ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងនាមជានាយករដ្ឋមន្ត្រី ស្ដីទី បានអញ្ជើញចូលរួមជាអធិបតីភាពប្រកាសផ្លាស់ប្តូរតំណែង អភិបាលខេត្តស្វាយរៀង នៅសាលប្រជុំនៃសកលវិទ្យាលយ័ស្វាយរៀង។
ឯកឧត្តម ជៀង អំ អភិបាលខេត្តចាស់ត្រូវបាន ផ្ទេរទៅកាន់មុខងារជារដ្ឋលេខាធិការក្រសួងការពារជាតិ ជំនួសដោយ ឯកឧត្តម ម៉ែន វិបុល អភិបាលរងខេត្ត ជាអភិបាលខេត្តស្វាយរៀងវិញ។
ក្នុងពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំសាលាខេត្តស្វាយរៀង និងមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ចូលរួម៧៤៧នាក់ផងដែរ។
នាឱកាសនោះសម្ដេចក្រឡាហោម ស ខេង បានមានមតិផ្ដាំផ្ញើ និងបានលើកឡើងថា៖ ពាក់ព័ន្ធការជ្រើសតាំងមន្ត្រីថ្នាក់ក្រោមជាត គឺរាជរដ្ឋាភិបាលកម្ពុជាតម្រូវជ្រើសរើសអ្នកនៅក្នុងមូលដ្ឋានផ្ទាល់ ព្រោះពួកគាត់មានស្គាល់ភូមិសាស្ត្រច្បាស់លាស់ សភាពការណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋ ប៉ុន្តែត្រូវមានសមត្ថភាព និងបទពិសោធន៍ការងារផងដែរ ។ អាជ្ញាធរមានសមត្ថកិច្ចត្រូវសេវាបម្រើជួនប្រជាពលរដ្ឋគ្រប់ពេលវេលា ដូចជាការចុះបញ្ជីកំណើតឱ្យមានគ្រប់គ្នា ព្រោះមានសារៈសំខាន់ណាស់ ត្រូវតែបំពេញកាតព្វកិច្ច តួនាទីរបស់ខ្លួនឱ្យបានល្អប្រសើរ ការថែទាំសុខុមាលភាពប្រជាពលរដ្ឋ ជំរុញការធ្វើអត្តសញ្ញាណប័ណ្ណជួនប្រជាពលឱ្យបានគ្រប់ផែនការ ដែលផ្ដល់ជួនពលរដ្ឋដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងដោយសារវាមានសារៈសំខាន់បំផុតក្នុងការចុះឈ្មោះបោះឆ្នោត នាពេលខាងមុខ ព្រោះក្រៅពីអត្តសញ្ញាប័ណ្ណ ដូចជាកាតមន្ត្រីរាជការ កាតប៉ូលិស ទាហាន លិខិតឆ្លងកាតព្រះសង្ឃ និងឯកសារផ្សេងៗ មិនអាចចុះឈ្មោះបោះឆ្នោតបានទេ ក្នុងច្បាប់បោះឆ្នោត ។
សម្ដេចក្រឡាហោមអាជ្ញាធរត្រូវ ជំរុញការធ្វើកសិកម្ម ឧស្សាហកម្ម កសិឧស្សាហកម្ម ធនធានខ្សាច់ ថ្មភ្នំ សុទ្ធតែជាប្រភពនៃចំណូលរបស់រដ្ឋ ដូច្នេះក្នុងមូលដ្ឋានយើងត្រូវគ្រប់គ្រងឱ្យបាន និងស្វែងយល់ ស្រាវជ្រាវធនធានផ្សេងៗទៀត ដើម្បីទាញយកអ្នកវិនិយោគទុនមករកស៊ីក្នុងមូលដ្ឋាន បង្កើនចំណូល និងការងារជួនប្រជាពលរដ្ឋ ។ ក្នុងនោះបន្តការគ្រប់គ្រងជនអន្តោប្រវេសន៍ (ជនបរទេស) ដោយសហការជាមួយនគរបាលអន្តោប្រវេសន៍ឱ្យមានល្អប្រសើរ ដោយសារ ខេត្តស្វាយរៀង មានតំបន់រោងចក្រឧស្សាហកម្មច្រើន ។
ជាចុងក្រោយសម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា ការងារគ្រប់រដ្ឋបាលខេត្តឱ្យបានល្អប្រសើរនោះ អភិបាលខេត្តថ្មី ត្រូវមានសាមគ្គីភាពយ៉ាងស្អិតរមួតជាមួយប្រធានក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាល អភិបាលរង សមាជិកក្រុមប្រឹក្សា មន្ត្រីក្រោមឱវាទទាំងអស់ ក្នុងការបំរើប្រជាពលរដ្ឋ ការអភិវឌ្ឍន៍ក្នុងខេត្ត និងសង្គមជាតិទាំងមូលផងដែរ ៕
អត្ថបទ៖លោក សីហា