អគ្គស្នងការ​នគរបាល​ជាតិ ស្នើ​បញ្ឈប់​សកម្មភាព​មន្ត្រី​គយ ចុះ​ចាប់​រថយន្ត​ស្លាក​លេខ​នគរបាល​ដែល​ចុះបញ្ជី​ត្រឹមត្រូវ

22-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖  នា​រយ​:​ពេល​ចុង​ក្រោយនេះ​សកម្ម​ភាពចុះ​ចាប់​រថយន្ត​អត់​បង់ពន្ធ និង​រថយន្ត​ពាក់​ស្លាក​លេខ​ក្លែងក្លាយ ក្នុងនោះ​មាន​ទាំង​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​ផងដែរ ពី​សំណាក់​ក្រុមមន្ត្រី​គយ សហការ​ជាមួយ​ក្រុម​អាវុធហត្ថ ស្រាប់តែ​ថ្មីៗ​នេះ នាយ​ឧ​ត្ត​ម​សេនី​យ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានស្នើ​ឲ្យ​បញ្ឈប់​សកម្ម​ភាពចុះ​ចាប់​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល ដែល​បាន​ចុះបញ្ជី​ជា​អចលន​ទរព្យ​របស់​ក្រសួងមហាផ្ទៃ​។​

​សំណើ​នេះ​ត្រូវបាន​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បានដាក់​ទៅ​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦​កន្លងទៅ ហើយក៏​ត្រូវបាន​សម្តេច​ក្រឡាហោម ចារ​ឯកភាព នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ផងដែរ​។​

​យោងតាម​លិខិត​សំណើ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ដែល​អង្គភាព ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦​នេះ​បាន​ឲ្យ​ដឹងថា «​នៅ​ចុងឆ្នាំ​២០១៥​កន្លងទៅ ក្រុម​គយ​ចល័ត​បានធ្វើ​ប្រតិបត្តិការ ចាប់​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល ចំនួន​៥​គ្រឿង បង្ខំ​ឲ្យ​បង់ពន្ធ​នាំចូល​ដែល​ធ្វើ​ឲ្យ​មន្ត្រីនគរបាល​មួយចំនួន ធ្វើការ​ដេញដោល​គ្នា និង​បានលើកឡើង​នូវ​មតិ​ខុសគ្នាៗ​ជាច្រើន​»​។​

​នាយ​ឧ​ត្ត​ម​សេនី​យ៍ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​អគ្គស្នងការ​នគរបាល​ជាតិ បាន​សហការ​ជាមួយ អគ្គនាយកដ្ឋាន​ភស្តុភា និង​ហិរញ្ញវត្ថុ ដើម្បី​ណែនាំ​ឲ្យ​មន្ត្រី ដែលមាន​ស្លាក​លេខ​នគរបាល ស្ម័គ្រចិត្ត​យក​យានយន្ត​មក​បំពេញ​ចុះបញ្ជី​សារពើ​ភណ្ឌ​តម្កល់​ជា​ទ្រព្យសម្បត្តិ​របស់​ក្រសួងមហាផ្ទៃ ដោយមាន បិទ​និមិត្តរូប​សញ្ញា​នគរបាល​ដែល​បាន​បិទ​លើ​ទ្វារ​រថយន្ត​ទាំងសងខាង ដើម្បី​ធ្វើបញ្ជី​ផ្ញើជូន​អគ្គនាយកដ្ឋាន​ពន្ធដារ ផ្តល់​លតាប័ត្រ​ពន្ធ​ផ្លូវ​ស្របតាម ការកំណត់​។ ប៉ុន្តែ​ទោះ​បាន​អនុវត្ត​បែបនេះ​ក្តី នាពេល​ថ្មីៗ​នេះ​ក្រុម​គយ​ចល័ត​បាន​បន្ត​ចាប់​រថយន្ត​ជា​បន្តបន្ទាប់ ដោយ​ប្រើ​កម្លាំង​អាវុធហត្ថ​ព័ទ្ធ​រថយន្ត និង​អូស​រថយន្ត​យកទៅ​ទុក​នៅ​ទីស្នាក់ការ​គយ ធ្វើ​ឲ្យ​មានការ​ចោមរោម​ពី​សំណាក់​

ប្រជាពលរដ្ឋ​ជាច្រើន ប៉ះពាល់​ដល់​កិត្តិយស​របស់​នគរបាល​ជាតិ និង​គោល​ការ​ណ៌​ដឹកនាំ​របស់​ក្រសួងមហាផ្ទៃ​»​។​
​តាមរយ​:​លិខិត​នេះ នាយ​ឧ​ត្ត​ម​សេនី​យ៍ នេ​ត សាវឿន បានស្នើ​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង ជម្រាប​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​ផ្អាក​សកម្ម​ភាពចុះ​ចាប់​រថយន្ត​សិន រង់ចាំ​ការពិភាក្សា​ដើម្បី​រក​ដំ​ណាយ​ស្រាយ​លើ​បញ្ហា​នេះ​៕

ចំនួនអ្នកទស្សនា

    20639427

  • ថ្ងៃនេះ2371
  • ម្សិលមិញ12921
  • សប្តាហ៍នេះ2371
  • ខែនេះ196971
  • ឆ្នាំនេះ196971
  • សរុប20639427