សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​ដល់​មន្ត្រី​ពាក់ព័ន្ធ​នៅ​ព្រលានយន្តហោះ ធ្វើយ៉ាងណា​កុំឱ្យ​ភ្ញៀវទេសចរ ណ៍​មានការ​អាក់អន់ចិត្ត​

16-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ព្រមាន​ដល់​មន្ត្រី​ពាក់ព័ន្ធ​នៅ​ព្រលានយន្តហោះ ដែល​ត្រូវ​ធ្វើយ៉ាងណា​កុំឱ្យ​ភ្ញៀវទេសចរ ណ៍ ដែល​បាន​មកដល់​ប្រទេស​កម្ពុជា មានការ​អាក់អន់ចិត្ត ឬ​ជួប​ការលំបាក​ចំពោះ​សេវា​នានា​របស់ខ្លួន​។ ការ​អាក់អន់ចិត្ត​នេះ នឹងធ្វើ​ឱ្យ​ភ្ញៀវ​ទាំងនោះ ទៅ​ផ្សព្វផ្សាយ​ដល់​ប្រទេស​របស់​ពួកគេ កុំ​ឱ្យមក​ប្រទេស​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​ស្ថានីយ​ចេញដំណើរ​ថ្មី របស់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​។​

​សម្តេច​តេ​ជោ បាន​លើកឡើងថា «​ខ្ញុំ​ក៏​សូម​អំពាវនាវ​ឱ្យ​មន្ត្រី បុគ្គលិក​ដែល​ធ្វើការ​នៅក្នុង​ព្រលានយន្តហោះ រាប់ទាំង​នគរបាល​អន្តោប្រវេសន៍ រាប់ទាំង​គយ រាប់ទាំង​ផ្នែក​ចតុ​លា​ស័ក និយាយ​រួម​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ធ្វើ​កិច្ច​ការឱ្យ​បានល្អ ធ្វើ​យ៉ាងម៉េច​ឱ្យ​កម្ពុជា ក្លាយជា​ចំណុច​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ ឱ្យគេ​មកហើយ គេ​ត្រឡប់មកវិញ ដោយ​នាំមក​ជាមួយ​នូវ​ភ្ញៀវទេសចរ​ដទៃ​»​។​

​សម្តេច​បាន​បន្ថែមថា «​លើក​ទី​១ គេ​មក​ម្នាក់ឯង ហើយ​លើក​ក្រោយ​គេ​មកទៀត មិនមែន​មក​តែម្នាក់ឯង​នោះទេ គាត់​នឹង​នាំ​ភរិយា​គាត់ ឬ​បងប្អូន​គាត់ និង​មិត្តភក្តិ​គាត់ អញ្ចឹង​ភ្ញៀវទេសចរ​ម្នាក់ នឹង​អាច​អូសទាញ​ភ្ញៀវទេសចរ ណ៍​៤-៥​នាក់​ថែមទៀត សូមកុំ​ធ្វើឱ្យ​ទេសចរ​រៀងចាល ពេល​ត្រឡប់​ទៅវិញ គេ​ថា "​កុំមក​កម្ពុជា​លំបាក​ណាស់ គ្រាន់តែ​ចាប់ផ្តើម​ចុះ​ពីលើ​យន្តហោះ​មក​មាន​បញ្ហា​រឿងនេះ​រឿង​នោះ រហូត​តំបន់​ទេសចរណ៍​"»​។​

​សម្តេច​បាន​ចាត់ទុកថា បើសិនជា​មានការ​ផ្សព្វផ្សាយ​ដោយ​ភ្ញៀវ​ទេសចរណ៍ ក្នុងន័យ​បែបណា​មួយ ព័ត៌មាន​ទាំងនោះ​នឹង​ខ្លាំង​ជាង​ការផ្សាយ របស់​ទូរទស្សន៍ CNN ទៅទៀត ដែល​ធ្វើឱ្យមាន​ឥទ្ធិពល​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​។ វិស័យ​ទេសចរណ៍ ជា​វិស័យ​ដ៏​មាន​សក្តានុពល​មួយ សម្រាប់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។ ភ្ញៀវទេសចរ​មក​ប្រទេស​កម្ពុជា កើនឡើង​រៀងរាល់ឆ្នាំ​។ របាយការណ៍​ទេសចរណ៍ បានឱ្យដឹងថា ឆ្នាំ​២០១៥ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ចំនួន ៤,៧៧៥,២៣១​នាក់ កើនឡើង​ប្រមាណ ៦.១​ភាគរយ​បើ​ប្រៀប​នឹង​ឆ្នាំ​២០១៤៕

ចំនួនអ្នកទស្សនា

    20636177

  • ថ្ងៃនេះ12051
  • ម្សិលមិញ10851
  • សប្តាហ៍នេះ78571
  • ខែនេះ193721
  • ឆ្នាំនេះ193721
  • សរុប20636177