ព្រះវិហារ ៖ រយៈពេល៥ថ្ងៃនេះ ប្រជាពលរដ្ឋរាប់រយនាក់បានភ្ញាក់ផ្អើលនាំគ្នាទៅជីកយកអាចម៍ដី មករែងយករ៉ែមាសក្នុងលំនៅឋាន ដោយអ្នកខ្លះរែងនៅទីតាំងជីកតែម្តង ស្ថិតក្នុងចំណុចព្រៃទទឹង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។
បើតាមការឱ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំង ទន្ទឹមបានឱ្យដឹងថា ការរែងដីយករ៉ែមាស គឺជាមុខរបរតាំងពីសម័យដូនតារបស់ពួកគេយូរមកហើយ នៅតំបន់ភ្នំដែក ស្រុករវៀងនេះ ។
តែដោយសារតែមានការផ្អើលពីប្រជាពលរដ្ឋជាច្រើន នាំគ្នាទៅចំណុចព្រៃទទឹង ដោយឮតៗគ្នាថា នៅក្រោមដីចំណុចនោះមានរ៉ែមាសច្រើន ទើបពួកគាត់នាំគ្នាទៅជីកយកមករែងនៅផ្ទះ អ្នកខ្លះរែងនៅនឹងកន្លែងជីកតែម្តង ដោយប្រើឧបករណ៍ម្យ៉ាងហៅថា ដួន ។ពលរដ្ឋដដែលបន្តទៀតថា ពួកគាត់រែងយករ៉ែមាសក្នុងមួយថ្ងៃ អ្នកខ្លះបាន៥លី, អ្នកខ្លះបាន៥ហ៊ុន រហូតដល់អ្នកមានសំណាង ក៏បាន១ជី រីឯអ្នកខ្លះ អត់បានសោះ ក៏មានដែរ ។
លោក ប្រាក់ ថន មេឃុំរមទម នៅព្រឹកថ្ងៃទី២៩ មីនា ២០១៦ នេះ បានឱ្យដឹងថា ការភ្ញាក់ផ្អើលរបស់ប្រជាពលរដ្ឋ រហូតឈានដល់ការលើកគ្នាមកជីកយកដីរែងមាសយ៉ាងគគ្រឹកគគ្រេងនេះ នៅលើដីរបស់ប្រជាពលរដ្ឋមួយគ្រួសារដែលជាម្ចាស់កម្មសិទ្ធិ ។ លោកមេឃុំបន្តទៀតថា មូលហេតុដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ ដោយសារតែដំបូងឡើយ ម្ចាស់ដីបានសាកល្បងជីកអាចម៍ដីរបស់ខ្លួនដើម្បីរែងមើល ក៏ឃើញមានមាសពិតមែន ទើបធ្វើឲ្យព័ត៌មានលេចឮតៗគ្នា ដល់ប្រជាពលរដ្ឋតែម្តងទៅ ។
លោកមេឃុំក៏បានឲ្យដឹងទៀតថា ក្នុងនាមលោក ជាអាជ្ញាធរមូលដ្ឋាន ក្រោយពេលឮដំណឹងខាងលើនេះភ្លាម លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋបញ្ឈប់ការជីកកកាយបន្តទៀត បើទោះបីជាដីនោះ មានការកាន់កាប់ដោយបុគ្គលណាក៏ដោយ តែដូចជាធនធានរ៉ែនៅក្រោមដី ជាសម្បត្តិរបស់ជាតិ និងថែរក្សាការពារដោយរដ្ឋ មិនមានអ្នកណាមកធ្វើអ្វី ដោយគ្មានការអនុញ្ញាតណាមួយឡើយ ៕
សូមបញ្ជាក់ផងដែរ មកដល់ពេលនេះ បើតាមការអះអាងរបស់លោកមេឃុំរមទមបន្តទៀតថា៖ ពេលនេះប្រជាពលរដ្ឋខ្លះក៏បានត្រឡប់ទៅកាន់មូលដ្ឋានរៀងៗខ្លួនវិញ រីឯខ្លះទៀតនៅតែបន្តជីកកកាយនៅឡើយ បើទោះបីជាអាជ្ញាធរឃុំហាមយ៉ាងណាក៏ដោយ ។ គួររំលឹកថា កាលពីឆ្នាំ២០០៩ នៅលើភ្នំចំណុចបុស្សតាថោង ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណីយ៍ ស្រុករវៀង ក៏មានការភ្ញាក់ផ្អើល ដោយមានប្រជាពលរដ្ឋជាច្រើន មកពីតាមបណ្តាខេត្តមួយចំនួន មកជីករែងយករ៉ែមាសដូចករណីខាងលើនេះផងដែរ ៕