ត្បូងឃ្មុំ ៖ រហូតមដល់ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ប្រុសសហាយឈ្មោះ នង សើ ហៅសាល អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រះអណ្តូង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ដែលបានរួមគំនិតជាមួយនឹងស្រីស្នេហ៏ឈ្មោះ ឡាយ ថារី អាយុ១៨ឆ្នាំ ព្រួតគ្នាសម្លាប់ប្តីដោយកាប់ជាច្រើនកន្លែងរួចបានបំភាន់ថា ជាគ្រោះថ្នាក់ចរាចរណ៏នោះ មិនទាន់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាននូវឡើយទេ ។គួររំលឹកថា ទីផុត ជនសង្ស័យជាប្រពន្ធបានសារភាពហើយ។
មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ក្រោយពីទទួលបានបញ្ជារបស់លោកឧត្តមត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានបើកកិច្ចសហការជាមួយ នគរបាលស្រុកពញាក្រែក ព្រមទាំងនគរបាលស្រុកត្បូងឃ្មុំ បើកការស្រាវជ្រាវជាថ្មីលើករណីមនុស្សឃាតដោយចេតនា ត្រង់ចំណុចផ្លូវលំមួយនៅចំងាយ២០០ម៉ែត្រទៀតដល់ភូមិជាំធ្លក ឃុំពពេល ស្រុកពញាក្រែក កាលពីយប់រំលងអាធ្រាត្រថ្ងៃទី៤មេសា ឈានចូលព្រឹកថ្ងៃទី៥មេសា បណ្តាលឲ្យប្តីឈ្មោះ ជួន សុភាព អាយុ២៤ឆ្នាំ ស្លាប់ ចំណែកប្រពន្ធឈ្មោះ ឡាយ ថារី សន្លប់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យពញាក្រែក ។ សង្ស័យស្នេហាត្រីកោណ ប្រពន្ធសម្លាប់ប្តីបំភាន់ថាគ្រោះថ្នាក់ចរាចរណ៍។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា ដោយមានពាក្យបណ្តឹងពីលោក ម៉ែន សុខេង ឪពុករបស់ឈ្មោះ ជួន សុភាព នៅថ្ងៃទី៦មេសា ដែលសង្ស័យថា កូនប្រុសរបស់គាត់គឺមិនបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះទេ ដែលអាចកើតឡើងដោយភាពមិនប្រក្រតីណាមួយ ។ ទីបំផុតកូនប្រសារស្រីឈ្មោះ ថារី ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៩មេសា ដំបូងមិនបានឆ្លើយសារភាពនោះទេ ប៉ុន្តែក្រោយមកទៀតទើបបានឆ្លើយសារភាពពីទោសកំហុសដែលបានកើតឡើងឲ្យ ដឹងថា ក្រោយពីរៀបការបាន១ថ្ងៃក៏បាននាំគ្នាជិះម៉ូតូដើរលេងជាមួយប្តី ក្នុងពេលដែលមកដល់ផ្សារសួង រកទិញខោអាវគូស្នេហ៍នៅគ្រប់ហាងមិនមានលក់នោះទេ រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃទី៤មេសា រូបនាងនិងប្តីឈ្មោះ សុភាព មកទិញរានម៉ូតូ១តំលៃ១៥០០០រៀល ហើយក៏បានបន្តនាំគ្នាជិះមកលេងត្រង់កន្លែងលក់សាច់ក្លែមនៅភូមិ បទទន្លា ដោយនាងផឹកស្រាបៀរអស់៦កំប៉ុង ផឹកបណ្តើរប្តីបានទូរស័ព្ទនិយាយទៅមិត្តភក្តិនៅប្រទេសថៃបណ្ដើរ ។ រួចក៏មកហូបការ៉េមអស់២កែវជាមួយនិងប្តីនៅហាងបៃតង រហូតដល់វេលាម៉ោងប្រហែល៩យប់បាននាំគ្នាហូបស៊ុបនៅហាង១៦៨នៅ ផ្សារស្ទឹង ក្នុងពេលដែលបម្រុងឆ្លងថ្នល់ក៏បានជួបនឹងប្រុសស្នេហ៏ឈ្មោះ សាល អាយុ២១ឆ្នាំ នៅភូមិព្រះអណ្តូង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក គឺបានរួមផឹកស៊ីជាមួយគ្នាដែរ ដោយផឹកស្រាបៀរអស់១៨កំប៉ុង ។ រហូតដល់ម៉ោងជាង១១យប់ទៅហើយនោះហាងបានបិទ ហើយពួកគេទាំង៣នាក់បានបបួលគ្នាទៅផឹកនៅក្លឹបផ្កាយពេជ្ររហូត ដល់ម៉ោងប្រហែល១២យប់ ដោយបានផឹកស្រាបៀរអស់៣ថូ និងសណ្តែកដីលីងមួយចាន អស់លុយ៦២០០០រៀល ។
បន្ទាប់មកក៏បានបបួលគ្នាមកផ្ទះវិញ ដោយឈ្មោះ សាល ជាអ្នកឌុបប្តីនាងរហូតមកដល់ត្រង់ភូមិថ្មី ស្របពេលដែលនាងជិះហួសបានប្រហែល៥០០ម៉ែត្រ លុះពេលដែលក្រឡេកមកក្រោយក៏បានឃើញម៉ូតូប្តីជិះបានដួលទៅលើដី ក្នុងពេលនោះនាងបានជួយលើកប្តីក៏ត្រូវបានឈ្មោះ សាល និយាយថា «អូនឯង ! យកបងឬមួយក៏យកប្តី បើសិនជាអូនទៅថៃនោះក៏មិនរួចខ្លួនដែរ» មិនតែប៉ុណ្ណោះឈ្មោះសាល បានគំរាមអារ.កនាងសម្លាប់ចោលថែមទៀត ។ ក្នុងពេលដែលនាងបានលើកប្តីឡើងនោះ មានឈាមជាច្រើនបានហូរ ដោយខ្លាចប្រុសស្នេហ៍នោះអារ.កផងក៏បានជិះម៉ូតូបន្តទៅមុខទៀត នាយប់អធ្រាត្រប្តីនាងត្រូវបានឈ្មោះ សាល កាប់ញាប់ដៃលើរាងកាយបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ហើយថែមទាំងបានគំរាមថា ប្រសិនបើយករឿងនេះទៅប្រាប់គេនោះនឹងត្រូវសម្លាប់មួយពូជហើយ ។ រួចក៏ប្រលយពាក្យថា អូនឯងបានមកបងហើយ ! បន្ទាប់មកនាងបានធ្វើពុតជាសន្លប់នៅក្បែរនឹងសពប្តី ចំណែកប្រុសស្នេហ៍បានជិះម៉ូតូចេញទៅបាត់ ។ម្យ៉ាងទៀត នៅពេលមុនរៀបការ១៤ថ្ងៃ ប្រុសស្នេហ៍បានគំរាមថាប្រសិនបើហ៊ានរៀបការនោះ និងមានអ្នកស្លាប់មិនខាន ។
សមត្ថកិច្ចបញ្ជាក់ថា រហូតមកដល់ល្ងាចថ្ងៃទី១០មេសា លោក ផុន វណ្ណា ចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឡាយ ថារី ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិជាំធ្លក ឃុំពពេល ស្រុកពញាក្រែក ពីបទមនុស្សឃាតគិតទុកជាមុន ប្រព្រឹត្តនៅភូមជាំធ្លក ឃុំពពេល ស្រុកពញាក្រែក កាលពីថ្ងៃទី៤មេសា ដោយបទល្មើសមានចែង និងផ្តន្ទាទោសតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ និងបាននាំទៅដាក់នៅពន្ធនាគារខេត្តរួចរាល់ហើយដែរ ។
សមត្ថកិច្ចបាននិយាយថា ប្រុសសហាយនោះបានរត់គេចខ្លួនមកកាន់ស្រុកមេមត់ និងបានល្បីថា គេចខ្លួនបន្តទៅខេត្តស្ទឹងត្រែងឯណោះ ដោយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសលោកស្នងការនគរបាលខេត្តត្បូងឃ្មុំ កំពុងឲ្យកម្លាំងតាមប្រមាញ់ហើយទំនងជននោះមិនអាចរត់គេចផុតពី សំណាញ់ច្បាប់បាននោះទេ ទោះបីជាមានស្លាបហើរដល់ទីណាក៏មិនរួចដែរ ៕