ភ្នំពេញ៖ កម្មករជាង ៤០០ នាក់នៃរោងចក្រដេហ្វាងហ្គាមែនដែលមានថៅកែជាជនជាតិកូរ៉េស្ថិតនៅសួន កាណាឌីយ៉ាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យកាលពីម្សិលមិញបាននាំគ្នាតវ៉ានៅមុខរោងចក្រទាមទារ ប្រាក់ខែនៅពេលដឹងថាថៅកែរោងចក្ររត់ចោល។
លោក ជុំ បីត អនុប្រធានសហព័ន្ធសហជីពសន្តិភាពដើម្បីកម្មករបានឲ្យដឹងថា កម្មករសរុប ៤២០ នាក់ដែលមានទីតាំងនៅក្នុងសួនកាណាឌីយ៉ាអគារ ២៨ និង ២៩ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅបានទាមទារឲ្យក្រុមហ៊ុនទូទាត់ប្រាក់ទៅតាមការងារ ជាក់ស្តែងក្រោយពីថៅកែរត់ចោលដោយនាំគ្នាលើកបដាអំពាវនាវសូមឲ្យសម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាជួយអន្តរាគមន៍។
លោកថា មុនចូលឆ្នាំកម្មករតវ៉ាពីរដងមកហើយ ហើយក្រោយពីចូលឆ្នាំមួយថ្ងៃពួកគេនាំគ្នាតវ៉ាទាមទារប្រាក់ខែ ក្នុងខែមីនាដែលមិនទាន់បានបើកនៅឡើយរហូតមកទល់ពេលនេះ។ លោកបានបញ្ជាក់៖ «ថៅកែរោងចក្ររត់ចោលមិនដឹងរឿងអីប្រហែលគ្មានការងារឲ្យកម្មករធ្វើហើយមិនទូទាត់លុយឲ្យកម្មករ»។
កម្មការិនី ចាន់ ថា ឲ្យដឹងថាកម្មករគ្មានប្រាក់ទៅចូលឆ្នាំទេព្រោះថៅកែមិនបើកប្រាក់ ខែខែមីនាឲ្យ។ កម្មការិនីរូបនេះនិយាយថា៖ «កម្មករនាំគ្នាភ័យស្លន់ស្លោក្រោយដឹងថាថៅកែរត់ចោល»។
តំណាងក្រុមហ៊ុនម្នាក់ស្នើសុំមិនបញ្ចេញឈ្មោះថ្លែងថា៖ «ថៅកែជនជាតិកូរ៉េបានរត់ចោលហើយយើងមិនអាចទំនាក់ទំនងទៅគាត់បាន យើងគ្មានប្រាក់បើកឲ្យកម្មករទេបច្ចុប្បន្នករណីនេះត្រូវបានបញ្ជូន ទៅក្រសួងការងារដោះស្រាយ»៕