កំពត ៖ បុរសពិការ ដែលតែងតែ Chat តាម Facebook ជាមួយសម្តេចនោះ ពេលនេះបានមករស់នៅលើទឹកដីថ្មី ក្នុងភូមិអភិវឌ្ឍន៏តាកែនកោះស្លា ស្រុកឈូក ខេត្តកំពតហើយ ដោយសារតែការព្យាយាម តស៊ូ អំណត់អត់ធ្មត់ ដើម្បីក្រុមគ្រួសារ និងកូនៗជាទីស្រលាញ់បានចូលរៀន ពេលនេះបុរសពិការតាំងពីកំណើត អង្គុយតែនៅលើរទេសរុញ ដែលតែងតែព្យាយាម សរសេរសារ តាម Facebook ទៅកាន់ សម្តេចនោះ ពេលនេះ បំណងរបស់គាត់បានសម្រេចហើយ ដោយសម្តេចបានផ្តល់ ផ្ទះ និងដី មួយកន្លែង ដែលស្ថិតនៅក្នុងភូមិអភិឌ្ឍន៏តាកែនកោះស្លា ស្រុកឈូក ខេត្តកំពត ។
ក្នុងទឹកមុខញញឹមរីករាយទាំងក្រុមគ្រួសារ នៅពេលដែលក្រុមការងារពត៏មានមហាជន បានចុះទៅដល់ទីតាំងផ្ទាល់ លោក បូញ សុភក្រ័ ដែលពិការតាំងអាយុ៣ឆ្នាំមកនោះ បាននិយាយរៀបរាប់អំពី ពិការរភាពរបស់គាត់ និងដំណើរដើមទង នៃទំនាក់ទំនងជាមួយសម្តេច តាមរយះ Facebook មុននឹងរូបលោកត្រូវបានសម្តេច ប្រគល់ផ្ទះ និងដី ដែលមាន ទំហំ៥ម៉ែត្រ គុណនឹង ៨ ម៉ែត្រ និងដីទំហំ៣០ម៉ែត្រ គុណនឹង៣០០ ម៉ែត្រ មកអោយ។
ក្រៅពីផ្ទះ និងដីនេះ សម្តេចក៏ឧបត្ថម្ភថវិកា ៥លានរៀល និង ៥០ម៉ឺនរៀលជារៀងរាល់ខែទៀតផង។ ណែកបងស្រី ជុំ សុខា ដែលត្រូវជាប្រពន្ឋ បានលើកឡើងថា គាត់សប្យាយចិត្តណាស់ ដោយមិននឹកស្មានដល់ ដែលបានមករស់នៅទីនេះ ព្រោះនៅទីនេះ វាស្រឡះមុខ ស្រឡះមាត់ ជាងភ្នំពេញ ណាមួយមិនត្រូវចំណាយច្រើន ដូចនៅភ្នំពេញទេ ហើយកូនគាត់ក៏បានចូលសាលារៀនដូចនៅភ្នំពេញដែរ។ ក្នុងនោះដែលគាត់ក៏បាន សំណូមពរ សុំម៉ូទ័របូមទឹក និងទុយោ បន្ថែមទៀត ពីសម្តេច ដើម្បីអោយគាត់កាន់តែងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត ដូចដាំបន្លែ បង្គារ ជាដើម។ សូមបញ្ជាក់ថា៖ លោក បូញ សុភក្រ័ មានអាយុ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ប្រពន្ឋឈ្មោះ ជុំ សុខា មានកូន២នាក់ កូនស្រីមានអាយុ១៤ឆ្នាំ និងកូនប្រុសអាយុ៤ឆ្នាំ ។
ប្ដីប្រពន្ធទាំង២នាក់បានគោរពនិងថ្លែងនូវអំណរគុណចំពោះសម្ដេចតេជោ ហើយបានលើកឡើងថា៖ «សម្ដេចជាទេវតា ប្រោសមនុស្សលោកពិតៗ គ្រួសារខ្ញុំបានរស់រានមានពន្លឺក៏ដោយសារសម្ដេច សម្ដេចជាឪពុកម្ដាយទី២នៃយើងខ្ញុំដោយមិននឹកស្មានថាគ្រួសារយើងខ្ញុំមានថ្ងៃស្គាល់ផ្ទះ ស្គាល់លុយលាន និងមានអាហារហូបចុក គ្រប់គ្រាន់មិនដូចជាកន្លងមកនោះឡើយ »៕