ប្រជាពលរដ្ឋ​ខេត្ត​កែប នាំគ្នា​ភ្ញាក់ផ្អើល​រឿង​ទឹកសមុទ្រ​ប្រែ​ពណ៌ បណ្តាលឱ្យ​សត្វ​ក្នុង​សមុទ្រ​មួយចំនួន ងាប់​ជា​បន្តបន្ទាប់​

02-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ខេត្ត​កែប​បានឱ្យដឹងថា នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៦​នេះ ទឹកសមុទ្រ​នៅ​ខេត្ត​កែប បាន​ប្រែ​ពណ៌​ខុសពី​ធម្មតា ដោយមាន​ពណ៌​ទឹក​ឡើង​លឿង ហើយ​បណ្តាលឱ្យ​សត្វ​សមុទ្រ​មួយចំនួន ដូចជា​ក្តាម បង្គារ​ជាដើម ងាប់​ជា​បន្តបន្ទាប់​។ ហេតុការណ៍​នេះ បាន​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន មាន​ភាព​ភ្ញាក់ផ្អើល​។​

​ប្រជាពលរដ្ឋ​ទាំងនោះ បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​ផ្សេងៗ សម្រាប់​ភ្ញៀវទេសចរណ៍ ក៏ដូចជា អ្នក​ទៅ​កម្សាន្ត​នៅ​មាត់សមុទ្រ​ខេត្ត​កែប ដោយសារតែ​ទឹកសមុទ្រ​មាន​ក្លិនឆ្អាប ហើយ​រមាស់​។ ពួកគេ​សង្ស័យថា ទឹកសមុទ្រ​នេះ​មាន​សារធាតុ​មិនល្អ​។​
​ជុំវិញ​បញ្ហា​នេះ អាជ្ញាធរខេត្ត​កែប បាន​អះអាងថា មន្ត្រី​ជំនាញ​បរិស្ថាន និង​មន្ត្រីជលផល កំពុងធ្វើការ​ត្រួតពិនិត្យ​តាមដាន​លើ​ករណីនេះ​យ៉ាង​យកចិត្តទុកដាក់ ។ ប្រភព​ខាងលើ បាន​និយាយថា ការដែល​ធ្វើឱ្យ​ទឹកសមុទ្រ​ឡើង​ពណ៌​លឿង​ពេលនេះ អាចមាន​ប្រភព​មកពី​តំបន់​ព្រែក​ចាក​ជិត​បង្គោល​ព្រំដែន​៣១៤​។​

​ទោះជា​យ៉ាងណា អាជ្ញាធរ មិនទាន់​ដឹងថា ទឹកសមុទ្រ​ពណ៌​លឿង​នេះ មាន​សារធាតុពុល ឬ​អត់​នោះទេ ដោយ​អះអាងថា នឹងធ្វើ​ការវិភាគ​ឱ្យបាន​ច្បាស់លាស់​៕

ចំនួនអ្នកទស្សនា

    20643357

  • ថ្ងៃនេះ511
  • ម្សិលមិញ5781
  • សប្តាហ៍នេះ6301
  • ខែនេះ200901
  • ឆ្នាំនេះ200901
  • សរុប20643357