ប្រជាពលរដ្ឋ​២​គ្រួសារ ដែលមាន​ជម្លោះដីធ្លី​ជាមួយ ក្រុមហ៊ុន​សុខាអូតែល ស្វែងរក​អន្តរាគមន៍​

21-March-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​មានរឿង​ទំនាស់​ដីឡូត៍ ដ៏​រ៉ាំរ៉ៃ​មួយកន្លែង ជាមួយ​ក្រុមហ៊ុន​សុខាអូតែល​ស្ថិត​ត្រង់ចំណុច​ខាងជើង ជាប់​អូ​តែ​ល​សុខា ក្នុង សួន​ជ្រោយចង្វារ ផ្លូវ​ទន្លេសាប ក្រុម​៩ ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង និង​សុំ​អង្វរ​យ៉ាងទទូច​ដល់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មេត្តាជួយ​អន្តរាគមន៍ ផ្ដល់​ភាពយុត្តិធម៌​ដល់ ពួកគាត់​ផង ខណៈដែល​ជម្លោះ​ដី​នេះ បាន​បន្ត​អូសបន្លាយ​មិនទាន់​ចប់​នៅឡើយ​។ ជាមួយគ្នានេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីការ​ក្សា​ការពារ​លើដី របស់​ពួកគាត់ ដែល​កាន់កាប់​ជា​យូរ​មកហើយ​នោះ ដោយ​តម្រូវ​ឲ្យ​ភាគី ក្រុមហ៊ុន សុខាអូតែល ធ្វើ​របង​ព័ទ្ធជុំវិញ​ដីធ្លី​របស់​ពួកគាត់​ទៅវិញ​។​

​ការចេញ​ដីកា​សម្រេច​រក្សា ការពារ​របស់​តុលាការ​នេះ បានធ្វើ​ឡើងខណៈ​បច្ចុប្បន្ននេះ ក្រុមហ៊ុន​សុខាអូតែល កំពុង​ប្រឈម​បន្ត​ដោះស្រាយ​បញ្ហាដីធ្លី​ជាមួយ​ពួកគាត់ នៅ​ស្ថាប័ន​តុលាការ ពុំទាន់​មាន​ដំណោះស្រាយ​នៅឡើយ សម្រាប់​ពួកគាត់ ដែល​បាន​កាន់កាប់ រក្សា​ដី​មួយកន្លែង​នេះ ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​នោះ​។

អ៊ុំ ​ស្រី នាង សាឡី មាន​វ័យ​៦៨​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ម្នាក់ រស់នៅ​មូលដ្ឋាន​ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ និង​ជា​ម្ចាស់​ដី​ទំនាស់​ខាងលើ បាន​រៀបរាប់​ប្រាប់ ទាំង​ទឹកភ្នែក​រលីងរលោង​ថា ដី​របស់គាត់​មាន ទំហំ​១៦៤០​ម៉ែត្រការ៉េ និង​មាន​ព្រំប្រទល់​ខាងជើង​ទល់ និង​ដី​របស់​ឈ្មោះ ជុង ចែ​ប៊ួ​យ ខាងត្បូង​ទល់ និង​ដី​របស់​ឈ្មោះ ម៉ែ អា​វីន ខាងកើត​ទល់ និង​ចំណី​ផ្លូវលំ ខាងលិច​ទល់ និង​ដី​របស់​ឈ្មោះ ជុង ចែ​ប៊ួ​យ និង​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ទទួលស្គាល់ ដោយមាន​លិខិតបញ្ជាក់​ពី ប្រវត្តិ​ដី​ត្រឹមត្រូវ​ច្បាស់លាស់ ហើយ​បាន​កាន់កាប់​ប្រើប្រាស់ ដីធ្លី​មួយកន្លែង​នេះ តាំងពី​ឆ្នាំ​១៩៧៩ រហូតមកទល់​បច្ចុប្បន្ន​។​

