សម្តេច ហ៊ុន សែន ស្នើឱ្យ​រដ្ឋាភិបាល​ចិន ជួយ​សង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ និង​ព្រលានយន្តហោះ ថ្មី​នៅ​ខេត្តសៀមរាប​

24-March-2016 | ដោយ មែន កំសត់


​ក្នុងជំនួប​ទ្វេភាគី​ជាមួយ លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន នៅ​រសៀល ថ្ងៃទី​២៣ ខែមីនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើឱ្យ​រដ្ឋាភិបាល​ចិន ជួយ​សង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ (Express Way) និង​ព្រលានយន្តហោះ​ថ្មី​មួយ​នៅ​ខេត្តសៀមរាប​។ នេះ​បើតាម​ការផ្សព្វផ្សាយ​នៅលើ​ទំព័រ Facebook ។​

​នៅក្នុង​ជំនួប​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ស្នើ​ចង់ឱ្យ​ចិន​ពិនិត្យ និង​សម្រេច​លើ គម្រោង​សាងសង់​ពហុកីឡាដ្ឋាន​មរតក​តេ​ជោ និង គម្រោង​សាងសង់​មន្ទីរពេទ្យ​ចំនួន​៣ ដែល​មិត្ត​ចិន​បានសម្រេច​រួចហើយ ផងដែរ​។​
​នៅលើ​ទំព័រ Facebook សម្តេច​តេ​ជោ​ក៏បាន​បញ្ជាក់ដែរថា ប្រទេស​ចិន​បាន​គាំទ្រ​ដល់​សំណើរ​ទាំងអស់​ដែល បានលើកឡើង​ដោយ សម្តេច​តេ​ជោ ហើយនឹង​ពិនិត្យ លើ​ឯកសារ​ឱ្យបាន​រហ័ស ដើម្បី​គម្រោង​ទាំង អស់នេះ​ចាប់ដំណើរការ​សាងសង់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ពេញចិត្ត​ចំពោះ​ការជួយជ្រោមជ្រែង​ពី​មិត្ត​ចិន ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នឹង​កើនឡើង​ដល់ ៥០០០​លាន​ដុល្លា នៅពេល​ដ៏​ខ្លី​។ ទន្ទឹមនឹងនោះ សម្តេច​តេ​ជោ បានស្នើ​ឱ្យ​មិត្ត​ចិន​ជួយផ្តល់​លទ្ធភាព​ឱ្យបាន​ទូលាយ​ក្នុង​ការនាំ​ផលិតផល​កសិកម្ម ជាពិសេស​អង្ករ​ពី​កម្ពុជា​មក​ប្រទេស​ចិន​។​

​លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន បាន​សន្យា​នឹង​ជួយ​គៀងគរ​ណែនាំ​ជំរុញ​អ្នកវិនិយោគទុន​ចិន​ឱ្យទៅ​បណ្តាក់ទុន​នៅ​កម្ពុជា រួមទាំង​ការដំឡើង​រោងចក្រ​ប្រកបដោយ​បច្ចេកទេស​ខ្ពស់ ដើម្បី​កម្ពុជា​មានលទ្ធភាព​ផលិត​តាម​ស្តង់ដារ​និង​គុណភាព​អន្តរជាតិ សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន និង​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក​បាន​៕

ចំនួនអ្នកទស្សនា

    20641377

  • ថ្ងៃនេះ4321
  • ម្សិលមិញ12921
  • សប្តាហ៍នេះ4321
  • ខែនេះ198921
  • ឆ្នាំនេះ198921
  • សរុប20641377