ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានប្រាប់ខ្លួននៅមុននេះបន្តិចថាអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឃាត់ខ្លួន លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង មកសាកសួរជាលើកទី២។ឯកឧត្តម ឱម យ៉ិនទៀង បានបញ្ជាក់ថា ការឃាត់ខ្លួនលោក ស៊ុត ឌីណា ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ និងថា លោក ស៊ុត ឌីណាជៀសមិនផុតពីឃាត់ខ្លួននោះទេ ដោយសារតែមានពាក្យបណ្តឹងជាច្រើនបានប្តឹងលោកជុំវិញភាពមិនប្រក្រតី ក្នុងការបំពេញការងារ។
តែគេហទំព័រក្នុងស្រុក បានបញ្ជាក់ថាលោក ស៊ុត ឌីណាមិនត្រូវបានឃាត់ខ្លួនទេ តែវាគ្រាន់តែជាការកោះហៅមកសាកសួរលើកទី២តែប៉ុណ្ណោះ។លោកឱម យ៉ិនទៀងបានប្រាប់ ដើមអម្ពិល នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ថា"នេះ ជាការកោះហៅមកសាកសួរ ជាលើកទី២ដើម្បីស្តាប់ចំលើយ គឺមិនបានឃាត់ខ្លួននោះទេ"។
សារព័ត៌មានបានបន្ថែមថា ប្រធាន ACU បានអះអាងថា មុននឹងឃាត់ខ្លួននោះ ACUបានរកឃើញតម្រុយជាច្រើនក្នុងនោះមានព័ត៌មានដែលផ្សាយទៅលើ Facebook អំពីភាពមិនប្រក្រតីរបស់លោក ឌីណា ពាក្យប្តឹងពីក្រសួងការបរទេសទាំងនៅភ្នំពេញ និងកូរ៉េខាងត្បូង ហើយACUក៏ធ្លាប់បានបញ្ជូនមនុស្ស៦នាក់ទៅប្រមូលព័ត៌មាននៅកូរ៉េ ផងដែរ។
សូមជំរាបថា លោក ស៊ុត ឌីណា បានចាកចេញពីកូរ៉េមកដល់ប្រទេសកម្ពុជា នៅថ្ងៃម្សិលមិញ និងត្រូវបាននាំខ្លួននៅព្រឹកមិញនេះ៕