ACU បើក​ស្រោមសំបុត្រ​ពិនិត្យ​ទ្រព្យសម្បត្តិ​លោក កឹម សុខា

27-March-2016 | ដោយ មែន កំសត់


​ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU កាលពី​ម្សិលមិញ​បានប្រកាសថា​ខ្សែអាត់​សំឡេង​ចំនួន ៣៤ ខ្សែអាត់​ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​គឺ​ពិតជា​សំឡេង​របស់លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ហើយ ACU បានចាប់ផ្តើម​ដំណើរការ​ស៊ើបអង្កេត​ទៅ​លើ​សំណុំរឿង​ពុករលួយ​ដោយ​ចាប់ ផ្តើម​ពី​ការបើក​ស្រោមសំបុត្រ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​មេបក្ស ប្រឆាំង​រូបនេះ​ទៅតាម​ពាក្យបណ្តឹង​របស់​ក្រុមនិស្សិត​។​

ក្រោយពី​កិច្ចប្រជុំ​ជិត ៣ ម៉ោង នៅ ACU កាលពី​ម្សិលមិញ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ផ្លូវច្បាប់​លើ​សំឡេង​ខ្សែអាត់ ដែល​គេ​សង្ស័យថា ជា​សំឡេង​លោក កឹម សុខា បាន​ទិញ​ដី និង​ផ្តល់​លុយ​ឱ្យ​ស្រី​ស្នេហ៍​នោះ ACU ឯកឧត្តម​ឱម យ៉ិនទៀង បាន​ថ្លែងថា​តាមរយៈ​ការ​ស្តាប់​កិច្ចពិភាក្សា​របស់​មន្ត្រី​បាន​បកស្រាយ អង្គភាព​សម្រេច​ទទួល​យកពាក្យ​បណ្តឹង​របស់​យុវជន​ដើម្បី​ស៊ើបអង្កេត​លើ​លោក កឹម សុខា ពាក់ព័ន្ធ​អំពើពុករលួយ​។

ឯកឧត្តម​បន្តថា​៖ «​ទី ១ បញ្ជាក់ថា​ខ្សែអាត់​ដែល​បែកធ្លាយ​នោះ​ពិតជា​សំឡេង​របស់លោក កឹម សុខា ទី ២ អ​.​ប​.​ព ទទួលយក​ពាក្យបណ្តឹង​របស់​ប្អូន​មក​ចាត់ការ និង​មួយទៀត​អង្គភាព​បើក​ហើយ​សូម​ជម្រាប (​បើក​ស្រោមសំបុត្រ​ការប្រកាស​ទ្រព្យសម្បត្តិ​លោក កឹម សុខា​)»​។

​ឯកឧត្តម​ថា​៖ «​លុយ​របស់គាត់​ដែល​ទិញ​ផ្ទះ​ឱ្យ​នាង​ហ្នឹង​គាត់​ប្រកាស​ក្នុងការ​ប្រកាស ទ្រព្យសម្បត្តិ​បើសិនជា​គាត់​បានប្រកាស​ហើយ​ចុះ​ផ្ទះ​នោះ​គាត់​បាន​លុយ មកពីណា​? ត្រង់​នេះហើយ​ដែល​ត្រូវការ​ធ្វើការ​ស៊ើបអង្កេត​ហើយ​អ្នកណា​មានអំណាច​ឱ្យ បើក​ស្រោមសំបុត្រ​ប្រកាស​ទ្រព្យសម្បត្តិ គឺ​ខ្ញុំ ឱម យ៉ិនទៀង នេះហើយ​»​។​

​លោក កឹម សុខា បានមក​ប្រកាស​ទ្រព្យសម្បត្តិ​ចំនួន​បី​លើក​រួចមកហើយ​នៅ ACU ដោយ​លើក​ទី ១ ឆ្នាំ ២០១១ លើក​ទី ២ ឆ្នាំ ២០១៣ និង​លើក​ទី ៣ ឆ្នាំ ២០១៥​។ បើតាម ACU មុននឹង​អង្គភាព​សម្រេច​បើក​ការស៊ើបអង្កេត​ទៅលើ​សំណុំរឿង​ពុករលួយ​របស់ លោក កឹម សុខា គឺ​មន្ត្រី​ជំនាញ​របស់​អង្គភាព​យ៉ាងតិច ៤០ នាក់​បាន​ខិតខំ​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​យក​សំឡេង​ខ្សែអាត់​ដែល ត្រូវបាន​គេ​ផ្សព្វផ្សាយ​ចំនួន ៣៤ ខ្សែអាត់​ទៅ​ផ្ទៀងផ្ទាត់ និង​បានធ្វើ​របាយការណ៍​លើ​សំណុំ​រឿងនេះ​ចំនួន ៦៣ ទំព័រ​។​
​ប្រធាន​នាយកដ្ឋាន​បច្ចេកទេស និង​កោសល្យវិច័យ​នៃ ACU លោក ជា សំអាត ថ្លែងថា​លោក​បានធ្វើ​កោសល្យវិច័យ​សំឡេង​មាន ៤ ជំហាន​ពោល​ស្រាវជ្រាវ​យក​សំឡេង​លោក កឹម សុខា ចេញពី​វិទ្យុ​អាស៊ីសេរី VOA តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ទៅ​ផ្ទៀងផ្ទាត់​ខ្សែអាត់​ដែល​បាន​បែកធ្លាយ​វិភាគ សំឡេង​ស្រី មុំ ហៅ ខុម ចាន់​ដា​រ៉ា​ទី ផ្ទៀងផ្ទាត់​សំឡេង​មាន​វ័យ​ចំណាស់​សំឡេង​ខ្សាវៗ​និយាយ​មធ្យម​មិន​ញាប់ និង​មិនយឺត​ពេក​ចេញពី​តំបន់ និង​ខេត្ត​មួយចំនួន​។
​លោក​ថា​៖ «​ក្នុង​សំឡេង​ដែល​យក​ធ្វើជា​គំរូ​ហ្នឹង​គឺមាន​និយាយ​ពាក្យ​ដូចគ្នា​ត្រូវ គ្នា​ជាមួយ​សំឡេង​លោក កឹម សុខា ហើយ​គឺជា​មនុស្ស​តែមួយ​»​។​

​ក្រោយ​ការសម្រេច​របស់ ACU លោក ស្រី ចំរើន មេក្រុម​និស្សិត​ដែល​បានដាក់​ពាក្យ​ប្តឹង​ថ្លែងថា​៖ «​ចម្លើយ​ដូច​បាន​ឆ្លើយ​រួចរាល់​ហើយ​គឺ​សមស្រប​នឹង​អ្វីដែល​ខ្ញុំ​កំពុង ចង់បាន​ចំណែក​ជា​វិធានការ​បន្ទាប់​ជា​ចំណាត់ការ និង​នីតិវិធី​របស់ ACU លោក​មាន​វិធានការ​យ៉ាងណា​អនុលោម​ទៅតាម​សមត្ថកិច្ច​របស់ ACU ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ឯកឧត្តម កឹម សុខា​»​។
​យ៉ាងណាក៏ដោយ លោក​នៅតែ​ទទូច​ឱ្យ​លោក កឹម សុខា ចេញមុខ​បកស្រាយ​សំឡេង​ជាមួយ​នារី​ក្នុង​ខ្សែអាត់​នោះ​៕

ចំនួនអ្នកទស្សនា

    20642007

  • ថ្ងៃនេះ4951
  • ម្សិលមិញ12921
  • សប្តាហ៍នេះ4951
  • ខែនេះ199551
  • ឆ្នាំនេះ199551
  • សរុប20642007