ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបឡើងកាន់តំណែង គ្រោងស្នើសុំរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ចិញ្ចឹមត្រីឆ្តោរឡើងវិញ ដើម្បីកាត់បន្ថយការនាំចូលត្រីមកពីក្រៅប្រទេស និង ធ្វើឲ្យសេដ្ឋកិច្ចប្រជាពលរដ្ឋមានភាពល្អប្រសើរជាងមុន។
ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងបង្ហាញពីគម្រោងស្នើសុំរាជរដ្ឋាភិបាលឲ្យប្រជាពលរដ្ឋ ចិញ្ចឹមត្រីឆ្តោរឡើងវិញនេះ ក្នុងឱកាសដែលរូប លោកចូលរួមសំណេះសំណាលជាមួយមន្ត្រីមន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលព្រៃឈើនិងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបនៅព្រឹកថ្ងៃ ទី២០ ខែមេសា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានចេញសារាចរណ៍ហាមប្រាមមិនឲ្យ ប្រជាពលរដ្ឋខ្មែរចិញ្ចឹមត្រីឆ្តោនោះឡើយ ដោយមានហេតុផលថា ការចិញ្ចឹមត្រីឆ្តោនេះ នាំឲ្យមានការចាប់កូនត្រីតូចយកទៅធ្វើជាចំណីត្រីឆ្តោ ដែលជាបំផ្លាញធនធានត្រីក្នុងទឹកសាប។
ឆ្លើយតបបញ្ហានេះ ឯកឧត្តម វេង សាខុន បានពន្យល់ថា ការចិញ្ចឹមត្រីឆ្តោរ មិនរំពឹងទៅលើចំណីជាកូនត្រីនោះទេ គឺត្រូវចេះធ្វើចំណីឲ្យត្រី ឆ្តោស៊ី។ លោកបន្តថា ប្រទេសគេអាចធ្វើបាន ដូច្នេះកម្ពុជា ក៏អាចធ្វើបានដែរ៕