សម្តេច​តេ​ជោ ស្នើ ដល់​អាជ្ញាធរ​យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ

11-April-2016 | ដោយ មែន កំសត់



​ព្រៃវែង​៖ ខណៈ​ដែល​តំបន់​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា កំពុង​ជួប​គ្រោះ​ហួតហែង​ខ្វះ​ទឹក​ប្រើប្រាស់​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រ មុខ​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា បាន​បន្ត​អំពាវនាវ​ជាថ្មី​ពី​ខេត្តព្រៃវែង ឲ្យ​អភិបាលខេត្ត​គ្រប់​ខេត្ត រួម​និង​មន្ទីរ​ធនធានទឹក​បង្កើន​ការយកចិត្ត​ដាក់​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​ជូន​ប្រជាពលរដ្ឋ​រហូតដល់​ពេល​មាន​ភ្លៀង​ធ្លាក់​មកវិញ​។​

​នៅក្នុង​ពិធី​កាត់​ឬ​សីមា​ព្រះវិហារ នៅ​វត្ត​ពាន​រោង ក្នុងភូមិ​ព្រៃ​ជ្រាំង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​កន្លែង​ខ្លះ​ត្រពាំង​បឹងបួរ​រីង​អស់​ទៅហើយ កន្លែង​ស្តុក​ទឹក​រីង​អស់​ទៅហើយ ទាមទារ​ឲ្យ​មានការ​សិក្សា​ដោះស្រាយ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ រហូត​ទៅដល់​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​។​

​សម្តេច​តេ​ជោ បានបញ្ជាក់​ដូច្នេះ «​កន្លែង​ណា​មាន​ប្រភពទឹក ហើយ​អាច​បូ​ប​បាន យើង​ត្រូវ​ប្រើ​ម៉ាស៊ីន​បូម​យក​បញ្ចូល​។ ចឹ​ង​អភិបាលខេត្ត ត្រូវ​ពិនិត្យ​បញ្ហា​ហ្នឹង ជាមួយ​មន្ទីរ​ធនធាន​ទឹក ហើយ​បើ​ចាំបាច់​ត្រូវ​ដោះស្រាយ​ពី​ក្រសួង​ធនធានទឹក​។ មិន​ថា​ខេត្តព្រៃវែង​មួយ​ទេ គឺ​គ្រប់​ខេត្ត​ទាំងអស់ យ៉ាងហោចណាស់​ឲ្យ​មានទឹក​ប្រើប្រាស់ កុំ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក ព្រោះ​តម្រូវការ​របស់​យើង​សម្រាប់​មនុស្ស​ផង សម្រាប់​សត្វ​ផង​»​។សម្តេច​តេ​ជោ បាន​បន្ថែមថា នេះ​គឺជា​ការគិតគូរ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ធ្លាប់បាន​ប្រកាស​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​តំបន់​ជនបទ ក៏ដូចជា​ប្រជាកសិករ​ឲ្យ​ធ្វើស្រែ​ប្រាំង​តែ​មួយដង​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំនេះ ដើម្បី​សន្សំសំចៃ​ទឹក​ទុក​ប្រើប្រាស់ ដោយសារតែ​កម្ពុជា​ជួប​គ្រោះ​ក្តៅ​ខ្លាំង​ហើយ​អូសបន្លាយ រយៈពេល​យូរ​។ មកដល់​បច្ចុប្បន្ននេះ នៅ​តំបន់​មួយចំនួន​ក្នុង​ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋ​បាន​ជួប​គ្រោះ​ខ្វះ​ទឹក​ប្រើប្រាស់ តែ​ក៏​ត្រូវបាន​អាជ្ញាធរ​ដាក់ចេញ​វិធាន​ការដឹក​ទឹក​ជូន​ពួកគេ​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20645827

  • ថ្ងៃនេះ2981
  • ម្សិលមិញ5781
  • សប្តាហ៍នេះ8771
  • ខែនេះ203371
  • ឆ្នាំនេះ203371
  • សរុប20645827