កម្លាំង​អាវុធហត្ថ​ដែល​ឃាត់​រថយន្ត​អ្នកឧកញ៉ា សៀង ណាំ គឺជា​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​

01-April-2016 | ដោយ មែន កំសត់


​កំពង់ចាម​៖ មន្ត្រី​អាវុធហត្ថ​ជាន់ខ្ពស់​មួយរូប​បាន​លួច​ទម្លាយ​ថា ក្រុម​អាវុធហត្ថ​មួយក្រុម​ស្លៀកពាក់​ស៊ីវិល ដែល​កាក់​រថយន្ត​របស់​អ្នកឧកញ៉ា សៀង ណាំ សង្ស័យ​លួច​ដឹកឈើ​ក្រញូង ខណៈដែល​លោក​ឧកញ៉ា​កំពុងធ្វើដំណើរ​មក​ភ្នំពេញ ដើម្បី​ទទួល​ពានរង្វាន់​ជាមួយ​ថ្នាក់ដឹកនាំ​នោះ តាមពិតទៅ គឺជា​ក្រុម​អាវុធហត្ថ​មកពី​ខេត្តកំពង់ឆ្នាំង​ទេ ប៉ុន្តែ​ពួកគេ​បាន​ឆ្លើយ​កុហកថា ជា​ក្រុម​អាវុធហត្ថ​របស់​ខេត្តកណ្តាល និង​ខេត្តកំពង់ចាម​។​

​មន្ត្រី​អាវុធហត្ថ​រូបនេះ​បាន​បញ្ជាក់ថា ក្រោយពេល​ដឹងថា រថយន្ត​ដែល​ពួកគេ​កាក់​ត្រួតពិនិត្យ និង​អ្នក​ដែល​ជិះ​នៅក្នុង​រថយន្ត​ជា អ្នកឧកញ៉ា សៀង ណាំ នោះ ស្រាប់តែ​ពួកគេ​លត់​ជ​ង្គ​ត់​សុំទោស​តែម្តង ប៉ុន្តែ​ដោយសារ​មិន​យកទោស​យក​ពៃ អ្នកឧកញ៉ា ក៏​មិនបាន​ប្តឹងផ្តល់​អ្វី​នោះទេ​។​

​នៅ​ព្រឹក​មិញ ថ្ងៃទី​០១​ខែមេសា ​លោក សុខ តុញ ជំនួយការ​ផ្ទាល់​របស់​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប បាន​ប្រាប់ ឱ្យដឹងថា រថយន្ត​របស់​អ្នកឧកញ៉ា ត្រូវបាន​កម្លាំង​អាវុធហត្ថ​ដេញ ហើយ​កាក់​ដំណើរ​ចំនួន​២​លើក ដោយ​ច្រឡំ​ថា​ជា​រថយន្ត​ដឹកឈើ​គ្រញូង​។ ការ​កាក់​រថយន្ត អ្នកឧកញ៉ា សៀង ណាំ ត្រូវបាន​ជំនួយការ​របស់លោក​ប​ញ្ជា​ក់ថា ធ្វើឡើង​មួយរយៈ​ពេល​ខ្លី​ប៉ុណ្ណោះ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ មុនពេល​ដែល​លោក​ធ្វើដំណើរ​មក​ទទួលពាន​រង្វាន់ «​សន្តិភាព និង​ការអភិវឌ្ឍ​» នៅ​រាជធានី​ភ្នំពេញ​។​

​ជំនួយការ​រូបនេះ បានឱ្យដឹងថា នៅពេល​ឆ្លងកាត់​ខេត្តកំពង់ចាម ដល់​ចំណុច​ស្គន់ មាន​កម្លាំង​ស្លៀកពាក់​ជា​ស៊ីវិល​មួយក្រុម ដែល​អះអាងថា ខ្លួន​ជា​អាវុធហត្ថ​ខេត្តកំពង់ចាម បាន​ដេញ​ពីក្រោយ​ហើយ​កាក់​ដំណើរ​ឱ្យ​រថយន្ត​អ្នកឧកញ៉ា សៀង ណាំ ឈប់ ដើម្បី​ពួកគេ​ឆែកឆេរ ប៉ុន្តែ​រក​មិនឃើញ​ឈើ​គ្រញូង​ទេ​។ នៅពេល​អ្នកឧកញ៉ា សៀង ណាំ ចុះ​សួរនាំ ពួកគេ​បាន​សុំទោស​ហើយ​អនុញ្ញាត ឱ្យ​បន្តដំណើរ​ទៀត​។ លោក សុខ តុញ បានបញ្ជាក់​បន្ថែមថា រឿង​ដែល​ធ្ងន់​ជាងគេ នៅពេលដែល​រថយន្ត​អ្នកឧកញ៉ា សៀង ណាំ បាន​ទៅដល់​ចំណុច​ភ្នំ​ដិ​ល ក្នុងស្រុក​បាធាយ ក៏​ស្រាប់​តែមាន​កម្លាំង​អាវុធហត្ថ​មួយក្រុម​ទៀត ហើយ​ថា​ជា​រថយន្ត​សង្ស័យ​ដឹកឈើ​គ្រញូង​ទៀត ប៉ុន្តែ​ក៏​អនុញ្ញាត ឱ្យ​បន្តដំណើរ​ទៅទៀត នៅពេលដែល​អ្នកឧកញ៉ា សៀង ណាំ​ចុះ​សួរនាំ​។​
​សូម​ជំរាប​ថា ឧកញ៉ា សៀង ណាំ បានមក​ទទួលពានរ​ង្វាន់ «​សន្តិភាព និង​ការអភិវឌ្ឍ​» ពី​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន (UMA) កាលពី​ម្សិលមិញ ជាមួយនឹង​ឥស្សរជន​ខ្មែរ​២​រូប​ផ្សេងទៀត​។ ពានរង្វាន់​នេះ​ក៏ត្រូវ​បានផ្តល់​ជូន​សម្តេច ហេង សំរិន និង​សម្តេច​តេ​ជោ ហ៊ុន សែន ផងដែរ​៕

ចំនួនអ្នកទស្សនា

    20643627

  • ថ្ងៃនេះ781
  • ម្សិលមិញ5781
  • សប្តាហ៍នេះ6571
  • ខែនេះ201171
  • ឆ្នាំនេះ201171
  • សរុប20643627