ថ្នាក់ដឹកនាំ ធនាគារ BIDV ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជូនពរ​ឆ្នាំ​ថ្មី ដល់​អគ្គស្នងការ​នគ​របាល​ជាតិ

08-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​0៨ ខែមេសា ឆ្នាំ​២០១៦ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានអនុញ្ញាត​ឲ្យ លោក Nguyen Quang Huy នាយក​ការិយាល័យ តំណាង​ធនាគារពាណិជ្ជ វិនិយោគ និង​អភិវឌ្ឍ វៀតណាម (BIDV) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួម​និង​ប្រតិភូ​អមដំណើរ ចូលជួប​សំដែង​ការគួរសម និង​ជូនពរ​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដល់​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​កងកម្លាំង​នគរបាល​ទូទាំងប្រទេស​។​

​ក្នុងជំនួប​នោះ លោក Nguyen Quang Huy នាយក​ការិយាល័យ តំណាង​ធនាគារពាណិជ្ជ វិនិយោគ និង​អភិវឌ្ឍ វៀតណាម (BIDV) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​សមត្ថ​កិច្ច​នគរបាល​កម្ពុជា ដែល​កន្លងមក​បាន​ជួយ​ថែ​ក្សា​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​បានល្អ ហើយ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំវក អត្ថ​ស័ក ព​.​ស ២៥៦០ ដែល​ខិតជិត​ចូល​មកដល់​នៅពេល​ឆាប់ៗ​ខាងមុខនេះ សូម​គោរព​ជូនពរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ថ្នាក់ដឹកនាំ​ទាំងអស់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ព្រមទាំង​កងកម្លាំង​នគរបាល ទូទាំងប្រទេស សូម​ទទួលបាន​សុខភាព​ល្អ កម្លាំង​ពលំ​មាំមួន ឈ្នះ​អស់​មារ​សត្រូវ និង​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច ដែល​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​កម្ពុជា​ប្រគល់ជូន​។​

​ក្នុងជំនួប​នោះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍ថា ធនាគារពាណិជ្ជ វិនិយោគ និង​អភិវឌ្ឍ វៀតណាម (BIDV) គឺជា​ធនាគារ​ដ៏​ធំ​មួយ ក្នុងចំណោម​ធនាគារ​ធំៗ​ជាច្រើន​នៅ​កម្ពុជា ហើយ​ធនាគារ (BIDV) មួយ​នេះ ក៏បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​៧​ភាគរយ​។​
​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​មានប្រសាសន៍​ទៀតថា សមត្ថកិច្ច​នគរបាល​កម្ពុជា នៅតែ​បន្ត​សហការគ្នា​ល្អ​ជាមួយ​ធនាគារ (BIDV) ក្នុងការ​រក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ រួម​នឹង​មន្ត្រី​បុគ្គលិក​រប​សើ​ធនាគារ​ផងដែរ​។​

​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ជូនពរ​ដល់ លោក Nguyen Quang Huy នាយក​ការិយាល័យ តំណាង​ធនាគារពាណិជ្ជ វិនិយោគ និង​អភិវឌ្ឍ វៀតណាម (BIDV) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួម​នឹង​មន្ត្រី​បុគ្គលិក នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំវក អត្ថ​ស័ក ព​.​ស ២៥៦០ ដែល​ខិតជិត​ចូល​មកដល់​នៅពេល​ឆាប់ៗ​ខាងមុខនេះ សូម​ឲ្យ​មាន​សុខ​ភាពល្អ និង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អតិថិជន ៕

ចំនួនអ្នកទស្សនា

    20645307

  • ថ្ងៃនេះ2461
  • ម្សិលមិញ5781
  • សប្តាហ៍នេះ8251
  • ខែនេះ202851
  • ឆ្នាំនេះ202851
  • សរុប20645307