តាំងខ្លួន​ជា​បុគ្គលិក​អង្គការ យក​ផ្ទាំង​សូ​ឡា​ទៅ​លក់ ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​ជាប់​ខ្នោះ​

20-March-2016 | ដោយ មែន កំសត់


​កំពង់ធំ​៖ ប្រជាពលរដ្ឋ​៣៣​គ្រួសារ ស្ថិតនៅ​២​ភូមិ​ក្នុង​ខេត្តកំពង់ធំ បាន​ចាញ់បោក​មនុស្ស​៦​នាក់ ដែល​ក្លែងបន្លំ​ជា​បុគ្គលិក​អង្គការ ដើរ​ផ្សព្វផ្សាយ​លក់​ផ្ទាំង​សូ​ឡា ប៉ុន្តែ​ជន​ឆបោក​ទាំងនេះ​ត្រូវបាន​កម្លាំង​នគរបាល ក្រុង​ស្ទឹងសែន​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​ស្នងការ​នគរបាល​ខេត្ត​លោក​ឧ​ត្ត​ម​សេនីយ៍ ជូ សំអាន និង​មានការ​សម្របសម្រួល​ពី​សំណាក់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក អ៊ី​ត សុធា​។ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា «​ជនសង្ស័យ​ទាំង​៦​នាក់​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦​នេះ​»​។​

​ជនសង្ស័យ​ទាំងនេះ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ​២០១៦​។ លោក ញ៉ែម ឈុនលី អធិការនគរបាល​ក្រុង​ស្ទឹងសែន បាន​ប្រាប់ នៅ​រសៀល​ថ្ងៃនេះ​ថា «​មុនពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៦​នាក់​នេះ គឺ​ក្រោយពី​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ ក្នុងនោះ​មាន​ភូមិ ម​ហ ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និង​ភូមិ​រលួស សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដែល​ត្រូវបាន​រាយ​ការ​តាមរយះ​ប៉ុស្តិ៍​រដ្ឋបាល​ថា មាន​មនុស្ស​៦​នាក់ បាន​អះអាងថា ខ្លួន​ជា​បុគ្គលិក​អង្គការ​មក​ឆបោក​ប្រជាពលរដ្ឋ ទើបបាន​សុំ​យោបល់​ពី​លោក អ៊ី​ត សុធា ព្រះរាជអាជ្ញា​ខេត្ត ឲ្យ​ទៅ​នាំខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់ ពី​ផ្ទះសំណាក់​ពន្លឺ​ថ្មី ស្ថិតនៅក្នុង​ក្រុង​ស្ទឹងសែន ដើម្បី​មក​សួរនាំ លុះ​ក្រោយមក​ក៏បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​តែម្តង​»​។​

