​មន្ត្រី​ក្រសួង មហាផ្ទៃព្រមាន​ប្ដឹង​ម្ចាស់​យានដ្ឋាន​ច្នៃ​រថយន្ដ​អត់​ច្បាប់

16-March-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ មន្ត្រី​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ក្រសួងមហាផ្ទៃ​ព្រមាន​ប្តឹង​ម្ចាស់ យានដ្ឋាន​កែច្នៃ​រថយន្ត​មួយចំនួន​ឡើងទៅ​តុលាការ​ប្រសិនបើ​ម្ចាស់ យានដ្ឋាន​ទាំងនោះ​នៅ​បន្ត​អាជីវកម្ម​កែច្នៃ​ទាំង​គ្មាន​ច្បាប់​អនុញ្ញាត កែច្នៃ​រថយន្ត​ធុន​ធំ​កាត់ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​ដោយ​អះអាងថា​ការ កែច្នៃ​នេះ​ជាហេតុ​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ខូច​ស្ថានភាព​ទ្រង់ទ្រាយ​ផ្លូវ​សាធារណៈ​។​

​ការព្រមាន​នេះ​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​សណ្តាប់ធ្នាប់​បាន​ចុះ ត្រួតពិនិត្យ​យានយន្ត​ក្នុង​រាជធានី​ភ្នំពេញ​រកឃើញថា​យានដ្ឋាន​ជុស​ជុល កែច្នៃ​រថយន្ត​តូចៗ​ប្រមាណ ១៥០ កន្លែង​ដែល​ក្នុងនោះ​មាន​ប្រមាណ​តែ ៣០ ភាគរយ​ប៉ុណ្ណោះ​បាន​ទៅ​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឯ​ក្រៅពីនោះ​សុទ្ធតែ​ខុសច្បាប់​ទាំងអស់ ។​
​អនុប្រធាននាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​ក្រសួងមហាផ្ទៃ ​លោក ទី ឡុង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ក្រុមមន្ត្រី​សណ្តាប់ធ្នាប់ បាន​ចុះ​ត្រួតពិនិត្យ​យានដ្ឋាន​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ដើម ខែមករា​ឆ្នាំ ២០១៦ មក​ដោយបាន​រកឃើញ​ថា​ភាគច្រើន​ជា​យានដ្ឋាន​ខុសច្បាប់ និង​ពុំមាន​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ​ឡើយ​។
​តែ​លោក​បាន​ថ្លែងថា នៅ​ដំណាក់កាល​ដំបូង​ខាង​មន្ត្រី​បានធ្វើ​ការអប់រំ និង​ណែនាំ​ឱ្យទៅ​ចុះបញ្ជី​សិន​តែបើ​ម្ចាស់​យានដ្ឋាន​មិន​ព្រម​ធ្វើតាម ការណែនាំ​ក្រុមមន្ត្រី​សណ្តាប់ធ្នាប់​នឹង​ប្តឹងទៅ​តុលាការ​ដើម្បីឱ្យ ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ឬ​អាច​ឈានដល់​ការបិទ​យានដ្ឋាន​តែម្តង​។

​លោក​ថា «​បើសិន​គាត់​មិន​អនុវត្តតាម​យើង​នឹង​ប្តឹងទៅ​តុលាការ​តាម​នីតិវិធី​ព្រោះ យានដ្ឋាន​គាត់​ខុសច្បាប់ ទី​ពីរ​ទៀត​គាត់​ដំឡើង ឬ​កែច្នៃ​យានយន្ត​រឹតតែ​ខុសច្បាប់​ទៅទៀត​ដោយ​គាត់​ធ្វើតាម​អ្វីដែល អតិថិជន​ចង់បាន​តែ​អត់​គោរព​ទៅតាម​បទដ្ឋាន​ដែល​ក្រសួង​សាធារណ​ការកំណត់ ឱ្យ​ទេ​»​។​
​លោក​បាន​លើក​ឧទាហរណ៍​ជាក់ស្តែង​ដែល​ធ្លាប់​ឃើញ​កន្លងមក​ថា «​ឧទាហរណ៍​ឡាន​គេ​តម្រូវឱ្យ​កែច្នៃ​តែ ១៨ ម៉ែត្រ​តែ​គាត់​ធ្វើ ២០ ម៉ែត្រ​តាមតែ​អតិថិជន​កុម្ម៉ង់​ប៉ុន្មាន​ក៏​ធ្វើឱ្យ​ដែរ​ករណីនេះ​ទោះជា យានដ្ឋាន​គាត់​មានច្បាប់​ក៏ដោយ​តែ​ដំឡើង​ការផលិត​ក៏​នៅតែ​ខុស​ដែរ​»​។​

