ភ្នំពេញ ៖ នៅម៉ោង៩ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាននឹងកំពុង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅវិមានរដ្ឋសភា លើរបៀបវារៈចំនួន៤ ក្នុងនោះផ្តោតសំខាន់លើការដោះដូរ មន្ត្រីរាជរដ្ឋាភិបាល២៦រូប។
របៀបវារៈទាំងនោះរួមមាន៖ ការពិនិត្យលើសំណើសុំរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាសភាព សមាជិករាជរដ្ឋាភិបាលដែលត្រូវបានកែសម្រួល និងបំពេញបន្ថែមចំនួន២៦រូប , ពិនិត្យលើរបាយការណ៍នៃការទទួលពាក្យបេក្ខជនសុំឈរឈ្មោះជាសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ ,ពិនិត្យលើសំណើសុំដាក់ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីព្រាងច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម , និងការពិនិត្យសេចក្តីព្រាង របាយការណ៍ស្តីពីសកម្មភាព របស់រដ្ឋសភាចន្លោះ សម័យប្រជុំរដ្ឋសភាលើកទី៥ និងទី៦៕
រដ្ឋសភា នឹងបើកកិច្ចប្រជុំលក្ខណៈវិសមញ្ញមួយ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទៅលើការតែងតាំង និងផ្លាស់ប្តូររដ្ឋមន្ត្រីមួយចំនួន នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រី ពាក់កណ្តាលអណត្តិនេះ៕