សម្ដេច​ហ៊ុនសែន​៖”​កម្ពុជា កែលម្អ​ផ្លូវជាតិ​លេខ​២១ សម្រាប់​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​”

28-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ​កម្ពុជា ប្រើប្រាស់​ថវិកា​ជាង​៦១​លាន​ដុល្លា​សហរដ្ឋ​អា​មេ រិ​ក​សម្រាប់​កែលម្អ​ផ្លូវជាតិ​លេខ​២១ ដើម្បី​ដោះ ស្រាយ​បញ្ហា​កកស្ទះ និង​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម​ឲ្យ​កាន់​តែមាន​ទំហំ​ធំ​ឡើង​។​

​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​២១ ពី​រង្វង់​មូល​តាខ្មៅ​ឆ្ពោះទៅ​ជ្រៃ​ធំ ដែល​ប្រារព្វ​ធ្វើឡើង​នៅ​ស្រុក​ស្អាង​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​២៨ មីនា នេះ សម្តេច តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើក​បង្ហាញ​ពី​សារសំខាន់​របស់​ផ្លូវ​នេះ ថា​៖ បាន​ត​ភ្ជាប់​រវាង​ទីក្រុង​ទៅ​ជនបទ និង​ភ្ជាប់​ពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​។​សម្តេច​បានបញ្ជាក់​អំពី​ការកែលម្អ​ឲ្យ​ប្រសើ​ឡើង​នូវ​ផ្លូវជាតិ​លេខ​២១​នេះ តាមរយៈ​ការកសាង​ស្ពាន​និង​ពង្រីក​ផ្លូវ​ឲ្យ​ទូលាយ ដើម្បី​ដោះស្រាយ​ការលំបាក ក្នុងការ​ធ្វើដំណើរ ដោយសារតែ​ការកើនឡើង​នៃ​ចំនួន​យានយន្ត​ជា​លំដាប់​នោះ​។​

​សម្ដេច ​ហ៊ុន សែន​បាន​បន្ដថា​៖”​កំណើន​កើនឡើង​នូវ​ចំនួន​យានយន្ត​គ្រប់​ប្រភេទ​បានដាក់​ឲ្យ​ប្រទេស​របស់​យើង​ស្ថិត ក្នុង​សភាព​ការ​មួយ​ដ៍​លំបាក​អំពី​បញ្ហា​ផ្លូវ​ស្ពាន​នេះឯង​ដូច្នេះ​ទាមទារ​ឲ្យ​រក​ថវិកា​ដើម្បី​សាងសង់​។ យោងទៅលើ​ការចំណាយ​សម្រាប់​ការសាងសង់​ផ្លូវ​នេះ​រហូត​ទៅដល់​ជាង​៦១​លាន​ដុល្លារ​សហរដ្ឋ​អា មេ​រិ​ក ក្នុងនោះ​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​កូរ៉េ​ចំនួន​៥២​លាន ហើយ​ថវិការ​បដិភាគ​របស់​រាជរដ្ឋាភិបាល​ប្រមាណ​ជិត​១០​លាន​។ នេះ​គ្រាន់តែ​ផុត​ដំណាក់កាល​ទី​១​ប៉ុណ្ណោះ នៅ​ដំណាក់កាល​ទី​២ ជាង​៨ គីឡូ​ទៀត​។​បើ​ពិនិត្យ​អំពី​ចំនួន​ផ្លូវ​ដែល​យើង​បាន​សាងសង់​៦៣.៦​គីឡូ​...​ដែល​តម្រូវ​ឲ្យ​យើង​ចំណាយ​ប្រាក់​ច្រើន សម្រាប់​ការសាងសង់​ទៅលើ​ស្ពាន​ដែល​ត្រូវ​ឆ្លង​កាត​ទាំងនោះ​។​

​ផ្លូវជាតិ​លេខ​២១​នេះ​នឹងធ្វើ​ការពង្រីក​រហូតដល់​ទទឹង​២១​ម៉ែត្រ ដើម្បី​ដោះស្រាយ​ការដឹកជញ្ជូន​អ្នកដំណើរ និង​ផលិតផល​ក្នុងស្រុក ទៅកាន់​តំបន់​ទីផ្សារ ហើយ​រួមទាំង​ការដោះស្រាយ​ការកកស្ទះ​សម្រាប់​ការដឹកជញ្ជូន​ធន​ធ្ងន់​ផងដែរ​។ ជាមួយគ្នានេះ​ផ្លូវ​នេះ​នឹង​ជួយ ទៅដល់​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម តាមរយៈ​ការដឹកជញ្ជូន​ផ្គត់​ផ្គង​ទំនិញ និង​ភស្តុភា ដ៍​សំខាន់​រវាង​រាជធានី​ភ្នំពេញ​និង​ទីក្រុង​កង​ថឺ​របស់​វៀតណាម ដែល​កំពង់មាន​ការអភិវឌ្ឍ​និង​រីកចំរើន​គួរ​ឲ្យ​កត់សំគាល់​។​
​ឯកឧត្តម​ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា គម្រោង​ផ្លូវ​នេះ​ចែកជា​ពីរ​ដំណាក់កាល​ក្នុងនោះ​ដំណាក់កាល​ទី​១ មាន​ប្រវែង​ផ្លូវ ៥៥​គីឡូម៉ែត្រ​, មាន​ទទឹង​ពី​១០ ដល់​២១​ម៉ែត្រ សាងសង់ ដោយ​ចាក់​បេតុង​កៅស៊ូ​AC ក្នុងនោះ​មាន​លូ​ជ្រុង​១៧​កន្លែង ស្ពាន​ចំនួន ៤២​កន្លែង ។ រយៈពេល សាងសង់ ចំនួន ៣០​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ ២០១៥ រហូតដល់​ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៧ បច្ចុប្បន្ន​សម្រេចបាន ៦,៨៣% ។​

