ភ្នំពេញ៖ សមាសភាពរដ្ឋាភិបាលដែលត្រូវ កែសម្រួល២៦រូបត្រូវបានសមាជិកសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត រួមទាំងសមាជិកសភាបក្សប្រឆាំងខ្លះផងកាលពីព្រឹកថ្ងៃចន្ទទី០៤មេសា ។
ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាក៏បានអរគុណបក្សប្រឆាំងដែលតំណាងរាស្ត្របក្សប្រឆាំង បានប្រកាសថាមិនបោះឆ្នោតគាំទ្រសំណើផ្លាស់ប្តូរគណៈរដ្ឋមន្ត្រី។ សម្តេចបានបន្តថា គណបក្សប្រជាជនកម្ពុជាមិនត្រូវការសម្លេងពីគណបក្សប្រឆាំងនោះទេដើម្បី "កុំអោយជំពាក់គុណបក្សប្រឆាំង" ។
តែទោះជាយ៉ាងណាក្រោយសភា បោះឆ្នោតគាំទ្រសំណើរកែសម្រួលគណៈរដ្ឋមន្ត្រី គេសង្កេតឃើញមានសន្លឹកឆ្នោតគាំទ្រដល់ទៅ៧០សម្លេងដែលហួសសមាជិសភា របស់គណបក្សប្រជាជន មានន័យថាសមាជិកសភាបក្សប្រឆាំងខ្លះបានបោះឆ្នោតគាំទ្រការកែសម្រួលនេះ ខ្លះដែរ។
សម្តេចតេជោក៏បានបញ្ជាក់ពីមូលហេតុនៃ ការរុះរើគណៈរដ្ឋមន្ត្រីថា ធ្វើឡើងដោយទៅលើភាពចាំបាច់ចំនួន៥រួមមានទី១. ភាពចាំបាច់ក្នុងការបញ្ចប់ ឬផ្លាស់ប្តូរមុខងារសមាជិកមួយចំនួននៃរាជរដ្ឋាភិបាលស្រមតាមសំណូមពរ របស់សាមីឥស្សរជន, ២. ភាពចាំបាច់ក្នុងការផ្តល់មុខងារ និងភារកិច្ចបន្ថែម ដល់សមាជិកមួយចំនួននៃរាជរដ្ឋាភិបាល, ៣. ភាពចាំបាច់ នៃការកែសម្រួលនិងប្តូរសមាជិកមួយចំនួន នៃរាជរដ្ឋាភិបាលឲ្យទៅទទួលបន្ទុកការងារនៅក្រសួងស្ថាប័នដែល ស័ក្តិសម និងបទពិសោធន៍ការងាររបស់សាមីឥស្សរជននីមួយៗ, ៤. ភាពចាំបាច់ក្នុងការប្រមូលរក្សា និងប្រើប្រាស់ឲ្យអស់លទ្ធភាពនិងប្រកបដោយប្រសិទ្ធភាពនូវធនធានបញ្ញា ញាណរបស់មន្ត្រីសំខាន់ៗមួយចំនួនដែលមានបទពិសោធន៍ការងារយូរឆ្នាំ នៅក្នុងជួររដ្ឋបាលសាធារណៈ ហើយនិងមានសុខភាពល្អមាំមួន ដែលអាចបន្តជួយការងាររាជរដ្ឋាភិបាលបាន, ៥. ភាពចាំបាច់ក្នុងការប្រគល់តំណែងនិងភារកិច្ចនៅក្នុងជួររាជរដ្ឋាភិបាល ដែលមន្ត្រីវ័យក្មេងមួយចំនួន ដែលមានសមត្ថភាពខ្ពស់ និងមានគុណសម្បត្តិល្អស័ក្តិសម។
សមាសភាពរដ្ឋមន្ត្រី ដែលសម្តេចតេជោសម្រេចស្នើធ្វើការផ្លាស់ប្តូរនេះរួមមាន៖
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំ ហុង ត្រូវបានផ្លាស់ចេញពីរដ្ឋមន្ត្រីក្រសួងក្រសួងការបរទេស ដាក់ជំនួស ដោយឯកឧត្តម ប្រាក់ សុខុនមកពីក្រសួងប្រៃសេនីយ៍ និងទូរគមនាគមន៍។
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ត្រូវបានផ្លាស់ចេញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ជំនួសដោយឯកឧត្តម ជា សុផារ៉ា មកពីក្រសួងអភិវឌ្ឍន៍ជនបទ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រូវបានប្តូរពីក្រសួងពាណិជ្ជកម្ម ទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តម អ៊ុក រ៉ាប៊ុន ត្រូវបានប្តូរពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅកាន់ក្រសួងអភិវឌ្ឍន៍ជនបទ។
ឯកឧត្តម ត្រាំ អ៊ីវតឹក ត្រូវបានប្តូរពីក្រសួងសាធារណការនិងដឹកជញ្ជូន ទៅកាន់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។
ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ ត្រូវបានផ្លាស់ចេញ ដាក់ជំនួសដោយ ឯកឧត្តមហឹម ឆែម។
ឯកឧត្តម ប៉ាន សូរស័ក្តិ ត្រូវបានតម្លើងពីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទៅជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ខណៈរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានទៅលើឯកឧត្តម វេង សាខុន។
ក្រៅពីការផ្លាស់ប្តូរសមាសភារដ្ឋមន្ត្រី ដែលរៀបរាប់ខាងលើនេះ នៅមានមន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបទៀតត្រូវបានតម្លើងតួនាទីពី អនុរដ្ឋលេខាធិការទៅជារដ្ឋលេខាធិការ៕