ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានចេញលិខិតស្នើឲ្យកាសែតភ្នំពេញប៉ុស្តិ៍ចុះបំភ្លឺឡើងវិញ ចំពោះអត្ថបទមួយថា“អភិបាលរាជធានីឲ្យត្រៀមបង្ក្រាបការតវ៉ា” ដែលក្នុងនោះមានការដកស្រង់សម្ដីរបស់លោកអ៊ូ វីរៈ ដែលអះអាងខ្លួនជាអ្នកវិភាគឯករាជ្យថា “ខ្ញុំគិតថា វាឆ្កួត”ដែលការលើកឡើងនេះ បានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់សាលារាជធានីភ្នំពេញ។
យោងតាម លិខិតរបស់នាយករដ្ឋបាលសាលារាជធានីភ្នំពេញដែលចុះហត្ថលេខាដោយ លោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាធានីភ្នំពេញផ្ញើជូនលោក កែ គឹមសុង និពន្ឋនាយកកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថា ការផ្សាយដោយដកស្រង់សំដីរបស់លោក អ៊ូ វីរ: អះអាងខ្លួនជាអ្នកវិភាគឯករាជ្យថា"ខ្ញុំគិតថា វាឆ្កួត" ធ្វើឲ្យប៉ះពាល់ដល់សិទ្ឋិ កិត្តិយស និងសេចក្តីថ្លៃថ្នូ របស់សាលារាជធានីភ្នំពេញដែលខ្ញុំយល់ឃើញថា ក្នុងសង្គមប្រជាធិបតេយ្យ ឈរលើគោលការណ៍នីតិរដ្ឋ លោកមានសិទ្ធិចុះផ្សាយអត្ថបទ ជាលក្ខណ:បញ្ចេញមតិ ឬទស្សន:ផ្ទាល់ខ្លួនតែត្រូវស្ថិតក្នុងព្រំដែនច្បាប់ និងគោរពដល់សិទ្ធិអ្នកដទៃ ។
ជាមួយគ្នានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានលើកឡើងចំណុចសំខាន់២យ៉ាង ឆ្លើយតបនឹងការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ គឺទី១-តើការប្រើពាក្យពេចន៍ ដោយដាក់សំដីលោក អ៊ូ វីរៈ "ខ្ញុំគិតថា វាឆ្កួត" តើលោក អ៊ូ វីរ: ចង់សំដៅទៅលើអ្នកណា?ឬសំដៅលើអភិបាលរាជធានីភ្នំពេញ ហើយបើលោក អ៊ូ វីរ: មិនបាននិយាយបែបនេះ នោះកាសែតភ្នំពេញប៉ុស្តិ៍ ត្រូវទទួលខុសត្រូវចំពោះការប្រើពាក្យពេចន៍ និងក្រមសីលធម៌ ក្នុងអត្ថបទរបស់ខ្លួន។ ចំណុចមួយទៀត លោក ឡុង ឌីម៉ង់ បានលើកឡើងថា អភិបាលរាជធានីភ្នំពេញ មិនបានប្រើពាក្យបង្ក្រាប ឬកំទេចចោលក្រុមអ្នកតវ៉ាណានោះទេ នៅក្នុងសង្គមប្រជាធិបតេយ្យ តែលោកឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធរបស់រាជធានីភ្នំពេញប្រើវិធានការរដ្ឋបាល យ៉ាងម៉ឺងម៉ាត់ ចំពោះការតវ៉ាទាំងឡាយណាដែលផ្ទុយពីច្បាប់ ក្នុងគោលបំណង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដូចការតវ៉ា នៅក្រោយការបោះឆ្នោត នាឆ្នាំ២០១៣កន្លងទៅនេះ។
គួររំលឹកថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ កាសែតភ្នំពេញប៉ុស្ដិ៍ បានចេញផ្សាយអត្ថបទមួយ ដែលដាក់ចំណងជើងថា “អភិបាលរាជធានីភ្នំពេញ ត្រៀមបង្ក្រាបការតវ៉ា”។ នៅក្នុងខ្លឹមសារអត្ថបទនោះ កាសែតភ្នំពេញប៉ុស្ដិ៍បាន ដកស្រង់សុន្ទរកថារបស់ឯកឧត្តមប៉ា សុជាតិវង្សអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ថា “យើងត្រូវអនុវត្តវិធានការច្បាប់ប្រឆាំងនឹងអ្នកទាំងឡាយដែលបង្កអ សិ្ថរភាពនយោបាយ។នេះជាមេរៀនសំខាន់ដែលយើងត្រូវចងចាំ។ ប្រសិនបើយើងមិនធ្វើទេ"យើងមិនច្បាស់ថាយើងមានស្ថិរភាពនៅថ្ងៃនេះ ទេ"។
ក្នុងនោះ កាសែតភ្នំពេញប៉ុស្ដិ៍ក៏បាន ដកស្រង់សម្ដីរបស់លោក អ៊ូ វីរៈ អ្នកវិភាគឯករាជ្យ ថា “សុន្ទរកថារបស់ឯកឧត្តម ប៉ា សុជាតិវង្សគឺជាសញ្ញារបស់រដ្ឋាភិបាលដែលពោរពេញទៅដោយការបង្ក្រាប ជាជាងការឆ្លើយតបនឹងការគំរាមកំហែងដល់ស្ថិរភាព។មកដល់ថ្ងៃនេះខ្ញុំ មិនឃើញមានចលនាពិតប្រាកដណាមួយទេ។ ខ្ញុំគិតថាវាមិនអាចទៅរួចទេ។ ខ្ញុំគិតថាវាឆ្កួត"៕