ភ្នំពេញ៖ ក្នុងពិធីប្រកាសតែងតាំងឯកឧត្តមជា សុផារ៉ា ជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី កាលពីរសៀលថ្ងៃអង្គារទី៥ ខែមេសា ឆ្នាំ២០១៦ នេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យ ឯកឧត្តម ជា សុផារ៉ា បន្តដោះស្រាយបញ្ហាដីធ្លី និងបណ្តឹងរបស់ប្រជាពលរដ្ឋ។
សម្តេច ក្រឡាហោម ស ខេង បានមានប្រសាសន៍ថា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ត្រូវបន្តជំរុញល្បឿន នៃការចុះបញ្ជី និងការផ្ដល់កម្មសិទ្ធិដីធ្លី ទាំងដីរដ្ឋ ដីឯកជន និងដីសហគមន៍ជនជាតិដើមភាគតិច ក្នុងទិសដៅឈានទៅសម្រេចផែនការចុះបញ្ជីដីឲ្យបាន ៧០ភាគរយ នៃចំនួនក្បាលដី សរុបទូទាំង ប្រទេស នៅឆ្នាំ២០១៨ ។
សម្តេចបាន បន្តថា “បច្ចុប្បន្នបញ្ហាទំនាស់ដីធ្លីនៅតែជាបញ្ហាប្រឈមកំពុងកើតមាន និងបានបង្កនូវភាពស្មុគស្មាញនៅកន្លែងមួយចំនួន ។ ដើម្បីជម្នះដោះស្រាយបញ្ហាប្រឈមនេះ ក្រសួងត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លី ក្នុងក្របខ័ណ្ឌនៃ ដែនសមត្ថកិច្ចគណៈកម្មការសុរិយោដីទាំង ៣ថ្នាក់” ។
ក្នុងឱកាសនេះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានប្រកាសប្តេជ្ញាអនុវត្តកិច្ចការចំនួន៧ចំណុចដើម្បីបន្តនិរន្តរភាព ការងារ។ទី១.បន្តពង្រឹងការងារគ្រប់គ្រងមន្ត្រី និងវិធានការអនុវត្តសហលក្ខន្តិកៈ មន្ត្រីរាជការរបស់រាជរដ្ឋាភិបាល និងវិធានការពង្រឹង និងអភិវឌ្ឍស្ថាប័នតាមរយៈការបណ្តុះបន្តាល ធនធានមនុស្ស ការលើកទឹកចិត្តមន្ត្រី រាជការឲ្យខិតខំ បំពេញការងារ និងការពង្រឹង ការអនុវត្តច្បាប់ និងបទបញ្ជាពិសេសជំរុញការអនុវត្តន៍ ការត្រួតពិនិត្យ យន្តការនៃការផ្តល់ សេវាសាធារណៈ ដើម្បីធានាឆ្លើយតប ទាន់ពេលវេលា នូវរាល់សំណូមពរ របស់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ របស់សម្តេចតេជោ គឺធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានសតម្លាភាព។
ទី២.ជំរុញ និងដោះស្រាយការកកស្ទះ ក្នុងការចុះបញ្ជីដីធ្លី មានលក្ខណៈ ជាប្រព័ន្ធ ការចុះបញ្ជីដីសហគមន៍ ជនជាតិដើមភាគតិចពិសេសការកកស្ទះ ក្នុងការអនុវត្តន៍បទ បញ្ជាលេខ០១បប។
ទី៣.ទប់ស្កាត់ ការទន្ទ្រាន កាន់កាប់ដីរដ្ឋ និងការរំលោភបំពាន លើកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ។ ដោះស្រាយរកយុត្តិធម៌ ដល់ភាគីពាក់ព័ន្ធដើម្បីជំនឿជឿជាក់ក្នុងការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា។
ទី៤.ទប់ស្កាត់ និងដោះស្រាយការសាងសង់ ដែលរំលោភច្បាប់ដែលធ្វើឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ក៏ដូចជាសោភ័ណ្ឌភាព និងបរិស្ថាន។
ទី៥.ជំរុញការរៀបចំប្លង់ប្រើប្រាស់ដីធ្លី ដោយកំណត់ប្រភេទតំបន់ និងកម្ពស់។
ទី៦.បន្តអនុវត្តឲ្យបានជោគជ័យ នូវគោលនយោបាយ បែងចែកដីធ្លី តាមរយៈការអនុវត្តន៍ កម្មវិធីសម្បទានដីធ្លី សង្គមកិច្ចនិងការធ្វើប្រទានកម្ម ជូនប្រជាជនក្រីក្រ យោធិនពិការ គ្រួសារយោធាពលី និងមរណៈ និងអតីតកងកម្លាំង ប្រដាប់អាវុធ ដែលខ្វះដីពិតប្រាកដ។
និងទី៧.រួមចំណែក ជាមួយអាជ្ញាធរ ថ្នាក់ក្រោមជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា៕