​បើតាម​លោក ទី ឡុង កន្លងមក​ខាង​មន្ត្រី​សណ្តាប់ធ្នាប់​បាន​ចុះ​ត្រួតពិនិត្យ​យានដ្ឋាន​នៅ ក្នុង​រាជធានី​ភ្នំពេញ​ស្ទើរ​គ្រប់​ខណ្ឌ​ទាំងអស់​តែ​លោក​មិនទាន់មាន របាយការណ៍​ក្នុង​ដៃ​ថា​ប៉ុន្មាន​យានដ្ឋាន​នោះទេ​។​
​ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ព្រាប ច័ន្ទ​វិបុល រហូតមក​ដល់ពេល​ក្រសួង​បានផ្តល​អាជ្ញាប័ណ្ណ​ចំនួន ៩ ដល់​យានដ្ឋាន​ជួសជុល​ធំៗ​ប៉ុន្តែ​ភាគច្រើន​មិនបាន​ទទួល​សំណើ​ពី​ម្ចាស់ យានដ្ឋាន​កែច្នៃ​រថយន្ត​ទេ​។

​យ៉ាងណាក៏ដោយ​លោក​ថា​ទោះជា​យ៉ាងណា​លោ​កថា​ករណី​មាន​យានដ្ឋាន​កែច្នៃ ខុសច្បាប់​ទុកឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ចាត់វិធានការ​មួយ​។ ​លោក​ថា « «​យើង​មិនមាន​វិធានការ​ក្នុងការ​ផ្អាក​អាជីវកម្ម​ពួកគេ​ទេ​តែម​ន្ត្រី ប៉ូលិស​ដែល​ធ្វើ​រឿងនេះ​មាន​សមត្ថកិច្ច​បញ្ជូន​ក​រ​ណី​នេះ​ទៅ​តុលាការ​ដើម្បី វិនិច្ឆ័យ ឬ​ផ្អាក​អាជីវកម្ម​»​។​

​លោក​បន្ថែមថា​ក្រសួង​គ្រាន់តែ​ជាង​អ្នកផ្តល់​អាជ្ញាប័ណ្ណ​ក្នុងការ ធ្វើ​អាជីវកម្ម​តែប៉ុណ្ណោះ​តែបើ​ម្ចាស់​យានដ្ឋាន​ដែល​ទ​ទូល​បានការ អនុញ្ញាត​មិនបាន​អនុវត្តតាម​លក្ខខណ្ឌ​ដែល​បានកំណត់​ទើប​ក្រសួង​អាច​ចេញ ផ្អាក​អាជីវកម្ម​ដោយ​គ្មាន​ការអនុញ្ញាត​របស់​តុលាការ​។ ​បើតាម ច័ន្ទ​វិបុល អ្នក​ដែល​បើក​យានដ្ឋាន​កែច្នៃ​យានយន្ត​ត្រូវគោរព​តាម​លក្ខខណ្ឌ​ពិសេស​ដោយ តម្រូវឱ្យមាន​វិស្វករ​យ៉ាងហោចណាស់​មួយ​នាក់ និង​បញ្ជូន​គំរូ​ប្លង់​កែច្នៃ​ដាក់ជូន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដើម្បី​ពិនិត្យ​ទើប​អនុញ្ញាតឱ្យ​បើក​អាជីវ​កម្មនេះ​។​

​ករណី​កែច្នៃ​យានយន្ត​នេះ​ត្រូវបាន​គេ​មើលឃើញថា​នាំឱ្យ​ខូច​ផ្លូវ សាធារណៈ​ធ្ងន់ធ្ងរ​ដោយសារ​ផ្ទុក​លើស​ទម្ងន់​ជាពិសេស​បង្ក​ឲ្យ​មាន គ្រោះថ្នាក់​ដល់​អ្នកដទៃ​ខណៈ​ការកែច្នៃ​យានយន្ត​មួយចំនួន​ខុស​បច្ចេកទេស និង​ខុស​ស្តង់ដារ​រថយន្ត​៕

ចំនួនអ្នកទស្សនា

    20636117

  • ថ្ងៃនេះ11991
  • ម្សិលមិញ10851
  • សប្តាហ៍នេះ78511
  • ខែនេះ193661
  • ឆ្នាំនេះ193661
  • សរុប20636117