ខារ៉ាអូខេ New Star រង​ការ​រិះគន់ថា ធ្វើឱ្យ​អាប់ឱន​វប្បធម៌​ខ្មែរ រឿង​អនុញ្ញាតឱ្យ​រាំ​របាំ​ជូនពរ នៅក្នុង​បន្ទប់​ច្រៀង​

22-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ New Star ជា​ខារ៉ាអូខេ​ដែល​បុរសៗ​ចូលចិត្ត​ទៅ​កម្សាន្ត​ពេលយប់ ដោយសារ​តែមាន​នារី​ក្មេងៗ​កំដរ​ច្រើន​នោះ កំពុង​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ក្លា​ពី​មហាជន ជាពិសេស​លើ​បណ្តាញ​សង្គម Facebook រឿង​ដែល​ម្ចាស់​ខារ៉ាអូខេ​នេះ អនុញ្ញាតឱ្យ​មានការ​រាំ​របាំ​ជូនពរ ដែលជា​របាំ​ប្រពៃណី​ដ៏​ផូ​ផង់​របស់​ខ្មែរ កំដរ​ភ្ញៀវ​នៅក្នុង​បន្ទប់​ច្រៀង​។​​ក្រុមអ្នកលេង Facebook បាននាំគ្នា​រិះគន់ថា ខារ៉ាអូខេ New Star សម្រាប់​ការកម្សាន្ត​ពេល​រាត្រី​នេះ កំពុង​បំផ្លាញ​ប្រពៃណី​ដ៏​ផូរផង​របស់​ខ្មែរ ជាពិសេស​របាំ​ជូនពរ ដែលជា​សិល្បៈ​វប្បធម៌​ល្អ​ប្រពៃ​មួយ តែង​ត្រូវ​បានរៀបចំ​តែ​សម្រាប់​ទទួល​ស្វាគមន៍​ថ្នាក់ដឹកនាំ​ធំៗ ក៏ដូចជា​ពិធី​ប្រពៃណី​ផ្សេងៗ​។​

​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ថៃ នរៈ​សត្យា បាន​ចាត់ទុកថា ការយក​របាំ​ជូនពរ​ទៅ​សម្តែង​ក្នុង​បន្ទប់​ខារ៉ាអូខេ គឺជា​អំពើ​ខុសឆ្គង​របស់​ម្ចាស់​ខារ៉ាអូខេ និង អ្នកដឹកនាំ​ការសម្តែង ដែល​ធ្វើឱ្យ​អាប់ឱន​ដល់​សិល្បៈ​វប្បធម៌​ខ្មែរ​។ លោក​លើកឡើងថា «​ខ្ញុំ​គិតថា វា​បានធ្វើឱ្យ​ស្រអាប់​ទៅដល់​កេរ្តិ៍ឈ្មោះ ទៅដល់​អ្វីដែល​យើង​នាំគ្នា​គោរព​ព្រោះថា យើង​ជា​ខ្មែរ ត្រូវតែ​ថែរក្សា​វប្បធម៌​ជាតិ ទាំង​រូបិយ៍ និង​អ​រូបិយ៍​»​។​
​លោក នរៈ​សត្យា បាន​បន្ថែមថា «​ការដែល​យើង​យកទៅ​សម្តែង ក៏​យើង​ត្រូវ​ចេះ​រើស​កន្លែង​ដែល​សំដែង​ដែរ មិនមែន​ដោយសារតែ​មូលហេតុ​សេដ្ឋកិច្ច មូលហេតុ​ថវិកា ឬ​ដើម្បី​លុយ យើង​ចេះតែ​យក​សិល្បៈ​វប្បធម៌​ជាតិ ដែលមាន​តម្លៃ​ផូរផង់​របស់​ខ្មែរ យកទៅ​សម្តែង​ទេ អញ្ចឹង​វា​មិនមែនជា ការផ្សព្វផ្សាយ​ទេ តែ​ជាការ​យកទៅ​បន្ថោក ជាន់ឈ្លី សិល្បៈ​វប្បធម៌​ជាតិ​កម្ពុជា​»​។​
​សូមបញ្ជាក់ថា នា​ថ្មីៗ​នេះ បណ្តាញ​សង្គម Facebook បាន​ចែកចាយ​បន្ត​គ្នា​អំពី​វីដេអូ​រាំ​របាំ​ជូនពរ នៅក្នុង​បន្ទប់​ច្រៀង​ដែល​គេ​អះអាងថា ធ្វើឡើង​នៅក្នុង​ខារ៉ាអូខេ New Star​។ នៅក្នុង​វីដេអូ​ឃ្លី​ប មាន​រយៈពេល ១​នាទី និង​២៧​វិនាទី​នោះ បាន​បង្ហាញថា មាន​អ្នករបាំ​ជូនពរ​៤-៥​នាក់ បាន​រាំ កំដរ​ក្រុម​អ្នក​ទៅ​កម្សាន្ត​នៅក្នុង​ខារ៉ាអូខេ​នោះ មាន​ទាំង​ជនជាតិខ្មែរ និង​បរទេស ដោយមាន​ទាំង​នារី​កំដរ​ផងដែរ ។ មជ្ឈដ្ឋាន​មួយចំនួន បានទាមទារ​ឱ្យ​ក្រសួង​មាន​សមត្ថកិច្ច​មាន​វិធានការ ចំពោះ​កំហុសឆ្គង​នៅក្នុង​ខារ៉ាអូខេ​ខាងលើ ដើម្បី​ការពារ​សិល្បៈ​វប្បធម៌​ខ្មែរ​។​
​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ បាន​អះអាងថា ក្រសួង​កំពុង​ពិនិត្យមើល​ករណីនេះ​យ៉ាង​យកចិត្តទុកដាក់ ហើយ​ថា​ក្រសួង​អាច​នឹងមាន​វិធានការ ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ឈានទៅរក​ការបញ្ឈប់​ឱ្យមាន​ការ​រាំ​របាំ​ប្រពៃណី​បែបនេះ នៅក្នុង​បន្ទប់​ខារ៉ាអូខេ តទៅទៀត​៕

ចំនួនអ្នកទស្សនា

    20648717

  • ថ្ងៃនេះ1901
  • ម្សិលមិញ3961
  • សប្តាហ៍នេះ11661
  • ខែនេះ206261
  • ឆ្នាំនេះ206261
  • សរុប20648717