ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធបានថ្លែងថា ៖អ្នកកាសែតដែលកំពុងបំពេញការងារលើវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា មិនអាចជាប់ពន្ធធនាគារដោយគ្រាន់តែការសរសេរឬធ្វើការបញ្ចេញមតិតាមរយៈសារព័ត៌មាននោះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP។
AKPបានឲ្យដឹងថាការថ្លែងរបស់ ឯកឧត្តម ខៀវ កាញារីទ្ធបានធ្វើឡើងក្នុងឱកាសដែលរូបលោកអនុញ្ញាតឲ្យសមាគមអ្នកកាសែតថៃចូលជួបសំណេះសំណាលការងារលើវិស័យព័ត៌មាននាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ។
ឯកឧត្តមខៀវកាញារីទ្ធបានថ្លែងថា៖ក្រសួងព័ត៌មានបានផ្ដល់អាជ្ញាប័ណ្ណដល់សារព័ត៌មានគ្រប់ប្រភេទសម្រាប់ធ្វើការផ្សព្វផ្សាយព័ត៌មាន ហើយរាជរដ្ឋាភិបាលមិនដែលបិទសារព័ត៌មាន ឬគេហទំព័រណាមួយដែលបង្ហាញអំពីការផ្ដល់សិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិតាមរយៈសារព័ត៌មាននៅកម្ពុជានោះទេ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថាក្រសួងព័ត៌មានបានដើរតួនាទីជាអ្នកសម្រួលដល់អ្នកសារព័ត៌មានទាំងជាតិនិងអន្ដរជាតិដោយមិនមានការត្រួតពិនិត្យមុននឹងការចេញផ្សាយហើយផ្ដល់ភាពងាយស្រួលគ្រប់បែបយ៉ាងដល់អ្នកដែលចង់ឈរឈ្មោះបើកកាសែត បើទោះបីជាជនជាតិខ្មែរក្ដី ឬជនជាតិបរទេសក្ដី។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «អ្នកកាសែតដែលគ្រាន់តែបញ្ចេញមតិ មិនអាចជាប់ពន្ធធនាគារ ឬមានទោសទណ្ឌនោះទេ»។
ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានប្រាប់ទៅសមាគមអ្នកកាសែតថៃផងដែរថា នៅពេលកម្ពុជា និងថៃមានបញ្ហាជម្លោះព្រំដែន កើតឡើងរវាងប្រទេសទាំងពីរ សមាគមអ្នកកាសែតថៃ និងក្លឹបអ្នកកាសែតកម្ពុជា បានសហការក្នុងការផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាកុំឱ្យមានបញ្ហាកើតឡើងដល់ប្រជាជននិងប្រជាជនឬអាជីវកររកស៊ីនៃប្រទេសទាំងពីរ ដោយជួយឱ្យមានដំណើរអាជីវកម្ម នៃភាគីទាំងពីរជាធម្មតា និងមិនបានធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ និងការរស់នៅអ្វីនោះទេ៕