​អ៊ុំ ​ស្រី​បាន​ឲ្យ​ដឹងថា ដី​របស់គាត់​ក៏មាន​ហាងឆេង​ក្នុង​មួយ​ម៉ែត្រការ៉េ​តម្លៃ​២៥០០​ដុល្លារ ទៅ​៣០០០​ដុល្លារ ឯណោះ ស្រាប់តែ​ក្រុមហ៊ុន​សុខាអូតែល បានធ្វើ​របង​ព័ទ្ធជុំវិញ​ដី​របស់​ពួកគាត់ រួច​ឲ្យ​តម្លៃ ត្រឹមតែ​១០០​ដុល្លារ ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ ទើប​ធ្វើ​ឲ្យ​ពួកគាត់​មិនអាច​ទទួល យកបាន​ព្រមទាំង​សម្រេចចិត្ត ដាក់ពាក្យ​បណ្ដឹង​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​សុំ​ផ្ដល់​ភាពយុត្តិធម៌​។ អ៊ុំ ​ស្រី នាង សាឡី បាន​ប្រាប់ទៀតថា «​ខណៈដែល​កំពុង​ដោះស្រាយ​គ្នា នៅ​ស្ថាប័ន​តុលាការ ពុំទាន់​មាន​ដំណោះស្រាយ ណាមួយ​សមស្រប​ផង ស្រាប់តែ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីការ​ក្សា​ការពារ​មួយច្បាប់ ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អូ​តែ​ល​សុខា ធ្វើ​របង​បង្ហើយ​ប្រវែង​៣០​ម៉ែត្រ ទៅលើ​ដី​ដែល​កំពុង ទំនាស់​ទៅវិញ វា​អយុត្តិធម៌​ចំពោះ​ពួកគាត់​ខ្លាំងណាស់​»​។​

​ចំណែក អ៊ុំ​ស្រី​ម្នាក់ទៀត​ឈ្មោះ នាង លន មាន​វ័យ​៥៥​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ និង​ជា​ម្ចាស់​ដី​ទំនាស់​ម្នាក់ ក៏បាន​លើកឡើង ស្រដៀង​គ្នា​ដែរ​ថា ដី​របស់គាត់​មាន​ទំហំ​១៩០០​ម៉ែត្រការ៉េ ដោយ​ខាងជើង​ទល់ និង​ដី​របស់​ឈ្មោះ​តា ឈុំ ខាងត្បូង​ទល់ និង​ដី​របស់​ឈ្មោះ​មី​លុច ខាងកើត​ទល់ និង​ដី​របស់​ឈ្មោះ ខៀវ សំ​ម៉ា​ណា ខាងលិច​ទល់ និង​ច្រាំងទន្លេ ដែល​ត្រូវបាន អាជ្ញាធរ​ថ្នាក់មូលដ្ឋាន​ទទួលស្គាល់ថា បាន​កាន់កាប់​ប្រើប្រាស់​ដីធ្លី​មួយកន្លែង​នេះ តាំងពី​ឆ្នាំ​១៩៧៩ រហូតមកទល់​បច្ចុប្បន្ន នៅមាន​ទំនាស់​ដ៏​រ៉ាំរ៉ៃ នៅ​តុលា​ការដែល មិន​អាចមាន​ដំណោះស្រាយ​ណាមួយ សមស្រប​សម្រាប់​ពួកគាត់​ឡើយ​។

ដោយឡែក ក្នុងនាម​ពួកគាត់​ជា​ម្ចាស់​ដី ដែល​បាន​កាន់កាប់​ប្រើប្រាស់​ដីធ្លី មួយកន្លែង​នេះ ជា​យូរលង់​ណាស់​មកហើយ​នោះ បានស្នើ​សុំ​ឲ្យ​មាន​ដំណោះស្រាយ​សមស្រប ដោយ​ក្នុង​មួយ​ម៉ែត្រការ៉េ​ត្រឹម​៥០០​ដុល្លារ ប៉ុណ្ណោះ​ដោយ​ស្ថិត​ស្តង់ដា​ត្រូវ​បង់ពន្ធ​អាករ ចូល​រដ្ឋ​ខណៈ​បច្ចុប្បន្ន ហាងឆេង​ដី​នេះ​មានតម្លៃ​ចាប់ពី ២៥០០​ដុល្លារ ទៅ​៣០០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​ឯណោះ ។

ផ្ទុយទៅវិញ​ក្រុមហ៊ុន​អូ​តែ​ល​សុខា ក្រោយពី​ធ្វើ​របង​ព័ទ្ធជុំវិញ​ដី របស់​ពួកគាត់​ហើយ​នោះ​បែរ ជា​ឲ្យ​តម្លៃ​ដី​របស់​ពួកគាត់​ត្រឹមតែ​១០០​ដុល្លារ​ទៅវិញ វា​អយុត្តិធម៌​ណាស់​សម្រាប់​ពួកគាត់​។ ជុំវិញ​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ទាំង​២​នាក់ ដែល​អះអាងថា ជា​ម្ចាស់​ដី​នោះ មិនទាន់​អាច​សុំ​ការបកស្រាយ​ពី ខាង​ក្រុមហ៊ុន​សុខាអូតែល នៅឡើយ​ទេ​៕

ចំនួនអ្នកទស្សនា

    20639567

  • ថ្ងៃនេះ2511
  • ម្សិលមិញ12921
  • សប្តាហ៍នេះ2511
  • ខែនេះ197111
  • ឆ្នាំនេះ197111
  • សរុប20639567