​ដំណាក់កាល​ទី​២ មាន​ប្រវែង​ផ្លូវ ៨,៦​គីឡូម៉ែត្រ សាងសង់​ដោយ​ចាក់​បេតុង​កៅស៊ូ​AC ក្នុងនោះ មាន​លូ​ជ្រុង ១​កន្លែង ស្ពាន​១១​កន្លែង ដែល​នឹង​សុំ​ឥណទាន​បន្ថែម ហើយ​បច្ចុប្បន្ន​ក្រសួង សាធារណការ និង​ដឹកជញ្ជូន​បានរៀបចំ​សំណើ​គម្រោង​ជូនទៅ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី អន្តរាគមន៍​បន្តទៅរ​ដ្ឋា​ភិ​បាល​សាធារណរដ្ឋ​កូរ៉េ ។​ដោយឡែក​កំណាត់​ផ្លូវ​ប្រវែង​១,៩៦​គីឡូម៉ែត្រ ត​ភ្ជាប់​ទៅដល់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម​គ្រោង ប្រើប្រាស់​ថវិកាជាតិ ។​

​ផ្លូវជាតិ​លេខ​២១ គឺជា​ផ្លូវ​មួយ​ដែលមាន​ចម្ងាយ​ជិត​ជាងគេ ពី​ភ្នំពេញ​ទៅ​វៀតណាម ។ ផ្លូវជាតិ​នេះ បានចាប់ផ្ដើម​ធ្វើការ​ស្ដា​រ ទន្ទឹមគ្នា​នឹង​នយោបាយ​ត​ភ្ជាប់​និង​សមាហរណកម្ម​ផ្ទៃក្នុង​ជាតិ​។ កន្លងមក​ផ្លូវជាតិ​លេខ​២១ នេះ​មាន​លក្ខណៈ​តូច ចង្អៀត ស្ពាន​ទ្រុឌទ្រោម មិន​អាចធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ដោយ​ប្រសិទ្ធភាព​នោះឡើយ​។ កំណាត់​ផ្លូវ​នេះ ធ្វើការ​ស្ដារឡើងវិញ​ក្នុងអំឡុង​ឆ្នាំ​២០០៣ ដោយ​ហិរញ្ញប្បទាន​ចំរុះ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ចាប់ពី រង្វង់​មូល​តាខ្មៅ ដល់​ឃុំ​ព្រែក​អំបិល​(​គីឡូម៉ែត្រ​លេខ​៤៥) និង​ថវិកាជាតិ ចាប់ពី​ឃុំ​ព្រែក​អំបិល (​គីឡូម៉ែត្រ​លេខ​៤៥)​ដល់​ជ្រៃ​ធំ​។​

​ឯកឧត្តម គីម វុន​ជីន​(Kim Weon Jin)​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​មានប្រសាសន៍​គម្រោង​កែលម្អ​ផ្លូវជាតិ​លេខ​២១​នេះ គ្រោង​នឹង​បញ្ចប់​រួចរាល់​នៅ​ខែកញ្ញា​ឆ្នាំ​២០១៧​ខាងមុខ រួមមាន​ការជួសជុល​និង​ក្រាល​កៅស៊ូ​ឡើងវិញ ការកសាង​លូ និង​ស្ពាន​ជាច្រើន​កន្លែង​ដើម្បី​ត​ភ្ជាប់​ប្រទេស​កម្ពុជា ជាមួយនឹង​ប្រទេស​វៀតណាម​។​
​ឯកឧត្តម​បាន​គូស​បញ្ច​វាក់​ថា​កូរ៉េ​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស កម្ពុជា ជា​ប្រទេស​លេខ​រៀង​ទី​៤ ស្ថិតក្នុង​គោលដៅ​សហប្រតិបត្តិការ​ជាមួយ​កូរ៉េ​។ រហូតមកដល់​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​កូរ៉េ​បានផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ចំនួន​៤៧០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ដោយឡែក​នៅក្នុង​ឆ្នាំនេះ​គ្រោង​នឹង​ផ្តល់ជំនួយ​ចំនួន​៥១​លាន​ដុល្លា​សហរដ្ឋអាមេរិក​ប​ន្ថែ​ម​ទៀត​។ ដោយ​កត់សំគាល់​ឃើញថា​កម្ពុ​ជាមាន​ភូមិសាស្ត្រ​អំណោយផល​នៃ​មជ្ឈមណ្ឌល​ដឹក​ជ​ញ្ចូ​ន​ដ៍​ធំ​មួយ​នៅ​អាស៊ាន ទើប​ធនាគា​នី​ហារ​ណ​អាហារ​ណ​កូរ៉េ បាន​សហការ​ជំរុញ​លើ​ការពង្រីក​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ដឹកជញ្ជូន​និង​ចរាចរណ៍​នៅ​កម្ពុជា​៕

ចំនួនអ្នកទស្សនា

    20642317

  • ថ្ងៃនេះ5261
  • ម្សិលមិញ12921
  • សប្តាហ៍នេះ5261
  • ខែនេះ199861
  • ឆ្នាំនេះ199861
  • សរុប20642317