល​ប្រទេស​ស្វី​ស​ចុះហត្ថលេខា​បន្ដ​ផ្ដល់ជំនួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​

15-March-2016 | ដោយ មែន កំសត់




​ភ្នំពេញ ៖ រដ្ឋាភិបាល​កម្ពុជា​និង​ស្វី​ស នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្ដិការ​ប​ច្ចេកទេស ហិរញ្ញវត្ថុ​សេដ្ឋកិច្ច​និង​ជំនួយ​មនុស្សធម៌ ដែល​ក្នុងនោះ​មានការ​ផ្តល់ជំនួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​។​

​សេចក្ដី​ជូន​ព័ត៌មាន​មួយ​ចុះ​ថ្ងៃទី​១៤ ខែមីនា បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​១៥ ខែមីនា វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​នេះ នៅ​ទីស្ដីការ​ក្រសួងការបរទេស ឯកឧត្តម ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេស​កម្ពុជា​និង​លោក អ៊ី​វ៉ូ ស៊ី​បី​(Ivo SIEBER)​ឯកអគ្គរដ្ឋទូត​ស្វី​ស​ប្រចាំ​ប្រទេស​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា​និង​រដ្ឋាភិបាល​សហព័ន្ធ​ស្វី​ស ស្ដីពី​កិច្ចសហប្រតិបត្ដិការ​ប​ច្ចេកទេស ហិរញ្ញវត្ថុ​សេដ្ឋកិច្ច​និង​ជំនួយ​មនុស្សធម៌​។​

​សេចក្ដី​ជូន​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​បានបញ្ជាក់​ជាថ្មី​ម្ដងទៀត​ពី​ការប្ដេជ្ញា​ចិ​ត្ដរបស់​ប្រទេស​ស្វី​ស​ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍ​កម្ពុជា​។ ក្រសួង​បាន​បន្ដថា​បច្ចុប្បន្ន​ជំនួយ​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​ស្វី​ស​ចំពោះ​កម្ពុ​ជាមាន​ចំនួន​១២​លាន​ដុល្លា​អាមេរិក ដែល​ផ្ដោតលើ​អភិបាលកិច្ច​មូលដ្ឋាន​និង​ការចូលរួម​របស់​ពល​រដ្ឋ កសិកម្ម​និង​សន្ដិសុខ​ស្បៀង ការអភិវឌ្ឍ​ជំនាញ​និង​ការងារ​និង​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​បើតាម​ក្រសួងការបរទេស​កម្ពុជា រដ្ឋាភិបាល​ស្វី​សបាន​ជួយ​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ចាប់តាំងពី​ឆ្នាំ​១៩៩៤ ក្នុង​ថវិកា​សរុប​ចំនួន​៥៥​លាន​ដុល្លា​អាមេរិក​។ ថវិកា​រួមវិភាគទាន​ប្រចាំឆ្នាំ​របស់​ស្វី​ស​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​ចំនួន​៤​លាន​ដុល្លារ​អាមេរិក​៕

ចំនួនអ្នកទស្សនា

    20636157

  • ថ្ងៃនេះ12031
  • ម្សិលមិញ10851
  • សប្តាហ៍នេះ78551
  • ខែនេះ193701
  • ឆ្នាំនេះ193701
  • សរុប20636157