ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ តែងតាំង​លោក ឡុង ឌី​ម៉​ង់ ជា​ឯកអគ្គរាជទូត​ប្រចាំ​កូរ៉េខាងត្បូង

09-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ព្រះមហាក្សត្រ​បានចេញ ព្រះរាជក្រឹត្យ​តែងតាំង​លោក ឡុង ឌី​ម៉​ង់ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​កម្ពុជា ប្រចាំ​នៅ​កូរ៉េខាងត្បូង និង​បានចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​ភារកិច្ច​លោក ស៊ុត ឌី​ណា ពី​ឯកអគ្គរាជទូត​ផងដែរ​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ដែល ទើប​ទទួលបាន​នៅមុននេះ​នា​ល្ងាច​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៦​នេះ​។​

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​អះអាងថា លោក ឡុង ឌី​ម៉​ង់ មាន​លក្ខណៈសម្បត្តិ​ប្រសើរ​ផ្នែក​ទំនាក់ទំនង​ការទូត ដោយ​លោក​បានបញ្ចប់​សញ្ញាបត្រ​អនុបណ្ឌិត ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ហើយ​មានការ​យល់ដឹង និង​បទពិសោធន៍​ការទូត​ក្នុងនាម​ជា​អ្នកនាំពាក្យ នៅក្នុង​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលមាន​ទំនាក់ទំនង​ជាមួយ អង្គទូត​នានា មាន​អត្ត​ច​រឹត​ល្អ ធ្វើឱ្យ​រាជរដ្ឋាភិបាល​មើលឃើញ និង​ផ្តល់​សេចក្តីទុកចិត្ត​។​

​លោក សុន្ទរី លើកឡើងថា «​ការជ្រើសរើស លោក ឡុង ឌី​ម៉​ង់ ជា​ឯកអគ្គរាជទូត​ប្រចាំ​នៅ​កូរ៉េខាងត្បូង​នេះ គឺ​ផ្អែកលើ​លក្ខណៈសម្បត្តិ​របស់លោក ឡុង ឌី​ម៉​ង់ មិនមែនជា​ការជ្រើសរើស​ដោយ​ផ្អែកលើ សែស្រឡាយ ឬ​ផ្អែកលើ​កត្តា​អ្វីមួយ​ផ្សេង​នោះទេ​»​។​
​អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា «​ការសិក្សា​របស់គាត់ (​ឡុង ឌី​ម៉​ង់​) គឺ​បញ្ចប់​ផ្នែក​អនុបណ្ឌិត ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ហើយ​នៅពេលដែល​គាត់​ធ្វើ​ការងារ​នៅ​សាលាក្រុង គាត់​ក៏​ជា​អ្នកនាំពាក្យ​របស់​សាលាក្រុង គាត់​ក៏មាន​បទពិសោធន៍​ផ្នែក​ទំនាក់ទំនង​ជាមួយ ភ្ញៀវ​បរទេស គណៈប្រតិភូ​អង្គទូត​នានា ជាពិសេស​នោះ គឺ​មូលដ្ឋាន​ការសិក្សា​របស់គាត់ ដែល​អនុបណ្ឌិត​មកពី​ប្រទេស​បារាំង ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​»​។​
​លោក ឡុង ឌី​ម៉​ង់ ដែល​បច្ចុប្បន្ន​ជា អ្នកនាំពាក្យ​តែមួយគត់​នៃ​សាលា​រាជធានី​ភ្នំពេញ បានបញ្ចប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​កម្ពុជា ក្នុង​ឆ្នាំ​១៩៩៧ ហើយ​លោក​បាន​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ប៉ារីស ដូ​ហ្វី​ន ប្រទេស​បារាំង ក្នុង​ឆ្នាំ​២០០១ ដោយ​ជ្រើសរើស​ជំនាញ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ បន្ទាប់ពី​នោះបាន​៣​ឆ្នាំ លោក​ក៏បាន​សិក្សា និង​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ (​អនុបណ្ឌិត​) ជំនាញ​ទំនាក់ទំនង​អន្តរជាតិ នៅ​សាលា​ដដែល​នេះ​។​

​ក្រោយពី​ត្រឡប់មក​កម្ពុជា​វិញ លោក ឡុង ឌី​ម៉​ង់ បានទទួល​ការងារ​ជា​ជំនួយការ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​២០០៥ ក្រោយមក ក្លាយជា​នាយករង​ខុទ្ទកាល័យ​សាលា​រាជធានី​ភ្នំពេញ បន្ទាប់មកទៀត ក្លាយជា​នាយករង​ទីចាត់ការ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ក្លាយជា​នាយក​ទីចាត់ការ ក្លាយជា​នាយករង​រដ្ឋ​បាល​សាលា​រាជធានី​ភ្នំពេញ និង​បាន​ក្លាយជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ចាប់តាំងពី​ឆ្នាំ​២០១២ រហូតមក​។​​សូម​ជំរាប​ថា ចៅក្រម​ស៊ើបសួរ​លោក លាង សំណាត់ បានសម្រេច​ចេញ​ដីកាឃុំខ្លួន លោក ស៊ុត ឌី​ណា ជា​បណ្តោះអាសន្ន បន្ទាប់ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ សម្រេច​ចោទប្រកាន់​២​បទ កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់ តាម​មាត្រា​៥៩៧ និង​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​រំលោភ​អំណាច តាម​មាត្រា​៣៥ ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ​។ បទល្មើស​នីមួយៗ​កំណត់​ការផ្តន្ទាទោស​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១០​លាន​រៀល​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឃាត់ខ្លួន លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦ គ្រា​ដែល​រូបលោក​ចូលជួប​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​ឯកឧត្តម ឱម យ៉ិ​ន ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា ការឃាត់ខ្លួន​លោក ស៊ុត ឌី​ណា បានធ្វើ​ឡើង បន្ទាប់ពី​បាន​រកឃើញ​តម្រុយ​ជាច្រើន ក្នុងនោះ​មាន​ព័ត៌មាន​ផ្សាយ​នៅលើ Facebook អំពី​ភាពមិនប្រក្រតី​របស់លោក ឌី​ណា រួមមាន​ពាក្យ​ប្តឹង​ពី​ក្រសួងការបរទេស ទាំង​នៅ​ភ្នំពេញ និង​កូរ៉េខាងត្បូង​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20645487

  • ថ្ងៃនេះ2641
  • ម្សិលមិញ5781
  • សប្តាហ៍នេះ8431
  • ខែនេះ203031
  • ឆ្នាំនេះ203031
  • សរុប20645487