ភ្នំពេញ ៖ ថ្លែងក្នុងពិធីផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីព្រឹកថ្ងៃទី០៦ មេសា ២០១៦ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តជម្រុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងលើកកម្ពស់ជីវភាពប្រជាជននៅតាមជនបទ ។
សូមជម្រាបថា ឯកឧត្តម អ៊ុក រ៉ាប៊ុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទជំនួសលោក ជា សុផារ៉ា ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ។ ពិធីផ្ទេរតំណែងត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី ។
ឯកឧត្តម សុខ អាន បានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ជា សុផារ៉ា រួមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានធ្វើឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការអភិវឌ្ឍជនបទនៅកម្ពុជា។
ឯកឧត្តមបន្តថា ព្រឹត្តិការណ៍នាថ្ងៃនេះ ឆ្លុះបញ្ចាំងអំពីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបង្ហាញឱ្យឃើញអំពីឧត្តមគតិ និងការបេ្តជ្ញាដ៏មុះមុតរបស់រាជរដ្ឋាភិបាលក្នុងការពុះពារបម្រើ ជាតិ និងប្រជាជន យកផលប្រយោជន៍រួមជាធំ សំដៅបន្តការពារ និងកសាងមាតុភូមិឆ្ពោះទៅរកអនាគតដ៏រុងរឿង ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន៕ាំ