ស្ទឹងត្រែង៖សមត្ថកិច្ចការពារព្រំដែន បានអះអាងថាភាគីឡាវកំពុងបញ្ជូនកម្លាំងកងតម្រួតរបស់ខ្លួនកាន់តែ ច្រើនក្នុងរយៈពេលពីរថ្ងៃមកនេះមកកាន់ក្បែរព្រំដែនកម្ពុជា បន្ទាប់ពីមានរឿងចម្រូងចម្រាសសាងសង់ប៉ុស្តិ៍ស្នាក់នៅថ្មីបន្ថែម។ ការសាងសង់ប៉ុស្តិ៍ស្នាក់នៅថ្មីបន្ថែមកន្លែងចាស់នេះខាងភាគី កម្ពុជា យល់ឃើញថាព្រោះវាស្ថិតនៅលើខ្សែបន្ទាត់ព្រំដែនពុំទាន់បានកំណត់ ច្បាស់លាស់ជាមួយប្រទេសកម្ពុជា។ករណីខាងលើនេះ បានកើតឡើង ចាប់តាំងពីថ្ងៃទី៣១ខែមីនា ដល់ថ្ងៃទី១ខែមេសាឆ្នាំ២០១៦។
ប្រភពព័ត៌មានពីសមត្ថកិច្ចការពារព្រំដែនកម្ពុជាបានឱ្យដឹងថាខណៈពេល ឡាវកំពុងជីករណ្តៅយកគ្រឿងដែកដឹកជញ្ជូនស៊ីម៉ង់ត៍ដើម្បីចាក់គ្រឹះ សាងសង់ប៉ុស្តិ៍ស្នាក់នៅនោះមកកាលពីថ្ងៃទី១ខែមេសាឆ្នាំ២០១៦ កម្លាំងប៉ុស្តិ៍ព្រំដែនអូរស្វាយនៃវីរសេនាតូចការពារព្រំដែនលេខ ៧០១បានរួមសហការជាមួយកម្លាំងកងអនុសេនាធំទី៣នៃវីរសេនាតូចលេខ១០១ ចុះត្រួតពិនិត្យទីតាំងដែលភាគីឡាវកំពុងសាងសង់អគារស្នាក់នៅនៅ ចំណុច ដុងក្រឡចាស់ស្ថិតត្រង់និយាមការXA14885.38651។
បើតាមGPSចង្អុលបង្ហាញឱ្យឃើញថាចំណុចដែលភាគីឡាវកំពុងរៀបចំសាងសង់ អគារស្នាក់នៅខាងលើនេះគឺស្ថិតនៅចំពីលើខ្សែបន្ទាត់ព្រំដែនតែម្តង ។ម្យ៉ាងទៀតចំណុចនេះក៏ពុំទាន់មានការវាស់វែងព្រំដែនឱ្យបាន ច្បាស់លាស់រវាងគណៈកម្មការបច្ចេកទេសព្រំដែនកម្ពុជានិងឡាវនៅឡើយទេ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី៣១ខែមីនាឆ្នាំ២០១៦កម្លាំងការពារព្រំដែន កម្ពុជាបានចុះត្រួតពិនិត្យម្តងរួចមកហើយ។ពេលនោះភាគីឡាវក៏បាន យល់ព្រមបញ្ឈប់សកម្មភាពតាមសំណើរបស់ភាគីកម្ពុជាដែលដឹកនាំដោយលោក វីរសេនីយ៍ត្រីគត់ហ៊ាងមេបញ្ជាការរងទទួលផែនសេនាធិការដែលពេលនោះភាគី ឡាវ ទើបតែជីករណ្តៅ ចាក់គ្រឹះ បានពីររណ្តៅប៉ុណ្ណោះ។ ប៉ុន្តែ មកដល់ថ្ងៃទី១ខែមេសាឆ្នាំ២០១៦ ភាគីឡាវមិនបានគោរពតាមការស្នើសុំរបស់កម្ពុជានោះទេ។ពួកគេបាន ជីករណ្តៅបីបន្ថែមទៀត សរុបទាំងអស់ប្រាំរណ្តៅហើយ។
នៅ ថ្ងៃទី១មេសាលោកអនុសេនីយ៍ទោដួង ចាន់ធី នាយប៉ុស្តិ៍ការពារព្រំដែនអូរស្វាយនៃវីរសេនាតូចការពារ ព្រំដែនលេខ៧០១និងលោកព្រិន្ទបាលទោ ឈន ឌីម៉ង់សេនាធិការប៉ុស្តិ៍បានរួមសហការជាមួយកម្លាំងអនុសេនាធំទី៣ នៃវីរសេនាតូចលេខ១០១រួមមានលោកអនុសេនីយ៍ឯក ណង ដេត មេបញ្ជាការគ៣លោកអនុសេនីយ៍ត្រីឯកស៊ីវណ្ណដា មេបញ្ជាការរងបានជួបពិភាក្សាជាមួយតម្រួតភាគីឡាវដោយលើកសំណើរសុំឱ្យ បញ្ឈប់។
ការស្នើសុំនេះភាគីឡាវក៏បានឯកភាពជាថ្មីម្តងទៀត ផងដែរ។ប៉ុន្តែទោះបីជាមានការចរចារយ៉ាងណាក៏ភាគីឡាវនៅតែបញ្ជូន កម្លាំងមកកាន់ចំណុចសាងសង់អគារស្នាក់នៅថ្មីនោះបន្ថែមទៀតដដែល៕