ប៉ៃលិន ៖ បច្ចុប្បន្នដោយសារតែប្រជាពលរដ្ឋខ្លួនឯង ខ្វះការយល់ដឹងនាំគ្នាកាប់បំផ្លាញព្រៃឈើដែលជាធនធានធម្មជាតិដ៏ សំខាន់បំផុត សម្រាប់ទាក់ទាញទឹកភ្លៀង និងផ្តល់លំនឹងអាកាសធាតុ ដើម្បីរានយកដីដាំដំណាំ ពោត និងដំឡូងមី ទើបធ្វើឱ្យអាកាសធា តុកាន់តែក្តៅហួតហែងខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ បណ្តាលឱ្យខះទឹកអូរត្រពាំងបឹងបួរ ធ្វើឱ្យអ្នករស់នៅជាច្រើនភូមិខ្វះទឹកស្រោចស្រពដំណាំ ក៏ដូចជាប្រើប្រាស់ប្រចាំថ្ងៃផងដែរ ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៤ ខែមីនា កន្លងទៅនេះ គេសង្កេតឃើញប្រជាពលរដ្ឋជាច្រើនភូមិកំពុងខ្វះទឹកប្រើប្រាស់គួរ ឱ្យកត់សម្គាល់ដូចជា ភូមិអូរតាពុកក្រោម ភូមិវាលវង់ ភូមិថ្មី សង្កាត់ទួលល្វា ភូមិប៉ាហ៊ីជើង ភូមិប៉ាហ៊ីត្បូង ភូមិសួនអំពៅលិច ភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន កំពុងប្រឈមនឹងការខ្វះទឹកសម្រាប់ស្រោចស្រពដំណាំដាំដុះប្រចាំ គ្រួសារ ហើយសូម្បីតែទឹកទុយោម៉ែត្រគូប(ទឹកស្អាត) របស់ក្រុមហ៊ុនថូម៉ាក់ស ម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ៃលិន ក៏បានដាច់ទឹកអស់រយៈពេល៥ទៅ៦ថ្ងៃផងដែរ ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ពេលនេះមានតែនៅក្នុងស្ទឹងបយ៉ាខាមួយប៉ុណ្ណោះដែលសេសសល់ទឹក សម្រាប់ឱ្យអ្នកមានរថយន្តដឹកយកទៅលក់ ចែកចាយនៅតាមភូមិនានាក្នុង ក្រុង ។ ប៉ុន្តែម្ចាស់រថយន្តទាំងនោះ វាយឫកខ្លាំងណាស់ ដឹកឱ្យតែម៉ូយរបស់គេប៉ុណ្ណោះ ដោយក្នុង១រថយន្តតម្លៃពី១ម៉ឺន៥ពាន់រៀល ទៅ២ម៉ឺន៥ពាន់រៀល ។ ចំណែកអ្នកមិនធ្លាប់ហៅរថយន្តដឹកទឹកពីមុនមក នៅពេលគ្មានទឹកប្រើប្រាស់ គេទារថ្លៃ១រថយន្តពី៥ម៉ឺនទៅ៦ម៉ឺនរៀលឯណោះ ហើយជួនកាលហៅគេ៤ទៅ៥ដងហើយ គេមិនព្រមដឹកទឹកឱ្យថែមទៀតផង គួឱ្យឈឺចាប់យ៉ាងខ្លាំង ។
បើតាមការរៀបរាប់ពីលោក តេង សុង អាយុ៤៧ឆ្នាំ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន បានឱ្យដឹងថា ដំណាំសាលាដ ស្ពៃ ខាត់ណា ត្រសក់ សណ្តែកកួរ ត្រកួន របស់គាត់ និងអ្នកភូមិមួយចំនួនទៀត ដែលតែងតែនាំគ្នាប្រកបរបរដាំបន្លែទាំងនេះស ម្រាប់លក់ចិញ្ចឹមជីវិតប្រចាំថ្ងៃ ពេលនេះងាប់អស់ជាបណ្តើរៗហើយ ដោយគ្មានទឹកស្រោចនោះទេ ។ លោកបន្តទៀតថា កាលពីឆ្នាំមុន ទឹកភ្លៀងតែងតែធ្លាក់ជាញឹកញាប់ សូម្បីតែនៅខែវិច្ឆិកា និងខែធ្នូ ចុងឆ្នាំ ក៏នៅមានភ្លៀងដែរ ៕
តែឆ្នាំនេះរាំងតាំងពីខែតុលា រហូតមក មានភ្លៀងតិចតួចបំផុត ទើបធ្វើឱ្យស្រះទឹកចំនួន៣របស់គាត់ បានរីងខះអស់រលីង មិនដឹងជាបា នទឹកមកពីណាប្រើនោះទេ ព្រោះការទិញទឹកគេដឹកតាមរថយន្តមានការលំបាក គេមិនចង់ដឹកឱ្យគាត់នោះឡើយ ហើយថែមទាំងទារថ្លៃទៀត ។ ចំណែកអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ឱ្យដឹងដែរថា បើបងប្អូនប្រជាពលរដ្ឋខ្លួនឯង ក៏ដូចជាមន្ត្រីខិលខូចមួយចំនួននៅតែបន្តនាំគ្នាកាប់រានព្រៃ ភ្នំ និងព្រៃអភិរក្ស ដើម្បីយកដីដាំពោត និងដំឡូងមីថែមទៀត នៅថ្ងៃខាងមុខនឹងកាន់តែខ្សត់ភ្លៀង ខ្សត់ទឹក ហើយកម្ដៅកាន់តែឡើងខ្លាំង បណ្តាលឱ្យមានគ្រោះធម្មជាតិកើតឡើងថែមទៀតផង ។ ដូច្នេះមានតែនាំគ្នាចាប់ផ្តើមធ្វើការដាំដើមឈើឡើងវិញប៉ុណ្ណោះ ដែលជាកត្តាអាចទាក់ទាញទឹកភ្លៀង និងធ្វើឱ្យអាកាសធាតុមានលំនឹង ជួយផ្តល់ទឹកគ្រប់គ្រាន់សម្រាប់ជីវិតមនុស្ស និងសត្វរស់នៅបានសុខស្រួលទៅថ្ងៃខាងមុខ ៕