ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យយុវជន វ៉ាន់ ពិសិដ្ឋ ជាកូនប្រុសគ្រូបង្រៀននៅខេត្តកោះកុង ដែលធ្លាក់ខ្លួនឈឺ បានជួបសំណេះសំណាល និង សម្តែងការគួរសម នៅទីស្ដីការក្រសួង អប់រំ។
យុវជន វ៉ាន់ ពិសិដ្ឋ ជាកូនទោលក្នុងគ្រួសារ កំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ផ្នែកសំណង់ស៊ីវិលឆ្នាំទី៣ ហើយឪពុកយុវជននេះ គឺជាគ្រូបង្រៀន នៅវិទ្យាល័យ កោះកុង ដែលបច្ចុប្បន្នមានជំងឺធ្ងន់ធ្ងរ កំ ពុងសម្រាកព្យាបាល នៅប្រទេសវៀតណាម។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់នូវថវិកាឧបត្ថម្ភមួយចំនួនដល់ប្អូនប្រុស ដើម្បីជួយសម្រួលបន្ទុកក្នុងការសិក្សា និងរស់នៅប្រចាំថ្ងៃ ព្រមទាំងលើកទឹកចិត្តឲ្យប្អូនប្រុសខិតខំសិក្សា ដើម្បីអនាគត និងជាជំហរមួយរឹងមាំសម្រាប់ក្រុមគ្រួសារ និង សង្គមជាតិផងដែរ៕