ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ៖«​បើ​គ្មាន​វត្តមាន​កងទ័ព​ទេ យើង​នឹង​ប្រយុទ្ធ​គ្នា​រហូតមកដល់​ថ្ងៃនេះ​»

29-March-2016 | ដោយ មែន កំសត់


បាត់ដំបង​៖ ជាថ្មី​ម្តងទៀត ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​កោតសរសើរ​ចំពោះ​ភាព​អង់អាច​ក្លាហាន របស់​កង​កងទ័ព​ទាំងអស់ ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ការពារជាតិ​មាតុភូមិ និង​ប្រជាជន​បាន​សេចក្តីសុខ រហូតដល់​ពេលនេះ​។ ឯកឧត្តម​បាន​គូសបញ្ជាក់ថា៖ «​បើ​គ្មាន​វត្តមាន​កងទ័ព​ទេ យើង​នឹង​ប្រយុទ្ធ​គ្នា​រហូត​ម​ដល់​ថ្ងៃនេះ​»​។​

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦​នេះ ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន និង​គ្រួសារ​យោធិន នៃ​កងពល​ថ្មើរជើង​៥៣ ជា​អង្គភាព​សម្ព័ន្ធមេត្រីភាព អគ្គនាយកដ្ឋាន​រតនា​គារ​ជាតិ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ផងដែរ​ពី​ឯកឧត្តម បណ្ឌិត វង្ស ប៊ុន​ឥន្ទ្រា​វុ​ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ​។​

​មន្ត្រី​យោធា​ជាន់ខ្ពស់​រូបនេះ បាន​លើកឡើងថា ការចូលរួម​របស់​ក​ង​ទ័ព គឺមាន​សារសំខាន់​ណាស់ ចំពោះ​សុខសន្តិភាព និង​ស្ថេរភាព​ជាតិ​តាំងពី​ការរំដោះ ប្រទេស​រហូតដល់​ការកសាង និង​សម្រេចបាន​ជោគជ័យ​នូវ​សុខសន្តិភាព​ពេញលេញ ដោយសារ​គោលនយោបាយ ឈ្នះ​ឈ្នះ និង​ការចូលរួម​របស់​កង​ទ័ព​នៅក្នុង​អនុវត្ត​គោលនយោបាយ​ឈ្នះ​ឈ្ន​នេះ ហើយ​បើ​គ្មាន​ការចូលរួម​របស់​កង​ទ័ព​នៅក្នុង​ការថែរក្សា​នេះ​ទេ​យើង នៅតែ​ប្រយុទ្ធ​គ្នា​មកដល់​ម៉ោង​នេះ ហើយ​យើង​ក៏​មិនបាន​សុខ​ដែរ ហើយ​ត​ទៅមុខទៀត យើង​នៅ​បន្ត​ការពារ​សុខសន្តិភាព​នេះ ដែល​ត្រូវធ្វើ​ជាប់​ជាប្រចាំ​។​

​កូនប្រុស​ច្បង​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ដ៏​ពេញនិយម​នេះ​បាន​បញ្ជាក់ថា «​យើង​មាន​សុខសន្តិភាព​មាន​ថ្ងៃនេះ គឺជា​សំណាង ប៉ុន្តែ​មិនមែន​ចៃដន្យ​ទេ គឺ​វា​កើតឡើង​ដោយសារ​ចូលរួម​ការពារ​របស់​សមត្ថកិច្ច គ្រប់ផ្នែក​ទាំងអស់ ហើយ​នៅ​ក្នុងនោះ គឺមាន​ការចូលរួមរ​បស់​កងកម្លាំងប្រដាប់អាវុធ​យើង បាន​ចូលរួម​សំខាន់​ណាស់ ហេតុនេះ​សម្តេច​តេ​ជោ បាន​យកចិត្តទុកដាក់​ណាស់ និង​ជួយ​ជម្រុញ​ការងារ​ផ្សេងៗ ដើម្បី​ជួយ​ដល់​កងទ័ព​របស់​យើង មាន​ទាំង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់​អា​វុ​ទ្ធ​យុទ្ធ​ភ័​ណ្ឌ ក៏ដូចជា​ការលើកស្ទួយ​កំរិតជីវភាព របស់​កងទ័ព​ការហ្វឹកហ្វឺន​ការចង​សម្ព័ន្ធមេត្រីភាព និង​ជួយ​ដល់​គ្រួសារ​កងទ័ព​»​។​
​ឯកឧត្តម​ក៏​បន្តទៀតថា​៖ ការចង​សម្ព័ន្ធមេត្រីភាព គឺជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ជាពិសេស​សម្តេច​តេ​ជោ ដែលជា​ផ្នែក​មួយ​ដើម្បី​ជួយ​ដល់​កងទ័ព​ក្នុងការ​ការពារជាតិ និង​បង្ក​ឱកាស​ឱ្យមាន​រីកចម្រើន​។ ដូច្នេះ​ការជួយ​ដល់​កងទ័ព គឺជា​កាតព្វកិច្ច​របស់​ប្រជាជន​យើង និង​កងទ័ព​ការពារជាតិ​ដើម្បី​យើងទាំងអស់គ្នា​។ ដូច្នេះ​ប្រមុខ​រាជរដ្ឋាភិបាល បាន​ខិតខំ​ពុះពារ​រុញ ឱ្យចេញ​ជា​គោលនយោបាយ​ចងសម្ព័ន្ធ​មេត្រីភាព និង​ការជួយ​ផ្សេងៗ របស់​យើងទាំងអស់គ្នា​។​
​តាមពិត​យើង​ជួយ​គ្នា​តាំងពី​យូរ​មកហើយ ពេលណា​មានការ​លំបាក​យើង មាន​ប្រជាជន​ជួយ​ដល់​កងទ័ព​នៅ​ជួរមុខ ហើយ​កងទ័ព​ជួរមុខ​បំពេញភារកិច្ច ដើម្បី​ការពារ​អ្នក​នៅ​ខា​ក្រោយ​។

ឯកឧត្តម​បាន​បញ្ជាក់ថា «​យើង​ធ្វើការ​រួមគ្នា​ដើម្បី​ការពារជាតិ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ ក្នុង​លើកស្ទួយ​ជីវភាព​រស់នៅ របស់​កងទ័ព យោធិន​ចូល​និវត្ត​តាមរយៈ​ការ​តម្លើង​ប្រាក់​របប​ផ្សេងៗ និង​សមាគម​អតីតយុទ្ធជន ដើម្បី​ជួយ​សម្រួល​កម្រិតជីវភាព របស់​យោធិន ហើយ​យើង​បង្កើត​យន្តការ​នេះ មិន​សម្រាប់តែ​ថ្ងៃនេះ​ទេ គឺ​យើង​ធ្វើ​ទៅមុខទៀត​ដើម្បី​ថ្លែងអំណរគុណ យោធិន​របស់​យើង ក្នុងការ​ការពារ​សុខ​សន្តិភាព​និង​ស្ថេរភាព​សង្គម​» ៕

ចំនួនអ្នកទស្សនា

    20642467

  • ថ្ងៃនេះ5411
  • ម្សិលមិញ12921
  • សប្តាហ៍នេះ5411
  • ខែនេះ200011
  • ឆ្នាំនេះ200011
  • សរុប20642467