ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ប្រកាសចាត់វិធានការអនុវត្តច្បាប់ ថានឹងឃាត់ខ្លួនចំពោះមន្ត្រីនគរបាលណា ដែលនៅតែបន្តធ្វើលិខិតស្នាមមិនស្របច្បាប់ឲ្យជនបរទេស។ ការថ្លែងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន នៅក្នុងឱកាសបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមឆ្នាំ២០១៥និងផ្សព្វផ្សាយទិសដៅអនុវត្តបន្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនាព្រឹកថ្ងៃទី១៦ខែមិនានៅសាលប្រជុំក្រសួងមហាផ្ទៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ថានឹងមិនដាក់ចេញនូវសំណូមពរ និងចេញបទបញ្ជាការទៀតទេទៅដល់បណ្ដាស្នងការខេត្តរាជធានីនិងមន្ត្រីថ្នាក់ក្រោមនានាទៀតចំពោះបុគ្គលអង្គភាពណាដែលចេញលិខិតស្នាមមិនស្របច្បាប់ឲ្យជនបរទេស ឯកឧត្តមស្នើសុំយកបញ្ហានេះទៅទូទាត់គ្នាទៅតាមផ្លូវច្បាប់តែម្តង។
ឯកឧត្តមបន្តថា មកដល់ម៉ោងនេះ នឹងមិនអនុញ្ញាតឲ្យកើតមានទៀតទេនូវបញ្ហានេះ ខណៈពីមុនមកឯកឧត្តម មិនដែលអនុញ្ញាតឲ្យមានធ្វើទង្វើខុសច្បាប់ទាំងនោះទេ ហើយឯកឧត្តមថា សម្រាប់បញ្ហានេះ នឹងទូទាត់គ្នាទៅតាមបញ្ហានីមួយៗ ហើយត្រូវដោះស្រាយជាមួយគ្នាទៅតាមផ្លូវច្បាប់ និងពិន័យនគរបាលជាតិ។
ការថ្លែងចាត់វិធានអនុវត្តឃាត់ខ្លួនមន្ត្រីនគរបាលនោះបានធ្វើឡើងបន្ទាប់ពីមានការថ្លែងប្រតិកម្ម របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលពាក់ព័ន្ធថា កន្លងមកពិតជាមានមន្ត្រីនគរបាលនៅថ្នាក់ក្រោមមួយចំនួនមានការធ្វើ លិខិតស្នាមមិនស្របច្បាប់ឲ្យជនបរទេសរហូតដល់មានការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសច្បាប់ឲ្យជនបរទេស ផងដែរ។ សួមរំលឹកថា តាមប្រសាសន៍សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងថា សម្រាប់ជនបរទេសដែលមានលទ្ធភាពអាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បាន លុះត្រាបុគ្គលជនបរទេសនោះមានព្រះរាជក្រឹត្យចូលសញ្ជាតិប្រទានពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ៕
ដោយ៖សីហា