ឯកឧត្ដម ម៉ម ប៊ុនហេង​ចូលរួម បើក​កម្មវិធី​សប្បុរសធម៌ និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

08-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦ នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ប្រារព្ធ​កម្មវិធី​សប្បុរសធម៌ និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ក្រោម​វត្តមាន ឯកឧត្ដម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។

​ឯកឧត្ដម បាន​កោតសរសើរ​ចំពោះ​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែលជា​និស្សិត​ឆ្នើម​ទាំង​ការសិក្សា ទាំង​ក្នុង​សកម្មភាព​កីឡា និង​ការងារ​មនុស្សធម៌​។ ឯកឧត្ដម មាន​មោទនភាព​ដោយ​ឃើញ​និស្សិត ដែល​បា​បញ្ចប់​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ទទួលបាន​នូវ​ចំណេះដឹង​ជំនាញ និង​ឥរិយាបថ​ល្អ​មានការ​ទទួលខុសត្រូវ​លើ​វិជ្ជាជីវៈ​ខ្ពស់ ការចូលរួម​ក្នុង​សកម្មភាព​សង្គម និង​សកម្មភាព​មនុស្សធម៌​នានា ពិសេស​បាន​ចូលរួម​ក្នុង សកម្មភាព​មនុស្សធម៌ នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ហើយ​ថ្ងៃនេះ​និស្សិត បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ក្នុង​កម្មវិធី​មនុស្សធម៌​មួយទៀត​នៃ និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​បង្ហាញ​អំពី​ការស្រលាញ់ ចេះ​ជួយ​ចែករំលែក​ដល់​និស្សិត​ខ្វះខាត ស្របតាម​ប្រធានបទ​យុវជន និង​វប្បធម៌​ចែករំលែក​។​

​តាម​របាយការណ៍​រប​ស់ ឯកឧត្ដម សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​បង្ហាញថា ឆ្នាំនេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​សមាគមនិស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ សុខាភិបាល​រៀបចំ​កម្មវិធី​សប្បុរសធម៌ ហើយ​ឆ្នាំនេះ​មានការ​ចូលរួម​ពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​យុវជន​សម្ដេច​តេ​ជោ និង​ដៃគូ​អភិវឌ្ឍន៍ ស​.​វ​.​ស ចំនួន​១៣​ក្រុមហ៊ុន​/​អង្គភាព សមាគម សមាគមនិស្សិត និស្សិត​ទាំង​អស់នៃ​សាកលវិទ្យាល័យ ដែល​បាន​ចូលរួម​ជា​សកម្មភាព​លក់ដូរ​ទំនិញ​ផ្សេងៗ មាន​ពិព័រណ៍​សម្ភារៈ ការប្រគំ​តន្ត្រី​ដោយ​ក្រុមនិស្សិត ការលេង​ល្បែង​ប្រជាប្រិយ​នានា និង​អាហារ​ដែលជា​ស្នាដៃ​របស់ សមាគមនិស្សិត និង​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។​​សូមបញ្ជាក់​ផងដែរ​ថា កម្មវិធី​សប្បុរសធម៌​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល លើក​ទី​១​បានរៀបចំ​នៅ​ថ្ងៃទី​០៧ ខែមេសា​ឆ្នាំ​២០១៤ ប្រមូលបាន​ថវិកា​បាន​ជាង​១៤​លាន​រៀល​ស​ដើម្បី​ជួយ​ដល់​និស្សិត​ខ្វះខាត ចំនួន​០៧​រូប​សម្រាប់​បង់ថ្លៃ​សិក្សា​។​

​ជា​ចុងក្រោយ​គណៈអធិបតី សាស្ត្រាចារ្យ និង​ភ្ញៀវកិត្តិយស​បាន​អញ្ជើញ​ទស្សនា​ស្តង់​ពិព័រណ៍ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ និង​ស្តង់​ដទៃទៀត​ព្រមទាំង​បាន​ថតរូប​អនុស្សាវរីយ៍​ដែល​បង្ហាញ​អំពី ការចូលរួម​លើកស្ទួយ​សកម្មភាព​សប្បុ​រសធម៌ មនុស្សធម៌​នៅក្នុង​សង្គម និង​ការលើកទឹកចិត្ត​ឲ្យ​យុវជន​ចូលរួម​អោយ​កាន់តែ​សកម្ម​នៅក្នុង​កិច្ច ការងារ​សង្គម ៕

ចំនួនអ្នកទស្សនា

    20644827

  • ថ្ងៃនេះ1981
  • ម្សិលមិញ5781
  • សប្តាហ៍នេះ7771
  • ខែនេះ202371
  • ឆ្នាំនេះ202371
  • សរុប20644827