​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ឲ្យ​ដឹងថា ពួកគាត់​មាន​៣៣​គ្រួសារ ក្នុងនោះ​ភូមិ ម​ហ ១៧​គ្រួសារ និង​ភូមិ​រលួស​១៦​គ្រួសារ បាន​បង់លុយ​ឲ្យ​ទៅ​ក្រុម​ឆបោក​ក្នុង​មួយ​គ្រួសារ ១០០​ដុល្លារ សម្រាប់​ការបំពាក់​ផ្ទាំង​សូ​ឡា​។ លោក ជេ​ត ជាក់ មេភូមិ​រលួស បាន​ឲ្យ​ដឹងថា មុនពេល​ចាញ់បោក ក្រុម​ខិលខូច​ទាំងនេះ គឺ​ពួកគេ​បានមក​ទំនាក់ទំនង​ជាមួយ​មេភូមិ ដើម្បី​ឲ្យ​មេភូមិ​ហៅ​ប្រជាពលរដ្ឋ​ចូលមក​ប្រជុំ ដោយបាន​អះអាងថា ការចុះ​មកនេះ​គឺ​មកជួយ​ប្រជាពលរដ្ឋ ដែល​ចង់បាន​ភ្លើងអគ្គិសនី និង​ឲ្យ​បំពាក់​ផ្ទាំង​សូ​ឡា បង់​រំ​លួស​រយះពេល​៤​ឆ្នាំ តែ​ត្រូវ​បង់​មុន​១០០​ដុល្លារ ក្នុងនោះ អង្គការ​មាន​ផ្តល់ប្រាក់​កម្ចី​ជូន​ប្រជាពលរដ្ឋ អាច​ខ្ចី​បាន​ក្នុង​មួយ​គ្រួសារ​១​លាន​រៀល​។ ប្រជាពលរដ្ឋ​សរុប​២​ភូមិ បានប្រគល់​លុយ​ឲ្យ ខ្លះ​ខ្ចី ខ្លះ​ចងការ​គេ​ខណៈ​ចង់បាន​ផ្ទាំង​សូ​ឡា តែ​ក្រោយពី​ក្រុម​ឆបោក​ប្រមូលប្រាក់​ពី​ប្រជាពលរដ្ឋ​បាន ក៏​ប្រាប់​ប្រជាពលរដ្ឋ​ថា ដាំបាយ​ឲ្យ​ច្រើន​ទៅ ពួក​ខ្ញុំ​ទៅ​ទិញ​ម្ហូប ក៏​នាំគ្នា​រំដោះ​គ្នា​ចេញមកក្រៅ​ភូមិ ហើយ​ឲ្យ​ម្នាក់​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ជា​ថ្នូរ​។ តែ​រឿងនេះ​ត្រូវ​បែកការណ៍ មេភូមិ​ក៏​ប្រាប់​ទៅ​ប៉ុស្តិ៍​រដ្ឋបាល ចំណែក​មនុស្ស​ម្នាក់ ដែល​ត្រូវបាន​គេ​ចាត់​ឲ្យ​ឲ្យ​នៅ​ជា​ថ្នូរ​នោះ បានឮ​មេភូមិ​និយាយ​ទូរស័ព្ទ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល ក៏​ឡើង​ម៉ូតូ​ជិះ​រត់ ហើយក៏​នាំគ្នា​បិទ​ទូរស័ព្ទ​។​

​ក្រោយមក​កម្លាំង​នគរបាល​ក៏​តាម​ចាប់បាន​ទាំង​ទាំងនេះ​។ ជនសង្ស័យ​ទាំង​៦​នាក់ ទី​១​ឈ្មោះ ស្មាន ស៊ុ​ល​គី​ភ្លី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ស្តី ខេត្តពោធិ៍សាត់ ទី​២ ឈ្មោះ យ៉ើ រ៉ូ​ហ្វា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ទល​ងោក ឃុំ​កំពង់​លួង ខេត្តកណ្តាល ទី​៣ ឈ្មោះ ឡោះ ម៉ាត់​លី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ទល​ងោក ឃុំ​កំពង់​លួង ខេត្តកណ្តាល ទី​៤ សុះ រ​សេត អាយុ​៤១​ឆ្នាំ រស់់នៅ​ភូមិ​វិហារ​សំបូរ ខេត្ត​ត្បូងឃ្មុំ ទី​៥ ឈ្មោះ ឡោះ រ៉​យ៉ា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ព្រះស្តេច ខេត្តបាត់ដំបង និង​ទី​៦ ឈ្មោះ ជា ណាវី ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ ខេត្តកំពង់ឆ្នាំង វត្ថុតាង​មាន​ម៉ូតូ​៤​គ្រឿង និង​ទូរស័ព្ទ​៨​គ្រឿង​ត្រូវ​សមត្ថកិច្ច​ដកហូត​៕

ចំនួនអ្នកទស្សនា

    20638677

  • ថ្ងៃនេះ1621
  • ម្សិលមិញ12921
  • សប្តាហ៍នេះ1621
  • ខែនេះ196221
  • ឆ្នាំនេះ196221
  • សរុប20638677