ភ្នំពេញ៖ បន្ទាប់ពីសិល្បករ សិល្បការិនី មួយរយៈនេះ បានលែងខ្លួនស្ទើតែអស់ល្វែងលើ ល្វែងក្រោមនូវភាពសិចស៊ីហួសព្រំដែនចម្លងតាមវប្បធម៌បរទេសនិងធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីដ៏ល្អថ្លៃថ្លារបស់ខ្មែរនោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ បានចេញសេចក្ដីណែនាំមួយជាបន្ទាន់ដល់សិល្បករ សិល្បការិនី ដែលលែងខ្លួនដើម្បីប្រយោជន៍បុគ្គល និងមិនគិតពីសេចក្ដីថ្លៃថ្នូរបស់ជាតិ។
នៅក្នុងសេចក្ដីណែនាំបានលើកឡើងថាក្រសួងសង្កេតឃើញនៅលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយ និងលើទំព័រនៃបណ្ដាញព័ត៌មានសង្គម (ហ្វេសប៊ុក) តែងមានសិល្បករ សិល្បការិនីមួយចំនួនកំពុងចាប់យកវប្បធម៌បរទេសមកធ្វើជាវប្បធម៌របស់ខ្លួនតាមរយៈការប្រើប្រាស់សំលៀកបំពាក់និងឥរិយាបថស្រើបស្រាលនានាដែលមានលក្ខណៈប្រាសចាកពីវប្បធម៌សីលធម៌និងទំនៀមទម្លាប់ប្រពៃណីរបស់ជាតិក្នុងគោលដៅអូសទាញនូវសមានចិត្តគាំទ្រពីទស្សនិកជនដើម្បីភាពល្បីល្បាញរបស់ខ្លួន។
ក្នុងបរិបទនេះ ដើម្បីរួមចំណែកដល់ការលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អថ្លៃថ្លា ដែលជាមរតកដូនតានៃយើង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមធ្វើការណែនាំដូចខាងក្រោម៖សិល្បករសិល្បៈការិនីទាំងអស់សូមប្រើប្រាស់សម្លៀកបំពាក់ឲ្យបានសមស្របតាមទំនៀមទំលាប់ប្រពៃណីរបស់ជាតិមានឥរិយាបថ ប្រកបដោយសីលធម៌ គុណធម៌ សុជីវធម៌ ដែលជាមរតកដ៏ល្អផូរផង់នៃដូនតាយើង។-
គ្រប់បណ្ដាញផ្សព្វផ្សាយទាំងអស់សូមចូលរួមទប់ស្កាត់និងបញ្ឈប់នូវរាល់ការចាក់ផ្សាយទាំងឡាយណាដែលមានសកម្មភាព ឥរិយាបថ និងការស្លៀកពាក់បម្រើដល់ការសម្ដែង ដែលមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិ៕