ព្រៃវែង ៖ មានឈ្មួញសម្រុកដឹកស្រូវលក់ទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិ បន្ទាយចក្រី និងតាមផែបេនកាណូតក្បែរច្រកទ្វារអន្តរជាតិបន្ទាយចក្រី ក្នុងច្រករបៀង ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ហើយបាននាំអង្ករពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ វិញ តែឈ្មួញបានផ្ទេរការ៉ុងដែលមានស្លាកយីហោផលិតនៅប្រទេសវៀតណាមមក ដាក់យីហោជាអង្ករខ្មែរវិញ រួចហើយដឹកតាមរថយន្តចូលទៅដាក់ក្នុងឃ្លាំងនៅអ្នកលឿង ស្រុកពាមរក៍ ព្រមទាំងដឹកបន្តទៅលក់ក្នុងរាជធានីភ្នំពេញ និងដឹកទៅលក់នៅប្រទេសថៃ។
បើតាមមន្ត្រីនគរបាលម្នាក់បានបង្ហើបឲ្យដឹងកាលពីវេលាម៉ោង១និង ១៥នាទីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ថានៅច្រកបន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី មានម្ចាស់ផែបេនកាណូតចំនួន០៦ក្រុមហ៊ុនគឺ១.ក្រុមហ៊ុន ប៊ុន លៀវ ២.ក្រុមហ៊ុន ពៅ រតនា៣.ក្រុមហ៊ុន ម្កុដពេជ្រ ៤.ក្រុមហ៊ុន អ៊ាង លីម ត្រេឌីង ៥.ក្រុមហ៊ុន ពៅ ដា និង ០៦.នៅច្រករបៀងបេនកាណូតរបស់លោកឧកញ៉ា ជឹម សុខ ។ ប្រភពដ៏ដែលបន្តទៀតថា ឈ្មួញដឹកស្រូវចេញទៅប្រទេសវៀតណាមទាំងយប់ទាំងថ្ងៃតាមរថយន្តរាប់រយ គ្រឿងគិតជាតោនរាប់រយតោនក្នុងមួយថ្ងៃៗ ហើយវៀតណាមបានដឹកអង្ករពីប្រទេសវៀតណាមតាមទូកកាណូតមកលក់ឲ្យឈ្មួញ ក្រុមហ៊ុនខាងលើដោយក្រុមហ៊ុនទាំងនេះ ប្តូរសំបកការ៉ុង និងស្លាកយីហោវៀតណាមច្រកដាក់សំបកការ៉ុងស្លាកយីហោជាខ្មែរវិញ ហើយដឹកទៅដាក់ក្នុងឃ្លាំងនៅឯអ្នកលឿង និងក្នុងឃ្លាំងនៅឯ ស្រុកពាមរក៍ រួចបន្តដឹកចេញទៅលក់លើទីផ្សារក្នុងស្រុក ទៅរាជធានីភ្នំពេញ និងមួយចំនួនដឹកចេញទៅប្រទេសថៃ។
ទាក់ទិនករណីខាងលើនេះដែរ ដំណាងក្រុមហ៊ុន អ៊ាងលីម ត្រេឌីង ដែលមានទីតាំងនៅបេនកាណូតបន្ទាយចក្រីស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី បានឲ្យដឹងថា ក្រុមហ៊ុនគាត់បានដឹកស្រូវចម្រុះ និងស្រូវអ៊ីអ៊ែរខា៥៤ ដែលក្រុមហ៊ុនប្រមូលទិញនៅស្រុកខ្មែរយក ទៅកិននៅរោងម៉ាស៊ីនប្រទេសវៀតណាម រួចបានដឹកអង្ករកិនរួចពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាវិញហើយ ចំពោះសំបកបាវវៀតណាមគេច្រកសំបកការ៉ុងមានយីហោវៀតណាមទើបមកដល់ ស្រុកខ្មែរក្រុមហ៊ុនត្រូវប្តូរសំបកការរ៉ុងរបស់ក្រុមហ៊ុនវិញ។
ប្រភពដដែលបន្តទៀតថា អង្ករប្រភេទអ៊ីអ៊ែរ ខា៥៤ ក្នុង១គីឡូក្រាម លក់ទីផ្សារក្នុងស្រុកតម្លៃ៩០០រៀល(១បាវ៥០គីឡូក្រាម តម្លៃ៤៥០០០រៀល)។ ទាក់ទិនករណីនាំអង្ករចូលមកពីប្រទេសវៀតណាមនេះដែរ លោក ឃឹម យោន មន្ត្រីស្នាក់ការច្រកទ្វារអន្តរជាតិបន្ទាយចក្រីមានប្រសាសន៍ថា ការនាំអង្ករចូលពីប្រទេសវៀតណាមនេះគឺ ក្រុមហ៊ុនបានបង់ពន្ធឲ្យមន្ត្រីគយ និងរដ្ឋករប្រចាំការច្រកទ្វាអន្តរជាតិបន្ទាយចក្រីរួចហើយ ក៏បន្តែមិនដឹងថាបង់កម្រិតណាទេគឺជាជំនាញគយហើយចំពោះគុណភាព អង្ករវិញលោកឲ្យសាកសួរមន្ត្រីកាំកុងត្រូលដែលជាជំនាញពិនិត្យគុណភាព ។ចំណែកមន្ត្រីគយ និងរដ្ឋករប្រចាំការនៅច្រកទ្វាអន្តរជាតិបន្ទាយចក្រីឈ្មោះ សុភក្រ័បានឆ្លើយតាមទូរសព្ទ័កាលពីវេលាម៉ោង១៣និង៥៦នាទីរសៀលថា លោកមិនអាចបំភ្លឺបានទេឲ្យសួរទៅមេ ក៏ប៉ុន្តែមិនអាចរកការបំភ្លឺពីលោកប្រធានទីស្នាក់ការគយ និងរដ្ឋករប្រចាំច្រកទ្វាអន្តរជាតិបន្ទាយចក្រីបានទេ នៅរសៀលថ្ងៃទី២៧ ខែមីនានេះ រីឯមន្ត្រីកាំកុងត្រូលមិនអាចរកការបំភ្លឺបានទេទូរសព្ទ័មិនចូល ៕