ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំ ក្រោមអធិបតីភាពរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
យោងតាម សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកាលពីថ្ងៃទី៩មេសា បានឱ្យដឹងថានាថ្ងៃចន្ទទី១១ខែមេសាឆ្នាំ២០១៦វេលាម៉ោង១៤និង៣០ នាទីរសៀលគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងពិភាក្សាលើរបៀបវារៈ មួយចំនួន៖
១-ពិនិត្យនិងសម្រេចសំណើលេខ៖០៦/១៦លគ.គកចុះ ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦របស់គណបក្សប្រជាជនកម្ពុជានិងសំណើរលេខ៖០០៩/១៦គ.ស.រ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦របស់គណបក្សសមរង្សី។២-ពិនិត្យនិងសម្រេចសំណើរបស់ គណៈកម្មការទី៨ព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ស្តីពីសហជីព នៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ព្រឹទ្ធសភានីតិកាលទី៣ និងទី៣-កំណត់របៀបវារៈនិងកាលបរិច្ចេទបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភានីតិកាលទី៣។
គួររំលឹកថានាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ លោកជំទាវមាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនិងបានជួបពិភាក្សា ជាមួយតំណាងរាជរដ្ឋាភិបាលកាលពីថ្ងៃទី៧មេសាឆ្នាំ២០១៦។
រាជរដ្ឋាភិបាលបានចាត់ទុកសេចក្តីព្រាងច្បាប់ស្ដីពី សហជីព គឺជាសមិទ្ធផលថ្មីមួយក្នុងការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត ក្នុងគោលបំណងដើម្បីគាំទ្រ ការអនុវត្ត យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា៕