បន្ទាយមានជ័យ៖ ទឹកស្ទឹងសិរីសោភ័ណ រីងស្ងួតហួតហែង ធ្លាក់ដល់ចំណុចដែលត្រូវប្រកាសអាសន្ន និងបង្ករឲ្យមានក្តីព្រួយបារម្ភជាខ្លាំង ជាពិសេស គឺចំពោះប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោរភ័ណនេះតែម្តង នេះបើតាមការចុះត្រួតពិនិត្យជាក់ស្តែង នៅទីតាំងបូមទឹកស្ទឹងសម្រាប់ស្តុកទុក របស់ក្រុមហ៊ុន ទឹកស្អាត ឃុនអភិវឌ្ឍន៍ ដែលការចុះពិនិត្យនេះ ធ្វើឡើងដោយក្រុមការងារទឹកស្អាត និង មានការចូលរួមពីឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យផងដែរ កាលពីរសៀល ថ្ងៃទី១៩ ខែមេសានេះ ។
បន្ទាប់ពីចុះពិនិត្យជាក់ស្តែង ជាមួយក្រុមហ៊ុនទឹកស្អាត កាលពីរសៀលនេះរួចមក ឃើញថា ទឹកស្ទឹងសិរីសោភ័ណ មានសភាពរីងស្ងួត ដីប្រេះបែកក្រហែង រហូតគោកដាច់ផ្លូវទឹកជាច្រើនកន្លែង ស្ទើរគ្មានសល់ ។ បើសិនជាអាកាសធាតុនៅតែបន្តក្តៅខ្លាំង និងរាំងស្ងួត គ្មានភ្លៀងធ្លាក់ទេនោះ ខេត្តបន្ទាយមានជ័យ ជាពិសេសក្រុងសិរីសោភ័ណ នឹងជួបគ្រោះអាសន្នខ្វះទឹកប្រើប្រាស់ជាក់ជាមិនខាន ។
ដើម្បីដោះស្រាយ វិបត្តិខ្វះទឹកដ៏គួរអោយព្រួយបារម្ភមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជា ប្រធានក្រុមការងារថ្នាក់ជាតិ បានស្នើដល់ក្រុមហ៊ុន ទឹកស្អាត ត្រូវរកម៉ាស៊ីនបូមទឹកពីផ្នែកខាងក្រោមនៃស្ទឹង និងសូមឲ្យក្រុមហ៊ុន កាយស្ទឹងឲ្យបានជ្រៅជាងនេះ និងជីកស្រះដើម្បីទប់ទឹកពេលរដូវវស្សា ម្យ៉ាងទៀតខេត្ត នឹងធ្វើការស្នើបង្ហូរទឹក ពីខេត្តបាត់ដំបង មកចូលក្រុងសិរីសោភ័ណ ក៏ដូចជាស្រុកមង្គលបូរីឲ្យបានប្រើប្រាស់ផង ។ ស្របពេលជាមួយគ្នានោះ លោកក៏បានសំណូមពរដល់ពលរដ្ឋ ត្រូវចេះប្រើប្រាស់សន្សំសំចៃ ឬរក្សាទឹកទុកដើម្បីការពារទៅថ្ងៃមុខ ។ លោកក៏បានបន្តថា មិនមែនតែខេត្តបន្ទាយមានជ័យនោះទេ ដែលជួយគ្រោះរាំងស្ងួត ខ្វះទឹកប្រើប្រាស់នេះ នៅខេត្តផ្សេងទៀតក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាងយើង ក៏សុទ្ធសឹងតែកំពុង ជួបនូវគ្រោះអាសន្ននេះដូចគ្នាផងដែរ បើតាមការប្រកាសរបស់ក្រសួងធនធានទឹក ៕