ភ្នំពេញ៖នៅក្នុងសន្និសីទដើម្បី ពិភាក្សាជុំវិញបណ្តឹងរបស់ក្រុមនិស្សិត ដែលបានដាក់ពាក្យប្តឹង លោក កឹម សុខាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា យោងតាមច្បាប់ព្រហ្មទណ្ឌភាគីដែលត្រូវចោទប្រកាន់ មានសិទ្ធិធ្វើការឆ្លើយតប ទៅនឹងអ្វីដែលគេបានចុះផ្សាយ និងចោទប្រកាន់ តែរហូតមកដល់ពេលនេះម្ចាស់សម្លេងនៅក្នុងខ្សែអាត់ មិនបានចេញមុខធ្វើការបកស្រាយនោះឡើយ ដូច្នេះមានន័យថា គាត់ទទួលស្គាល់ការពិតចំពោះសំលេងរបស់ខ្លួន។
ឯកឧត្តម ទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា នៅពេលនេះនាយកដ្ឋានកោសល្យវិច័យកំពុងធ្វើការស៊ើបអង្កេតខ្សែអាត់សំលេង ហើយហើយពាក់ព័ន្ធរឿងនេះអង្គភាពរបស់លោក អាចនឹងដាក់លិខិតជូនទៅលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យឆ្លើយបំភ្លឺពាក់ព័ន្ឋករណីទិញដីនិងផ្ទះឲ្យស្រីស្នេហ៍តា មពាក្យបណ្តឹងរបស់លោកស្រី ចំរើន ។
ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ រូបនោះក៏បានថ្លែងបញ្ជាក់ និងអះអាងថា ការផ្សព្វផ្សាយសម្លេងរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា អ្នកសារព័ត៌មានគ្មានទោសកំហុសនោះទេ ដោយសារសម្លេងទាំងនោះ ពួកគេទទួលបានពីប្រភពទី៣។
សូមជំរាបថា Facebook «រឿងពិត CNRP» រហូតដល់ពេលនេះបានបង្ហោះសារសំឡេងឆ្លងឆ្លើយ រហូតដល់វគ្គទី៣៤ក្នុងនោះមានសំឡេងមួយ ដែលធ្វើឱ្យគេសង្ស័យថា លោក កឹម សុខា យកលុយ៤.០០០ដុល្លារ ដែលប្រមូលបានពីអាមេរិក ឲ្យទៅស្រីស្នេហ៍ឈ្មោះ ពៅ បើកហាងរកស៊ី៕