ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ ប្រទះឃើញសាកសពជនអនាថាមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស អាយុជាង៦០ ឆ្នាំនៅវាលស្រែខាងកើភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រកត្បូងឃ្មុំ ។ ហេតុការណ៍ដែលគួរអោយភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង ១៣ និង ៣០នាទី នាថ្ងៃទី១៧ មិនា ២០១៦ នៅចំណុចវាលស្រែចម្ងាយប្រមាណ៣០០ ម៉ែត្រ ខាងកើតភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សាកសពនោះ ស្លៀកខោខ្មៅជើងវែងអត់អាវ ដេកស្លាប់នៅក្រោមកូនឈើ។
តាមប្រភព ព័ត៌មាន នៅកន្លែងកើតហេតុ ប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះនេះ ជាជនអនាថានិង វិកលចរឹតថែមទៀតផង ហើយ បានមកអង្គុយ ដាច់បាយដាច់ទឹក នៅទីនេះ ចំនួន ៣ថ្ងៃកន្លងមកហើយៗមិនមាននិយាយស្តីជាមួយអ្នកណាទេ ។
បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច កំលាំងជំនាញ សហការណ៍ ជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យសាកសព ឃើញថាគ្មានស្លាកស្នាមអ្វីគួរកត់សំគាល់ឡើយ ។ ក្រោយការពិនិត្យរួចកំលាំងជំនាញបានប្រគល់សពជូនអាជ្ញាធរឃុំស្រឡប់ យកមកតំកល់ទុកនៅ ទីទួលប៉ាឆា ភូមិត្រពាំងធំ ឃុំស្រឡប់ដើម្បីទាក់ទងរកសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ៕
ដោយ៖ អ៊ាមហ៊ុយ