ក្រសួង​ធនធានទឹក ប្រកាស​ពី​ការឡើង​កំដៅ​មួយកម្រិត​ទៀត ចន្លោះ​ពី​៣៨-៤០​អង្សា​សេ ក្នុង​រយៈពេល​៩​ថ្ងៃ

17-March-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ចាប់ពី​ថ្ងៃទី​១៧-២៥ ខែមីនា ឆ្នាំ​២០១៦ ពោល​មាន​រយៈពេល​៩​ថ្ងៃនេះ នៅ​ប្រទេស​កម្ពុជា នឹង​ប្រឈមមុខ​សីតុណ្ហភាព ឡើង​កំដៅ​មួយកម្រិត​ទៀត គឺ​ចាប់ពី​៣៨-៤០​អង្សា​សេ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក នៅ​រសៀល​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦​នេះ បាន​ឲ្យ​ដឹងថា «​យោងតាម​ការសង្កេត តាមដាន និង​បន្ទាប់ពី​បានធ្វើការ​ព្យាករ លើ​ស្ថានភាព​អាកាសធាតុ​រួចមក បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី​១៧-២៥ ខែមីនា ឆ្នាំ​២០១៦ កម្រិត​សីតុណ្ហភាព​អតិបរមា នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​កើនឡើង​ក្នុងនោះ​រួមមាន ទី​១-​តំបន់​វាលទំនាប និង​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អតិបរមា​ចាប់ពី​៣៨-៤០​អង្សា​សេ និង​ទី​២-​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៥-៣៧​អង្សា​សេ និង​អាចមាន​ភ្លៀង​កក់ខែ​តិចតួច​»​។​

​ក្រសួង​ធនធានទឹក​ក៏បាន​ប្រកាស​ឲ្យ ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅពេល​មេឃ​រកកលភ្លៀង​។ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក បាន​ថ្លែងប្រាប់ បន្ថែមថា សីតុណ្ហភាព​នឹង​ឡើង​មួយកម្រិត​ទៀត ដែល​ពីមុន​ចាប់ពី​៣៨-៣៩​អង្សា​សេ តែ​នៅពេលនេះ សីតុណ្ហភាព​នឹង​ឡើងដល់​៤០​អង្សា​សេ ដូច្នេះ​សូម​ឲ្យ​ប្រជាពលរដ្ឋ​បានទទួល​ព័ត៌មាន​ចំពោះ​បញ្ហា​អាកាសធាតុ នឹងមាន​ការប្រុងប្រយ័ត្ន សម្រាប់​អ្នករស់នៅ​តាម​ខេត្ត ជាប់មាត់​សមុទ្រ​៕

ចំនួនអ្នកទស្សនា

    20637827

  • ថ្ងៃនេះ771
  • ម្សិលមិញ12921
  • សប្តាហ៍នេះ771
  • ខែនេះ195371
  • ឆ្នាំនេះ195371
  • សរុប20637827