ភ្នំពេញ៖ នាព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានរៀបចំពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាន សម្រាប់និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ប្រារព្ធពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាននេះឡើងក្នុងគោលបំណង៖ជំរុញលើកទឹកចិត្តប្អូនៗ ជានិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឲ្យមានការខិតខំសិក្សាស្រាវជ្រាវស្វែងរកចំណេះដឹងនិងជំនាញវិជ្ជាជីវពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់នូវ ឥរិយាបថល្អ និងការផ្តល់តម្លៃមនុស្សធម៌ចូលរួមដាស់តឿនក្រើនរំលឹកដល់ប្អូនៗជានិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឱ្យអនុវត្តអាជីពពេទ្យរបស់ខ្លួននាថ្ងៃអនាគតប្រកបដោយមនសិការ កិត្តិយស និងសេចក្តីថ្លៃថ្នូរនិងមានភាពមេត្តាធម៌ទៅលើអ្នកជម្ងឺ និងចូលរួមលើកតម្កើងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យសុខាភិបាលអោយកាន់តែប្រសើរឡើង។
ក្នុងពិធីដ៏មានអត្ថន័យនេះ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏បានចែកប័ណ្ណសរសើរជូនដល់និស្សិតពូកែប្រចាំឆ្នាំ ចំនួន ១០២នាក់ ដែលមកពីគ្រប់ មហាវិទ្យាល័យ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រផងដែរ៕