ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសលុបចោលគំរោងសាងសង់ផ្លូវអាកាសល្បឿនលឿនដែលមានតម្លៃប្រមាណ ៣៦០លានដុល្លា ដោយសម្តេចបានបញ្ជាឲ្យយកផ្លូវដែកដែលមានស្រាប់ មកធ្វើជាផ្លូវធំជំនួសវិញ ដោយសារតែមានការតវ៉ានិងបង្កផលប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋ។
ការថ្លែងបែបនេះបានធ្វើឡើងក្នុងឱកាសដែលសម្ដេចបានអញ្ជើញបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦។
ដើម្បីកុំឲ្យមាន ប្រជាពលរដ្ឋតវ៉ាតទៅទៀត សម្ដេចតេជោ បានថ្លែងថា“ខ្ញុំសូមប្រកាសថ្ងៃនេះសូមបងប្អូនតាមផ្លូវរថភ្លើងពី ភ្នំពេញទៅពោធិ៍ចិនតុង ឈប់ធ្វើបាតុកម្ម ឈប់ទាមទារធ្វើវេទិកាសាធារណៈ ខ្ញុំមិនអនុញ្ញាតឲ្យធ្វើអាផ្លូវHigh Wayអ៊ិចប្រេសហ្នឹងទេ នាំពិបាក”។សម្ដេចក៏បានស្នើឲ្យយក ផ្លូវដែកដែលបច្ចុប្បន្ន សម្ដេចថា មិនប្រើប្រាស់ចាប់ពីគីឡូម៉ែត្រលេខ៦ មកធ្វើជាផ្លូវធំសម្រាប់ធ្វើដំណើរវិញ។
កន្លងមក ក្រោយពីបានដឹងគម្រោងធ្វើផ្លូវល្បឿនលឿន ប្រជាពលរដ្ឋនៅតាមផ្លូវដែកបានចេញមុខតវ៉ាជាបន្តបន្ទាប់ទាមទារឲ្យ ក្រសួងសាធារណការបញ្ចេញព័ត៌មានពីគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះ ។ ក្រសួងសាធារណការ និងដឹកជញ្ជូនបានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវដែក ក្នុងតំបន់គម្រោងសាងសង់ផ្លូវល្បឿនលឿនឲ្យរក្សាភាពស្ងាត់ស្ងៀម ដោយក្រសួងអះអាងថាក្រសួងនឹងរៀបចំវេទិកាសាធារណៈ ដើម្បី ដោះស្រាយផលប៉ះពាល់ មុននឹងអនុញ្ញាតឲ្យគម្រោងដំណើរការសាងសង់។
ក្រសួងបានបញ្ជាក់ថាគម្រោងសាងសង់ផ្លូវអាកាសល្បឿនលឿននេះកំពុងស្ថិត នៅក្នុងដំណាក់កាលសិក្សានៅឡើយ ដោយក្រសួងអំពាវនាវអំពាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងបន្តប្រកបអាជីវកម្មជាធម្មតាទុកឱកាសឲ្យរដ្ឋាភិបាលពិចារណារក ដំណោះស្រាយណាមួយដែលអាចទទួលបានទាំងអស់គ្នា។
គួរបញ្ជាក់ ថាសាលារាជធានីភ្នំពេញធ្លាប់បង្ហោះលើវេបសាយរបស់ខ្លួនថាផ្លូវអាកាស ល្បឿនលឿននេះនឹងចាប់ផ្តើមសាងសង់ពីឆ្នាំ២០១៦ហើយបញ្ចប់នៅឆ្នាំ ២០២១ ដោយគ្រោងនឹងចំណាយថវិកាអស់៣៦០លានដុល្លារ