ភ្នំពេញ ៖ ខណៈមានកូនខ្មែរជាច្រើនបានធ្វើស្ម័គ្រចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសដោយហេតុផលចង់ទៅនៅក្រៅប្រទេស នៅថ្ងៃទី១៨ខែមីនា ឆ្នាំ២០១៦ នេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) បានអំពាវនាវឲ្យស្ត្រីខ្មែរ និងអាណាព្យាបាល ត្រូវព្យាយាមរកភាពស្របច្បាប់ពីជនបរទេស ដើម្បីបានរៀបអាពាហ៍ពិពាហ៍ និងការរស់នៅក្រៅប្រទេសប្រកបដោយសុខសុវត្ថិភាព។
ថ្លែងនៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពី បែបបទនីតិវិធីរៀបចំអាពាហ៍ពិពាហ៍ទៅក្រៅប្រទេស នាព្រឹកថ្ងៃទី១៧ ខែមីនា នៅសាលប្រជុំ គ.ជ.ប.ជ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ស្ត្រីខ្មែរដែលបានរៀបចំអាពាហ៍ពិពាហ៍ជាមួយជនបរទេស មិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ ប៉ុន្តែស្ត្រីខ្លួនឯងដែលមានបំណងរៀបការជាមួយជនបរទេសនោះត្រូវតែពិចារណាឲ្យបានត្រឹមត្រូវ ពិនិត្យសាវតាគ្នាទៅវិញទៅមក និងសមស្របទៅតាមនីតិច្បាប់ ពិសេសស្ត្រីខ្មែរអាយុក្រោម១៨ឆ្នាំ៕